ភ្នំពេញៈ ការបន្តកើនឡើងនៃវិស័យសំណង់ជំរុញឲ្យមានតម្រូវការស៊ីម៉ងត៍ និងឥដ្ឋ នៅឆ្នាំ ២០១៩ កាន់តែខ្ពស់ ខណៈតម្លៃបានកើនឡើងក្នុងរង្វង់ ១០ ភាគរយ ធៀបនឹងឆ្នាំ ២០១៨។ នេះបើតាមទិន្នន័យពីក្រុមហ៊ុនផលិតក្នុងស្រុក។ ក្រុមហ៊ុនផលិតស៊ីម៉ងត៍ក្រុងស្រុក Chip Mong Insee បានឲ្យដឹងថា ការផ្គត់ផ្គង់ស៊ីម៉ងត៍ពីក្រុមហ៊ុនបានកើនឡើងប្រមាណ ១០ ភាគរយ នៅឆ្នាំនេះ បន្ទាប់ពីដាក់ឲ្យដំណើរការកាលពីដើមឆ្នាំ ២០១៨។
នេះបើតាម លោក ទៀង សុភវិជ្ជា ប្រធានកិច្ចការសាធារណៈ និងរដ្ឋាភិបាលនៃក្រុមហ៊ុនផលិតស៊ីម៉ងត៍ Chip Mong Insee។
លោក ទៀង សុភវិជ្ជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ភាពល្អប្រសើរនៃវិស័យសំណង់ បានធ្វើឲ្យតម្រូវការស៊ីម៉ងត៍នៅរោងចក្រ Chip Mong Insee កើនឡើងប្រមាណ ១០ ភាគរយ នៅឆមាសទី១ ឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។
ទោះបីយ៉ាងនេះក្តីលោកអះអាងថា តម្លៃលក់មិនខ្ពស់នោះទេ។ លោកបន្តថា៖ «តម្លៃលក់របស់យើងនៅឆមាសទី១ ឆ្នាំ ២០១៩ នេះ គឺជិតស្មើនឹងតម្លៃផលិតក្នុងរយៈពេលដូចគ្នា [ឆ្នាំទៅ] ប្រហែលជា ៣ ទៅ ៤ ភាគរយ ហើយការកើនឡើងតម្លៃនេះពាក់ព័ន្ធទៅនឹងតម្លៃថាមពល និងការវេចខ្ចប់»។
បើតាមលោក សុភវិជ្ជា ក្នុងឆ្នាំ ២០១៩ នេះតម្រូវការស៊ីម៉ងត៍សម្រាប់ប្រើប្រាស់នៅកម្ពុជាអាចមានបរិមាណពី ៨ ទៅ ៩ លានតោនក្នុង ១ ឆ្នាំ កើនឡើងជាប្រមាណ ៦ ទៅ ៧ លានតោនកាលពីឆ្នាំ ២០១៨។
ក្រុមហ៊ុន Chip Mong Insee ដែលបានបើកដំណើរការកាលពីខែ កុម្ភៈ ឆ្នាំ ២០១៨ មានសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណ ៥ ៥០០ តោន ក្នុង ១ ថ្ងៃ ដែលបានចូលរួមចំណែកបំពេញសេចក្តីត្រូវការនៅក្នុងស្រុកបានប្រមាណ ២៦ ភាគរយ។
បច្ចុប្បន្ននៅកម្ពុជា មានរោងចក្រផលិតស៊ីម៉ងត៍ចំនួន ៥ កន្លែង ក្នុងនោះ ៤ ទីតាំង ស្ថិតក្នុងខេត្តកំពត និង ១ ស្ថិតក្នុងខេត្តបាត់ដំបង។
ទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បង្ហាញថា ក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០១៩ ទុនវិនិយោគវិស័យសំណង់នៅកម្ពុជាមានតម្លៃ ២,៧ ពាន់លានដុល្លារ កើនជាង ៦៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។
ពុំមានទិន្នន័យស្តីពីតម្រូវការ និងការផ្គត់ផ្គង់ដែកទេក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០១៩ នេះ។
ទិន្នន័យពីគយវៀតណាម បានឲ្យដឹងថា រយៈពេល ៧ ខែដំបូងឆ្នាំ ២០១៨ កម្ពុជាបាននាំចូលដែកពី វៀតណាមបរិមាណ ៧១៧ ៥៧២ តោនកើនឡើង ៤៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧ ចំណែកចំនួនទឹកប្រាក់បានកើនដល់ ៤៦២,៧៣ លានដុល្លារ កើន ៧៧,៩ ភាគរយ។
តម្រូវការឥដ្ឋក៏បានបង្ហាញពីកំណើនផងដែរ។
លោក ទ្រី មុយឡេង អ្នកគ្រប់គ្រងនៅសិប្បកម្មឡឥដ្ឋព្រែកអញ្ចាញ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល បានឲ្យដឹងថា តម្រូវការបានកើនឡើងជារៀងរាល់ឆ្នាំ ខណៈសិប្បកម្មថ្មីៗជាច្រើនបានបង្កើតឡើង។
លោកបានឲ្យដឹងថា សិប្បកម្មលោកមានសមត្ថភាពផលិតឥដ្ឋបានប្រមាណ ៤០ ០០០ ដុំ ទៅ ៥០ ០០០ ដុំ ក្នុង ១ ថ្ងៃ ហើយតម្លៃកើនឡើងពី ៣៨០ ដុល្លារ ទៅ ៤០០ ដុល្លារ សម្រាប់ឥដ្ឋ ១០ ០០០ ដុំ។
លោក ប៉ុន យស់ អ្នកគ្រប់គ្រងនៅសិប្បកម្មឡឥដ្ឋសុភមង្គល Happiness Brick Handicraft ក្នុងខេត្តកណ្តាល បានឲ្យដឹងថា តម្លៃឥដ្ឋនាពេលនេះបានកើនឡើងក្នុងរង្វង់ ១០ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកបន្តថា៖ «បច្ចុប្បន្នដោយសារឥដ្ឋមានតម្រូវការខ្ពស់ ខ្ញុំបានឮព័ត៌មានថាក៏មានការនាំចូលឥដ្ឋពីប្រទេស វៀតណាមមកលក់នៅកម្ពុជាខ្លះដែរ»។
លោក វ៉េង ហៀង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ធ្លាប់បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៩ នេះ សិប្បកម្មផលិតឥដ្ឋនៅកម្ពុជាបានកើនដល់ ៤០០ ទីតាំង និងមានកម្មករសរុបជិត ៦ ពាន់នាក់។
អ្នកគ្រប់គ្រងទូទៅនៃសមាគមអ្នកសាងសង់កម្ពុជា លោក ជីវ ស៊ីវផេង បាននិយាយថា ការរីកចម្រើនវិស័យសំណង់ បានរួមចំណែកយ៉ាងច្រើននៅក្នុងកំណើនសេដ្ឋកិច្ចជាតិ។ លោកបន្តថា ជាការពិតដែលថា គ្រឿងសំណង់កំពុងមានទីផ្សារល្អ។ លោកថ្លែងថា៖ «វិស័យសំណង់កំពុងរីកចម្រើនគ្រប់ទីកន្លែង ហេតុនេះតម្រូវការសម្ភារសំណង់ក៏កើនដែរ»៕LA