ភ្នំពេញៈ តម្លៃ​កូន​ក្រពើ​នៅ​ដើម​រដូវ​ឆ្នាំ​ ២០១៨ បាន​កើនឡើង​ជិត​ ៣០ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​មុន ដែល​ជំរុញ​ដោយ​តម្រូវការ​ពី​ប្រទេស​វៀតណាម ខណៈ​មន្ត្រី​រដ្ឋាភិបាល​បាន​​ហៅ​អាជីវកម្ម​លក់​កូន​ក្រពើ​ជា​ការ​ខាត​បង់​មួយ​ដ៏ធំ​សម្រាប់​ម្ចាស់​កសិដ្ឋាន​។

តម្លៃ​កូន​ក្រពើ​ដែល​ឈ្មួញ​ដើរ​ប្រមូល​ទិញ​តាម​កសិដ្ឋាន​ដើម្បី​នាំ​ចេញ​ទៅ​វៀតណាម​បាន​កើនឡើង​ពី​ ១៤ ​ដុល្លារ​ក្នុង​ ១ ​​ក្បាល​កាលពី​ឆ្នាំ​ទៅ​រហូត​ដល់​ ១៨ ​ដុល្លារ​។ ​នេះ​បើ​យោង​តាម​ម្ចាស់​កសិដ្ឋាន​។

លោក គីរី សុខុម ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ ១ កន្លែង​នៅ​ក្នុង​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា​តម្លៃ​នៅ​ដើម​ដូង​នេះ​ពិតជា​ល្អ​។

បើ​ទោះបី​យ៉ាង​នេះ​ក្តី​លោក​មាន​ជំនឿ​ថា​តម្លៃ​នេះ​នឹង​ធ្លាក់​ចុះ​វិញ​នៅពេល​កូន​ក្រពើ​កាន់តែ​ច្រើន​នឹង​ត្រូវ​បាន​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​។ លោក​ថ្លែង​ថា​៖ «​នៅពេល​លក់​ដំបូង​តែងតែ​បាន​តម្លៃ​ខ្ពស់​តែ​នៅ​ពេល​ចុង​ក្រោយ​តម្លៃ​វា​បាន​ធ្លាក់​ចុះ​យ៉ាងច្រើន​ដែល​អាច​ធ្វើឲ្យ​អ្នក​ចិញ្ចឹម​មួយ​ចំនួន​ប្រឈមមុខ​នឹង​ការខាតបង់​ទៀត​ផង​»​។

បច្ចុប្បន្ន​លោក​ សុខុម ចិញ្ចឹម​ក្រពើ​ប្រហែល ៥០០ ​ក្បាល​ដែល​ភ្ញាស់​បាន​កូន​ចន្លោះ​ពី​ជាង ២ ០០០ ទៅ ៣០០០ ​ក្បាល​។

លោក លឹម រិទ្ធី សមាជិក​សមាគម​អ្នក​ចិញ្ចឹម​ក្រពើ​ខេត្ត​សៀមរាប និង​ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ ១ ​កន្លែង​ដែល​មាន​ក្រពើ​ជិត​ ៥០០ ​ក្បាល​ដែរ នោះ​បាន​ឲ្យ​ដឹង​ថា​នៅ​ដើមរដូវ​នេះ​ឈ្មួញ​កំពុង​សម្រុក​ទិញ​ដើម្បី​យក​ទៅ​វៀតណាម​។

លោក​ថ្លែង​ថា​៖ «​កូន​ក្រពើ​ត្រូវ​បាន​គេ​ប្រមូល​ទិញ​ពី​កម្ពុជា​យក​ទៅ​លក់​ឲ្យ​អ្នក​ចិញ្ចឹម​នៅ​ប្រទេស​វៀតណាម​។ ​ការចិញ្ចឹម​នៅ​វៀតណាម​គឺ​គេ​ចិញ្ចឹម​យក​ស្បែក​លក់​ទៅ​ឲ្យ​ប្រទេស​ចិន​»​។

លោក វិចិត្រ ដែល​ជា​ឈ្មួញ​ប្រមូល​ទិញ​កូន​ក្រពើ​បាន​និយាយ​ថា ជា​រៀងរាល់​ឆ្នាំ​លោក​តែងតែ​ប្រមូល​ទិញ​កូន​ក្រពើ​ពី​កម្ពុជា​យក​ទៅ​លក់​នៅ​ប្រទេស វៀតណាម​តាម​ការបញ្ជា​ទិញ​ពី​ម្ចាស់​កសិដ្ឋាន​នៅ​វៀតណាម​។ លោក​បន្ត​ថា​៖ «​តម្លៃ​កូន​ក្រពី​ត្រូវ​បាន​កំណត់​ដោយ​អ្នក​ចាំ​ទទួល​ទិញ​នៅ​វៀតណាម​»​។

