ភ្នំពេញៈ តម្លៃ​ដំឡូងមី​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា និង​ប្រទេសជិតខាង​នា​រដូវ​ប្រមូលផល​ឆ្នាំ​ ២០២០-២០២១ នេះ​បាន​កើនឡើង​ដែល​ជះ​ឥទ្ធិពល​ពី​ការធ្លាក់ចុះ​នៃ​បរិមាណ​ផ្គត់ផ្គង់​ធៀប​នឹង​រដូវកាល​កន្លងមក​។ នេះ​បើតាម​ប្រធាន​មន្ទីរពាណិជ្ជកម្ម​យ៉ាងហោច ២ នៃ​ខេត្ត​ជាប់​ព្រំដែន​។

លោក គឹម ហួត ប្រធាន​មន្ទីរពាណិជ្ជកម្ម​ខេត្តបាត់ដំបង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការនាំចេញ​ដំឡូងមី​ក្នុង​ខែមករា និង​កុម្ភៈ​កន្លងមក​ទៅកាន់​ទីផ្សារ​ប្រទេស​ថៃ​បាន​ប្រមាណ​ ១០ ​ម៉ឺន​តោន ជាមួយ​តម្លៃ​ប្រសើរ​ជាង​រដូវកាល​កន្លងមក​។

លោក​អះអាងថា នៅ​ដើម​ឆ្នាំនេះ​ដំឡូងមី​មានតម្លៃ​ល្អ​ជាង​ឆ្នាំមុន ដោយ​ដំឡូង​មី​ស្ងួត​មាន​តម្លៃ ៨៧០ ​រៀល​ក្នុង ១ ​គីឡូក្រាម បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ពី​ឆ្នាំមុន​តម្លៃ​កើន ២០០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម​។ ទិន្នផល​ដំឡូងមី​ខេត្តបាត់ដំបង​ប្រមាណ ៨០ ​ភាគរយ​ត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេស​ថៃ​។

លោក​ប្រាប់ថា​៖ «​គ្រោះ​ទឹកជំនន់​នាពេល​កន្លងមក​បាន​នាំឱ្យ​ទិន្នផល​ដំឡូងមី​ធ្លាក់ចុះ និង​ធ្វើឱ្យ​ដំឡូងមី​មាន​ទីផ្សារ និង​តម្លៃ​ល្អប្រសើរ​នៅ​ឆ្នាំនេះ​»​។

យោងតាម​ក្រសួងកសិកម្ម​កាលពី​ថ្ងៃទី​ ៤ ខែមីនា កម្ពុជា​បាន​នាំចេញ​ដំឡូងមី​ក្រៀម​ចំនួន ៤ ២០០ ​តោន​ទៅកាន់​ប្រទេស​ថៃ​តាម​ច្រក​អន្តរជាតិ​ភ្នំ​ដី នៃ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដោយមាន​តម្លៃ ៨០ ​ម៉ឺន​រៀល​ (២០០ ​ដុល្លារ​) ​ក្នុង​ ១ ​តោន​។

ដំឡូងមី​ត្រូវបាន​គេ​ចាប់ផ្តើម​ដាំ​ក្នុង​ខែឧសភា និង​ចាប់ផ្តើម​ប្រមូលផល​បន្តបន្ទាប់​ចាប់ពី​ខែវិច្ឆិកា​រហូតដល់​ចុងខែ​កុម្ភៈ​ក្នុង​ឆ្នាំ​បន្ទាប់​។

