ភ្នំពេញៈ ការចំណាយរបស់ប្រជាជនខ្មែរសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីចិន-វៀតណាម នៅឆ្នាំនេះត្រូវបានរំពឹងថានឹងមិនមានកំណើនច្រើននោះឡើយ ខណៈក្រុមអាជីវករលក់ទំនិញមួយចំនួនបានត្អូញត្អែរថា ការលក់មិនមានកំណើនដូចឆ្នាំមុនទេត្រឹមថ្ងៃម្សិលមិញ។
អាជីវករលក់ផ្កាអង្គាសីល ១ កន្លែង តាមបណ្តោយមហាវិថីហាណូយ អ្នកស្រី ចាន់ សំអាត បាននិយាយថា ការលក់ផ្កាអង្គាសីលក្នុងឆ្នាំនេះមិនសូវដាច់ទេ ដោយរយៈពេល ៤ ថ្ងៃកន្លងមកនេះការលក់បានធ្លាក់ចុះជាង ១០ ភាគរយ បើធៀបនឹងឆ្នាំទៅ។ អ្នកស្រីបានអះអាងថា៖ «តាមសម្ទុះនៃការលក់ ខ្ញុំគិតថាការលក់របស់ខ្ញុំនៅឆ្នាំនេះនឹងមិនមានកំណើនទេ ហើយអាចខាតបង់ទៀតផង»។
ជាមួយនឹងបទពិសោធលក់ផ្កាអង្គាសីលជិត ១០ ឆ្នាំ និងតែងទៅប្រមូលទិញដោយផ្ទាល់ពីប្រជាជនកាប់ដើមផ្កាអង្គាសីលនៅតំបន់ភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ អ្នកស្រី សំអាត បាននិយាយថាការលក់ផ្កាអង្គាសីលមិនសូវដាច់នៅពេលនេះអាចបណ្តាលមកពីកត្តាចម្បង ២ គឺជីវភាពប្រជាជន និងការកើនឡើងនៃចំនួនអ្នកលក់។
អ្នកស្រី ចក់ ស៊ីណា អ្នកលក់ផ្កាអង្គាសីលដែលស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី បាននិយាយថានេះជាឆ្នាំទី ២ ដែលគាត់លក់ដើមផ្កាអង្គាសីល។ ការលក់ក្នុងឆ្នាំនេះស្ងប់ស្ងាត់ណាស់ ទោះបីជាថ្ងៃបុណ្យចូលឆ្នាំថ្មីនៅសល់តែ ៣ ថ្ងៃទៀតក៏ដោយ។ លោកស្រីបន្តថា ការលក់ផ្កាអង្គាសីលឆ្នាំនេះមិនសូវទទួលបានប្រាក់ចំណេញទេ ហើយផ្កាអង្គាសីលឆ្នាំនេះក៏ឆាប់រីកដែរ។ អ្នកស្រីនិយាយថា៖ «លក់មិនសូវដាច់ហើយផ្កាក៏ឆាប់រីកលឿនមុនចូលឆ្នាំទៀត»។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានប្រាប់ថា តម្រូវការសាច់ជ្រូក មាន់ និងទានៅលើទីផ្សារក្នុងរយៈពេល ២-៣ ថ្ងៃចុងក្រោយនេះមិនមានសញ្ញាកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ទេ ពិសេសសាច់ជ្រូក។ លោកបន្តថាតម្រូវការសាច់ជ្រូកមានកំណើនទាបជាងគេ ព្រោះបច្ចុប្បន្នសាច់ជ្រូកមានតម្លៃខ្ពស់រហូតដល់ ២៥ ០០០ រៀលក្នុង ១ គីឡូក្រាម។ ចំណែកសត្វមាន់ និងទាអាចមានកំណើនខ្លះ។
លោកនិយាយថា៖ «តាមការព្យាករតម្រូវការសាច់ជ្រូក មាន់ និងទាក្នុងពិធីបុណ្យចូលឆ្នាំចិននេះនឹងមិនកើនច្រើនទេ ព្រោះតាមការសង្កេត ការចំណាយរបស់ប្រជាជនក៏មិនមានចំនួនច្រើនដែរ»។
លោក តាំង ម៉េងគា អ្នកចែកចាយបន្ត និងលក់សាច់ជ្រូកនៅផ្សារអូរឫស្សី បាននិយាយថាតម្លៃសាច់ជ្រូកខ្ពស់អាចជាមូលហេតុចម្បងដែលធ្វើឲ្យការលក់សាច់ជ្រូករបស់គាត់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាម មិនមានកំណើនខ្ពស់បើធៀបនឹងថ្ងៃធម្មតា។ លោកបន្តថា តម្លៃខ្ពស់នេះគឺមិនមែនទើបតែកើតមានក្នុងពេលថ្មីៗនេះទេ តែវាមានកើនឡើងចាប់តាំងពីមានការផ្ទុះជំងឺប៉េស្តអាហ្វ្រិកមកម្ល៉េះ។
បើតាមលោក ម៉េងគា គិតត្រឹមថ្ងៃអង្គារ ជ្រូករស់មានតម្លៃក្នុងរង្វង់ ១២ ០០០ រៀល ក្នុង ១ គីឡូក្រាម ចំណែកជ្រូកសាច់មានតម្លៃ ២២ ០០០-២៥ ០០០ រៀល។
ដោយសារប្រវត្តិសាស្ត្រ និងទំនៀមទម្លាប់ប្រជាជនខ្មែរមានការជាប់ទាក់ទងយ៉ាងច្រើនជាមួយជនជាតិចិននោះ ពិធីបុណ្យចូលឆ្នាំចិន-វៀតណាម តែងត្រូវបានប្រជាជនខ្មែរប្រារព្ធធ្វើជារៀងរាល់ឆ្នាំដូចគ្នាទៅនឹងប្រទេស ចិន ដែរ។ បុណ្យចូលឆ្នាំចិន-វៀតណាមឆ្នាំនេះនឹងចាប់ផ្តើមពីថ្ងៃទី ២៥-២៧ ខែមករាចុងសប្តាហ៍នេះ។
អ្នកស្រី សុខ ចាន់ ដែលមានជាប់សែស្រឡាយជនជាតិចិន រស់នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្កាមន បាននិយាយថា ចូលឆ្នាំចិនខាងមុខផ្ទះអ្នកស្រីមិនមានធ្វើពិធីអ្វីធំដុំនោះទេ ដោយគ្រាន់តែរៀបចំធ្វើម្ហូបដាក់សែនជីដូន ជីតាបន្តិចបន្តួចប៉ុណ្ណោះ។ ការរៀបចំសែនគឺធ្វើតាមទម្លាប់ដែលបានឃើញតពីម្តាយរបស់អ្នកស្រី។
អ្នកស្រីបានថ្លែងថា៖ «ខ្ញុំមិនធ្វើអ្វីច្រើនទេក្នុងឆ្នាំនេះ ព្រោះប្រាក់ចំណូលគឺមិនសម្បូរនោះទេ»៕LA