ភ្នំពេញ៖ តម្រូវ​ការ​ថាមពល​អគ្គិសនី​នៅ​មិន​ទាន់​មាន​សន្ទុះ​ឡើង​វិញ​នោះ​ទេ បើ​ទោះ​ជា​រោងចក្រ សហគ្រាស​ដែល​មាន​ទីតាំង​នៅ​ក្នុង​តំបន់​លឿង​ភាគ​ច្រើន​ត្រូវ​បាន​ដំណើរការ​ឡើង​វិញ​ក៏​ដោយ។

សព្វថ្ងៃ រោងចក្រ​ជិត ១០០ បាន​ប្រតិបត្តិការ​ឡើង​វិញ បន្ទាប់​ពី​ផ្អាក​អាជីវកម្ម​មួយ​រយៈពេល​ខ្លី​ដោយសារ​វិធានការ​បិទ​ខ្ទប់​ក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ​របស់​រដ្ឋាភិបាល​នាពេល​កន្លង​មក។ នេះ​បើ​តាម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

លោក វិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល​ឲ្យ​ដឹង​ថា ថ្វី​ដ្បិត​រោងចក្រ សហគ្រាស និង​សណ្ឋាគារ​មួយ​ចំនួន​បាន​បើក​ប្រតិបត្តិការ​ឡើង​វិញ ប៉ុន្តែ​តម្រូវ​ការ​ថាមពល​អគ្គិសនី​នៅ​មិន​ទាន់​ងើប​ឡើង​ខ្ពស់​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ។

លោក ហ្សូនា ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា ដោយសារ​ការ​រីក​រាលដាល​ជំងឺ​កូវីដ ​១៩ នៅ​តែ​បន្ត​បាន​នាំ​តម្រូវការ​ថាមពល​អគ្គិសនី​ធ្លាក់ចុះ​មក​នៅ​ត្រឹម ១ ៧០០ មេហ្គាវ៉ាត់ពី ២ ០០០ មេហ្គាវ៉ាត់ កាល​ពី​ឆ្នាំ ២០១៩។

លោក ហ្សូនា បន្ថែម​ថា ដើម្បី​ធានា​ដល់​ការ​ផ្គត់ផ្គង់ និង​ការ​ប្រើប្រាស់​សមាមាត្រ​គ្នា និង​ឆ្លើយ​តប​នឹង​បញ្ហា​សេដ្ឋកិច្ច​រោងចក្រ​ថាមពល​ដើរ​ដោយ​ប្រេងខ្មៅ ៤០០ មេហ្គាវ៉ាត់​នៅ​ស្រុក​ល្វាឯម ខេត្ត​កណ្តាល អាច​នឹង​ផ្អាក​ដំណើរការ ហើយ​ទំបន់វារី​អគ្គិសនី​មួយ​ចំនួន​ទៀត​នឹង​មិន​ដំណើរ​គ្រប់​ធ័រប៊ីន​ភ្លើង​ទាំង​អស់​នោះទេ​ ប៉ុន្តែ​នៅ​ពេល​មាន​តម្រូវការ​ថាមពល​ពេញ​លេញ​រោងចក្រ​ទាំង​នោះ​នឹង​ប្រតិបត្តិការ​ឡើង​វិញ​ភ្លាមៗ។

លោក​ឲ្យ​ដឹង​ទៀត​ថា៖ «អគ្គិសនី​កម្ពុជា (EDC) មាន​មជ្ឈមណ្ឌល​បញ្ជា​ជាតិ​មួយ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស ដូច្នេះ​នៅ​ពេល​តម្រូវ​ការ​ធ្លាក់​ចុះ​គាត់​អាច​បញ្ជា​ឲ្យ​ស្ថានីថាម​ពលអគ្គសនី​របស់​ផ្នែក​ឯកជន​ផ្អាក​ដំណើរការ​សិន ដើម្បី​ឆ្លើយ​តប​តែ​តម្រូវការ​ដោយ​មិន​ផលិត​លើស​តម្រូវការ»។

អ្នក​នាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ ថ្លែង​នៅ​ក្នុង​វេទិកា​ពិសេស​នៅ​ទូរទស្សន៍​ជាតិ​កម្ពុជា​កាល​ពី​ថ្ងៃទី ៣ ខែ​ឧសភា​ថា រោងចក្រ​នៅ​ក្នុង​តំបន់​លឿង​ចំនួន ៩៥ រោងចក្រ បាន​បើក​ដំណើរការ​ឡើង​វិញ ដែល​មាន​កម្មករ​និយោជិត​ប្រហែល ៣០ ភាគរយ ស្មើ​នឹង១,៥ ម៉ឺន​នាក់ នៃ​កម្មករ​និយោជិត​សរុប​ត្រឡប់​មក​ធ្វើ​ការ​វិញ​ក្នុង​រោងចក្រ​ទាំង​នោះ។

អ្នកស្រី ម៉ៅ សុធា ស្ថាបនិក និង​នាយក​គ្រប់គ្រង​ក្រុមហ៊ុន អេស អេច អ៊ី អាក្រូខេម ខូ អិល ធី ឌី ដែល​ជា​ក្រុមហ៊ុន​នាំចេញ​ផលិតផល​កសិកម្ម កត់​សម្គាល់​ថា ក្នុង​អំឡុង​ពេល​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ការ​ផ្គត់ផ្គង់​ថាមពល​ហាក់​មាន​និរន្តរភាព។

អ្នកស្រី សុធា សង្កេត​ឃើញ​ថា៖ «ក្នុង​អំឡុង​ពេល​នេះ ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី គឺ​មិន​មាន​ការ​ដាច់​រអាក់រអួល​ខ្លាំង​ដូច​កាល​ពី​រដូវ​ប្រាំង​ឆ្នាំ​មុនៗ​នោះ​ទេ​ វា​ប្រហែល​មក​ពី​ក្រុមហ៊ុន​ និង​រោងចក្រ​មួយ​ចំនួន​បាន​បិទ​ទ្វារ ដែល​នាំ​ឲ្យ​ប្រើប្រាស់​ភ្លើង​ថយ​ចុះ។

អ្នកស្រី​ឲ្យ​ដឹង​ថា៖ «ថាមពល​មាន​តម្រូវការ​ចាំបាច់​ណាស់​សម្រាប់​រោងចក្រ សហគ្រាស​ដែល​ដំណើរការ​ដោយ​ក្នុង​ការ​ដំណើរការ​ចង្វាក់​ផលិតកម្ម​ដែល​មិន​អាច​ខ្វះ​បាន ផ្ទុយ​មក​វិញ​ប្រសិន​បើ​ការ​ប្រើប្រាស់​ភ្លើង​រអាក់រអួល​វា​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការ​ផលិត»។

យោង​តាម​សេចក្តី​សម្រេច​ចុះហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃទី ៣ ឧសភា បាន​សម្រេច​បញ្ចប់​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល ចាប់​ពី​ថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០២១ តទៅ ប៉ុន្តែ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខេត្ត​កណ្តាល​នឹង​ដាក់​ចេញ​វិធានការ​ចាំបាច់​ផ្សេង​ទៀត ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​ផ្នែក​ណា​មួយ​នៃ​ភូមិសាស្រ្ត​ទាំង​នេះ៕