ភ្នំពេញ: កំណើន​នៃ​ការអភិវឌ្ឍ​វិស័យ​លំនៅឋាន​នៅ​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ បាន​ធ្វើឲ្យ​ធនាគារ​ជាច្រើន​បាននិង​កំពុង​ដាក់ចេញ​គោលនយោបាយ​អត្រា​ការប្រាក់​កាន់តែ​ទាក់ទាញ​សម្រាប់​អតិថិជន ខណៈ​តម្រូវការ​លំនៅឋាន​កាន់តែ​កើនឡើង​។

បច្ចុប្បន្ន​ការផ្តល់ជូន​អត្រា​ការប្រាក់​សម្រាប់​ទិញ​ផ្ទះ​បាន​ធ្លាក់​មក​នៅ​ចន្លោះ​ជា​មធ្យម​ពី​ជាង​ ៤ ​ភាគរយ​ ទៅ​ជាង​ ៨ ​ភាគរយ ​ក្នុង​មួយឆ្នាំ ទៅ​តាម​លក្ខខណ្ឌ​ធនាគារ​នីមួយៗ បើ​ធៀប​នឹង​រយៈពេល​ ៥ ​ឆ្នាំ ​ដែល​មាន​ចន្លោះ​ពី ១០ ទៅ ១២ ​ភាគរយ​។ នេះ​បើ​យោង​តាម​លោក អ៊ូ សុផាណារិទ្ធ ប្រធាន​ហិរញ្ញវត្ថុ​ធនាគារ​កាណាឌីយ៉ា​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ​ការប្រកួតប្រជែង​អត្រា​ការប្រាក់​លើ​ឥណទាន​គេហដ្ឋាន​ក្នុង​វិស័យ​ធនាគារ​គឺជា​កត្តា​ល្អ​សម្រាប់​អតិថិជន​។ លោក​ថ្លែងថា​៖ «​អតិថិជន​អាច​មាន​លទ្ធភាព​ទិញ​គេហដ្ឋាន​សម្រាប់​រស់នៅ បើ​ធៀប​នឹង​ [​ការបង់ថ្លៃ​] ​ជួល​ផ្ទះ​គេ​នឹង​អត្រា​ការប្រាក់​ធនាគារ វា​ស្ថិត​ក្នុង​ចំណុច​សមរម្យ​»​។

លោក​បន្តថា​ អត្រា​ការប្រាក់​សម្រាប់​ឥណទាន​ទិញ​ផ្ទះ​ក្នុង​វិស័យ​ធនាគារ​បច្ចុប្បន្ននេះ​មាន​កម្រិត​ទាប បើ​ធៀប​នឹង​កាលពី​ ៥ ​ឆ្នាំ​មុន​។ លោក​បន្តថា ការផ្តល់​ជូន​អត្រា​ការប្រាក់​លើ​ប្រាក់​បញ្ញើ និង​បញ្ញើ​សន្សំ​ពី​សំណាក់​ធនាគារ ក៏​ជា​ផ្នែក​មួយ​នៃ​ឥទ្ធិពល​ដល់​ការផ្តល់​ជូន​អត្រា​ការប្រាក់​សម្រាប់​ឥណទាន​គេហដ្ឋាន​ផងដែរ​។

លោក​ថ្លែងថា​៖ «​សព្វថ្ងៃ​ប្រព័ន្ធ​ធនាគារ​ទាំងអស់​ពឹងផ្អែក​ប្រភព​មួយ​ពី​ប្រាក់​បញ្ញើ ហើយ​អត្រា​ការប្រាក់​បញ្ញើ​នៅ​កម្ពុជា​មាន​កម្រិត​ខ្ពស់​បើ​ធៀប​នឹង​ប្រទេស​ជិតខាង ដូច្នេះ​ពេល​អត្រា​ការប្រាក់​បញ្ញើ​ថយចុះ តម្លៃ​នៃ​ចំណាយ​របស់​ធនាគារ​ទាប​ធ្វើឲ្យ​ធនាគារ​មាន​លទ្ធភាព​បញ្ចុះ​អត្រា​ការប្រាក់​កម្ចី​ឥណទាន​បន្ថែមទៀត​»​។

