ភ្នំពេញៈ ក្រុមហ៊ុន​ផ្សារ​មូល​បត្រ​កម្ពុជា (ផ.ម.ក) បាន​សម្រេច​ជា​គោលការណ៍​លើក​ពាក្យ​ស្នើ​សុំ​ពិនិត្យ​លទ្ធភាព​អាច​ចុះបញ្ជី​លក់​មូល​បត្រកម្ម​សិទ្ធិ​នៅ​ទីផ្សារ​កំណើន​របស់​ក្រុមហ៊ុន​ ឌី ប៊ី ឌី អ៊ិន​ជីនារីង ម.ក.។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ ផ.ម.ក បាន​ផ្សាយ​កាល​ពី​ថ្ងៃទី​ ៨ ខែ​មេសា។

សេចក្តីជូន​ដំណឹង​ ឲ្យ​ដឹង​ទៀតថា ដើម្បី​អាច​ចុះ​បញ្ជី​ និង​ដាក់ឲ្យ​ជួញ​ដូរ​ភាគហ៊ុន​របស់​ខ្លួន​នៅ ផ.ម.ក ក្រុម​ហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ត្រូវ​តែ​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​បោះ​ផ្សាយ​លក់​មូល​បត្រកម្ម​សិទ្ធិ​ជា​សាធារណៈ​ពី​និយ័ត​ករ​មូលបត្រ​កម្ពុជា និង​ត្រូវ​បំពេញនូវ​លក្ខខណ្ឌ​ផ្សេងៗ​មួយ​ចំនួន​ទៀត​ពាក់​ព័ន្ធ​នឹង​ការ​ចុះ​បញ្ជី​នៅ ផ.ម.ក។

សេចក្តីជូន​ដំណឹង​បន្ត​ថា ក្រុម​ហ៊ុននេះ ​គឺជា​ក្រុមហ៊ុន​ទី​១ ដែល​ទទួល​បាន​ឯកភាព​លើ​ពាក្យ​ស្នើ​សុំ​ពិនិត្យ​លទ្ធភាព​អាច​ចុះ​បញ្ជី​លក់​មូល​បត្រ​កម្ម​សិទ្ធិ​នៅទីផ្សារ​កំណើន​របស់​ ផ.ម.ក ហើយ​ក៍ជា​ក្រុមហ៊ុន​ទី​១ ដែល​រំពឹង​ថា​នឹង​ចុះ​បញ្ជី​លក់​មូលបត្រ​កម្ម​សិទ្ធិ​ក្នុង​ឆ្នាំ ២០២១ នេះ។

សេចក្តីជូន​ដំណឹង​បញ្ជាក់​ថា៖ «ក្រុម​ហ៊ុន ឌី ប៊ី ឌី អ៊ិន​ជីនារីង បាន​ប្រតិបត្តិការ​ធុរកិច្ច​របស់​ខ្លួនជាង ២ ទសវត្ស​កន្លង​មក​ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​ក្នុង​វិស័យ​វិស្វកម្ម​ និង ​សំណង​ដោយ​ផ្តោតលើផ្តល់​សេវាកម្ម​ផ្នែក ​មេកានិច អគ្គិសនី ប្រព័ន្ធ​បំពង់ទឹក​ និង​សំណង​ស៊ីវិល ​ទៅ​ដល់​អតិថិជន​ធំៗ​ជា​ច្រើន​នៅ​កម្ពុជា»។

សេចក្តីជូន​ដំណឹង​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ជាមួយ​គ្នានេះ ផ.ម.ក​ ក៏បាន​សម្រេច​លើក​លែង​ការ​យក​ថ្លៃ​សេវា​ទៅ​លើ​ការ​ពិនិត្យ​លទ្ធភាព​អាច​ចុះ​បញ្ជី​ និង​ថ្លៃ​សេវា​ចុះ​បញ្ជី​លក់​មូល​បត្រ​កម្ម​សិទ្ធិ​លើក​ដំបូង​ដល់​ក្រុមហ៊ុន​ ឌី ប៊ី ឌី អ៊ិន​ជីនារីង ដែល​ជា​សកម្ម​ភាពមួយ​ដើម្បី​ចូល​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ជួយ​ជំរុញ និង​គាំទ្រ​ដល់​សហគ្រាស​ធុនតូច​ និង​មធ្យម​ឲ្យកាន់​តែ​រីក​ចម្រើន​​ និង​អាច​ឈាន​ដល់​ការ​ប្រកួត​ប្រជែង​ជាមួយ​ក្រុមហ៊ុន​នៅក្នុង​តំបន់៕