អ្នក​ចិញ្ចឹម​ក្រពើ​ភាគច្រើន​នៅ​កម្ពុជា​មិន​បាន​ផ្តោត​លើ​ការចិញ្ចឹម​យក​ស្បែក​ទេ ទោះបី​វា​បាន​ផ្តល់​តម្លៃ​ខ្ពស់​ក៏ដោយ ប៉ុន្តែ​ការចិញ្ចឹម​សម្រាប់​តែ​ការផ្គត់ផ្គង់​ក្រពើ​រស់​ទៅ​ប្រទេស​ជិត​ខាង​ប៉ុណ្ណោះ​។

មន្ត្រី​រដ្ឋាភិបាល​បាន​ចាត់​ទុក​ការ​ធ្វើ​អាជីវកម្ម​បែប​នេះ​ជា​ការ​ខាតបង់​តម្លៃ​ដ៏ធំ​នៅក្នុង​វិស័យ​នេះ​។

លោក ណៅ ធួក រដ្ឋលេខាធិការ​នៃ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ បាន​ឲ្យ​ដឹង​ថា​កូន​ក្រពើ​កម្ពុជា​ភាគច្រើន​នាំ​ចេញ​ទៅ​វៀតណាម ថៃ និង​តិចតួច​ទៅ​ចិន​។

ខណៈ​លោក​ស្វាគមន៍​ពី​កំណើន​តម្លៃ​កូន​ក្រពើ​នៅ​ឆ្នាំ​នេះ​លោក​ចាត់ទុក​ថា ការចិញ្ចឹម​យក​ស្បែក​នឹង​ផ្តល់​តម្លៃ​កាន់តែ​ខ្ពស់​។ លោក​ថ្លែង​ថា​៖ «​ជាធម្មតា​តម្លៃ​ស្បែក​ក្រពើ​តែង​ត្រូវ​បាន​កំណត់​ដោយ​ទីផ្សារ​អន្តរជាតិ​។ ផលិតផល​ពី​ស្បែក​ក្រពើ​មិន​ចុះ​តម្លៃ​ទេ​គឺ​មាន​តែ​ការកើនឡើង​»​។

លោក​បាន​បន្ត​ថា​៖ «​ពួកគេ​អាច​រកចំណូល​បាន​ចន្លោះ​ពី ២០០ ទៅ ៣០០ ដុល្លារ​សម្រាប់​ស្បែក​ក្រពើ​ ១ ​ក្បាល បើ​ពួកគេ​ចិញ្ចឹម​យក​ស្បែក​»​។ លោក​លើក​ឡើង​ថា៖ «​បើ​តាម​ខ្ញុំ​ដឹង​មាន​តែ​ប្រទេស​កម្ពុជា​ទេ​ដែល​មាន​ទម្លាប់​ចិញ្ចឹម​ក្រពើ​ដើម្បី​យក​កូន​ទើប​ញាស់​លក់ ខណៈ​ប្រទេស​ផ្សេងៗ​ទៀត​គេ​ចិញ្ចឹម​យក​ស្បែក​ដែល​មាន​តម្លៃ​ខ្ពស់​សម្រាប់​នាំ​ចេញ​»​។

យោង​សេចក្តី​រាយការណ៍​របស់​ភ្នំពេញ ប៉ុស្តិ៍​កន្លង​មក​មាន​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​សរុប​ ២១ ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អនុសញ្ញា​អន្តរជាតិ​ដែល​ជា​អនុសញ្ញា (Cites) ដើម្បី​ការនាំ​ចេញ​ស្បែក​ក្រពើ​ដោយ​ស្រប​ច្បាប់​ទៅ​ទីផ្សារ​អន្តរជាតិ​។ យោង​តាម​ទិន្នន័យ​របស់​ក្រសួង​កសិកម្ម​មាន​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ប្រហែល ៧០០ កន្លែង​នៅ​កម្ពុជា​ក្នុង​នោះ​មាន​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ ៤៤៥ កន្លែង​ត្រូវ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​កសិកម្ម​។

គ្រាន់តែ​នៅក្នុង​ខេត្ត​សៀមរាប​មួយ​មាន​ក្រពើ​ចន្លោះ​ពី ៣០-៤០ ​ម៉ឺន​ក្បាល​។ នេះ​បើ​យោង​តាម លឹម រិទ្ធី​៕LA