តាម​លោក អ៊ូ សុផាណារិទ្ធ ធនាគារ​កាណាឌីយ៉ា​បាន​ផ្តល់​អត្រា​ការប្រាក់​បញ្ញើ​ក្នុង​អត្រា ៤,៥ ភាគរយ​ ក្នុង​មួយឆ្នាំ​ហើយ​អាច​ប្រែប្រួល​អាស្រ័យ​លើ​ទំហំ​ប្រាក់​បញ្ញើ​របស់​អតិថិជន​។

លោក​បន្តថា​ ទោះបី​ជា​អត្រា​ការប្រាក់​សម្រាប់​កម្ចី​ទិញ​ផ្ទះ​មាន​ការប្រកួត​ប្រជែង​ខ្លាំង តែ​វា​មិនទាន់​បង្ក​ហានិភ័យ​ក្នុង​វិស័យ​ធនាគារ​នោះទេ​។ លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា​ប្រព័ន្ធ​ធនាគារ​នៅតែ​សុខភាព​ល្អ ហើយ​ធនាគារ​នៅតែ​មាន​លទ្ធភាព​ដោយសារ​ស្ថានភាព​សេដ្ឋកិច្ច​ល្អ និង​ទុនបម្រុង​របស់​ធនាគារ​មាន​កំណើន​ល្អ​»​។ ​

លោក​ថ្លែងថា​៖ «​កម្ចី​ទិញ​ផ្ទះ​នៅតែ​កើនឡើង យើង​ឃើញ​តម្រូវការ​អតិថិជន​អ្នក​រៀបការ​ហើយ​ចាប់ផ្តើម​បែក​ផ្ទះ គាត់​សម្លឹង​មើល​ទិញ​ផ្ទះ​សម្រាប់​រស់នៅ​ជា​ជាង​ការជួល​ផ្ទះ​គេ​»​។

ធនាគារ Chip Mong បានផ្តល់​អត្រា​ការប្រាក់​លើ​ឥណទាន​គេហដ្ឋាន ៣,៩៩ ភាគរយ​ សម្រាប់​ឆ្នាំ​ទី​ ១ ហើយ​ឆ្នាំ​បន្ទាប់​ក្នុង​អត្រា​ការប្រាក់ ៧,៧ ភាគរយ​។ ប៉ុន្តែ​ការផ្តល់​ជូន​នេះ​សម្រាប់​តែ​កម្ចី​ទិញ​ផ្ទះ​ពី​បុរី Chip Mong ប៉ុណ្ណោះ​។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ធនាគារ​។

ដោយឡែក​ធនាគារ Shinhan Bank បានផ្តល់​អត្រា​ការប្រាក់​សម្រាប់​ឥណទាន​ទិញ​ផ្ទះ​ក្នុង​អត្រា ៤,៤៩ ភាគរយ​ (​លុយ​រៀល​) ​សម្រាប់​ឆ្នាំ​ទី​១ ដោយ​កើនឡើង​នៅ​ឆ្នាំ​ទី​២ ៧,៤៥ ​ភាគរយ ហើយ​ក្នុង​អត្រា ៤,៩៩ ​ភាគរយ ​(​ដុល្លារ​) សម្រាប់​រយៈពេល​ ២ ​ឆ្នាំ​ដំបូង ហើយ​នៅ​ឆ្នាំ​ទី​៣ ក្នុង​អត្រា​ការប្រាក់ ៧,៤៥ ភាគរយ​ ក្នុង​មួយឆ្នាំ​ (​ថេរ​)​។

របាយការណ៍​ការិយាល័យ​ឥណទាន​កម្ពុជា (CBC) បង្ហាញ​ថា​នៅ​ត្រីមាស​ទី​ ២ ​ឆ្នាំ​ ២០១៩ ​នេះ​ការដាក់​ពាក្យ​ស្នើ​កម្ចី​ទិញ​ផ្ទះ​បាន​ធ្លាក់ចុះ​ ៣៦ ​ភាគរយ​ ធៀប​នឹង​ត្រីមាស​ទី​ ១ ដែល​គិត​មក​ដល់​ត្រឹម​អំឡុង​ពេលនេះ​មាន​ចំនួន​ជាង​ ៣ ​ពាន់​លាន​ដុល្លារ​។ គិត​ត្រឹម​ឆមាស​ទី​ ១ ​ឆ្នាំ​ ២០១៨ កម្ចី​ទិញ​ផ្ទះ​មាន​ជាង​ ២,៥ ​ពាន់​លាន​ដុល្លារ​។