លោក តូច សុខន ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ត្បូងឃ្មុំ​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម​បាន​ឱ្យដឹងថា ក្នុង​ខេត្ត​ត្បូងឃ្មុំ ដំឡូងមី​ស្រស់​នាពេល​បច្ចុប្បន្ន​មានតម្លៃ​ពី ៥០០ ទៅ ៦០០ រៀល ដែល​ហក់​ឡើង​ពី​ចន្លោះ​ជាង​ ២០០ ​ទៅ​ ៣៦០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម​ក្នុង​រដូវកាល​នៃ​ឆ្នាំមុន ហើយ​បច្ចុប្បន្ន​ដំឡូងមី​ស្ងួត​មានតម្លៃ ៩០០ ​រៀល​ក្នុង ១ ​គីឡូក្រាម​ដែល​នេះ​ជា​តម្លៃ​លក់​នៅ​ច្រកព្រំដែន​។

លោក​បន្តថា លំហូរ​ពាណិជ្ជកម្ម​តាម​ព្រំដែន​កំពុង​មមាញឹក​ខ្លាំង​នា​រដូវ​ប្រមូលផល​ដែល​ជា​មធ្យម​មាន​ឡាន​ដឹក​ដំឡូងមី​ទៅ​លក់​នៅ​ព្រំដែន​វៀតណាម​ប្រមាណ​ ១០០ ​គ្រឿងក្នុង​ ១ ​ថ្ងៃ​។

លោក សុខន បានឱ្យដឹងថា​៖ «​តម្លៃ​ដំឡូងមី​នៅ​ឆ្នាំនេះ​កើន​ខ្ពស់​ដោយសារ​ការប្រមូលផល​ទាប​ជាង​ឆ្នាំមុន ហើយ​ម្យ៉ាង​​ផ្ទៃដី​ដាំ​ដុះ​ក៏​ថយចុះ ដែល​នាំឱ្យមាន​តម្រូវការ​ខ្ពស់​»​។

លោក វ៉ាន សំណាង កសិករ​ដាំដុះ​ដំឡូងមី​ក្នុង​ឃុំ​ទំរីង ស្រុក សណ្តាន់ ក្នុង​ខេត្តកំពង់ធំ បាន​ឱ្យ​ដឹងថា លោក​បញ្ចប់​ការប្រមូលផល​ពី​សប្តាហ៍​មុន ដោយបាន​ប្រហែល​ ១០ ​តោន​លើដី​ ១០ ​ហិកតា​។ លោក​បាន​កត់សម្គាល់ថា តម្លៃ​ដំឡូងមី​ស្រស់​ឡើងជា​បន្តបន្ទាប់ ដោយ​កាលពី​ខែមករា លក់​ក្នុងតម្លៃ​ ៣០០ រៀល​ក្នុង​ ១ ​គីឡូក្រាម ហើយ​បន្ត​ឡើង​រហូតដល់ ៤៩០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម​កាលពី​ខែ​មុន​។

លោក​និយាយថា​៖«​ខ្ញុំ​មើលឃើញថា ឆ្នាំនេះ​ទីផ្សារ​ដំឡូងមី​ល្អ ប៉ុន្តែ​ទិន្នផល​ដែល​ខ្ញុំ​ប្រមូលបាន​ទាប​ជាង​ឆ្នាំមុន​»​។

យោងតាម​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម កម្ពុជា​បាន​នាំចេញ​ដំឡូង​មី​ក្នុង​រយៈ​ពី ២ ​ខែ​ដើម​ឆ្នាំនេះ ចំនួន ៩៥៧ ២០១,៥៦ ​តោន​ក្នុងនោះ​ដំឡូងមី​ស្រស់ ១៥៤ ៧៥០ ​តោន​។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នូវ​គោលនយោបាយ​ជាតិ​ស្តីពី​ដំឡូងមី​កាលពីមុន​ថា ដំណាំ​ដំឡូងមី​គឺជា​ដំណាំ​កសិឧស្សាហកម្ម និង​ជា​ផលិតផល​នាំចេញ​ដ៏សំខាន់​របស់​កម្ពុជា​ដែល​បានរួម​ចំណែក​ពី ៣ ​ទៅ ៤ ​ភាគរយ​នៃ GDP និង​ក្នុង ១ ​ឆ្នាំៗ​៕ LA