លោក តូច ចៅចេក នាយកប្រតិបត្តិ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​បាន​ឲ្យ​ដឹងថា អត្រា​ការប្រាក់​នេះ​ស័ក្ដិសម​សម្រាប់​​អតិថិជន​ក្នុង​ការស្វែងរក​កម្ចី​។ លោក​ថ្លែងថា​៖ «​អត្រា​ការប្រាក់ ៨ ​ភាគរយ​ក្នុង​មួយឆ្នាំ​ជា​អត្រា​មួយ​សមរម្យ​សម្រាប់​អ្នក​ខ្ចី​ដែល​អាច​យក​ទៅ​ទិញ​ផ្ទះ​រស់នៅ​បាន​ល្អ​សមមរ្យ ហើយ​លទ្ធភាព​គាត់​អាច​សង​ធនាគារ​គ្រប់គ្រាន់​វិញ​»​។

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ឲ្យ​ដឹងថា ការប្រកួតប្រជែង​អត្រា​ការប្រាក់​ក្នុង​វិស័យ​ធនាគារ​គឺជា​ការផ្តល់​អត្ថប្រយោជន៍​សម្រាប់​អ្នកប្រើប្រាស់​កម្ចី​។ លោក​បន្តថា​៖ «​នៅពេល​ណា​អត្រា​ការប្រាក់​ឥណទាន​គេហដ្ឋាន​មាន​ការប្រកួតប្រជែង អត្រា​ការប្រាក់​នឹង​ទាប​ទៅៗ​។ ធ្វើឲ្យ​គាត់​មានលទ្ធភាព​ច្រើន​អាច​ប្រើប្រាស់​ការប្រាក់​ធូរ​ថ្លៃ គាត់​អាច​យក​ទៅ​វិនិយោគ ដោយ​អាច​ចំណេញ​ប្រាក់​វិញ​»​។

លោក​សង្កេតឃើញ​ថា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ អ្នក​ខ្ចីប្រាក់​ទិញ​ផ្ទះ​ពី​ធនាគារ និង​ពី​ម្ចាស់​បុរី​មាន​កំណើន​ឡើង​គួរកត់សម្គាល់​។ លោក​បញ្ជាក់ថា​៖ «​ដូច្នេះ​ជា​លទ្ធផល​មួយ​ហុច​កំណើន​ក្នុង​វិស័យនេះ និង​ផ្តល់ឱកាស​ឲ្យ​អ្នកទិញ​មាន​លទ្ធភាព ដើម្បី​អាច​ទិញ​អចលនទ្រព្យ​បាន​ច្រើន​»​។

យោងតាម​សៀវភៅ​ស្តីពី «​ភ្នំពេញ​ឆ្នាំ​ ២០៣០ ការ​ព្យាករ​ចំនួន ១០ សម្រាប់​វិស័យ​អចលនវត្ថុ​» ដែល​ស្រាវជ្រាវ និង​ចងក្រង​ដោយ​ក្រុមហ៊ុន VTRUST APPRAISAL បាន​បង្ហាញ​ថា​ចាប់ពី​ឆ្នាំ​​ ២០០០ ដល់​ឆ្នាំ​ ២០៣០ ការផ្គត់ផ្គង់​លំនៅឋាន​មាន ៤,៥ សែន​ខ្នង ខណៈ​ការផ្គត់ផ្គង់​ខុនដូ​ជាង ៣ សែន យូនីត​នៅ​ទីក្រុង​ភ្នំពេញ​។

បើតាម​សៀវភៅ​នេះ​បច្ចុប្បន្ន​លំនៅឋាន​ក្នុង​បុរី​មាន​ជាង ១៥ ម៉ឺន​ខ្នង​ត្រូវ​បាន​សាងសង់​រួចរាល់ និង​ការផ្គត់ផ្គង់​លំនៅឋាន​មាន​ជាង ២ ​ម៉ឺន​ខ្នង​ក្នុង​មួយឆ្នាំៗ​៕LA