ភ្នំពេញៈ តម្លៃ​កូនក្រពើ​ទើប​ញាស់​បាន​ធ្លាក់​ចុះ​ទាប​បំផុត​មិន​ធ្លាប់​មាន​នា​អំឡុង​ពេលនេះ ខណៈ​អ្នក​ចិញ្ចឹម​បានស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​រក​ទីផ្សារ​អន្តរជាតិ​សម្រាប់​ការនាំចេញ​ដោយ​ផ្ទាល់ ដើម្បី​ចៀសវាង​ពី​ការពឹង​ផ្អែកលើ​ការប្រមូលទិញ​ពី​សំណាក់​ឈ្មួញ​ប្រទេស​ជិតខាង​។

កូនក្រពើ​ទើប​ញាស់​ពេលនេះ (​ថ្ងៃ​ចន្ទ​) ​មាន​តម្លៃ​ក្រោម ២,៥ ​ដុល្លារ​ក្នុង​ ១ ​ក្បាល ​ដែល​នេះ​ជា​ការធ្លាក់ចុះ​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​នាពេល​កន្លងមក ខណៈ​ក្នុងអំឡុង​ពេលនេះ​កាលពី​ឆ្នាំមុន កូន​ក្រពើ​មាន​តម្លៃ​ចន្លោះ​ពី ៧-១០ ​ដុល្លារ​។

ជាធម្មតា​ក្រពើមេ តែង​ពង​កូន​ចាប់ពី​ចុងខែ​កុម្ភៈ​រហូត​ដល់​ខែ​ឧសភា និង​ចាប់ផ្តើម​ញាស់​ចាប់ពី​ខែ​មេសា​រហូត​ដល់​ខែ​កក្កដា​រៀងរាល់​ឆ្នាំ​។

សមាជិក​សមាគម​អ្នក​ចិញ្ចឹម​ក្រពើ​ខេត្ត​សៀមរាប​លោក រាជ ច័ន្ទថន ដែល​មាន​ចិញ្ចឹម​ក្រពើ​ធំៗ​ប្រមាណ​ជាង ៥០០ ​ក្បាល​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា អ្នក​ចិញ្ចឹម​ក្រពើ​កំពុង​ប្រឈម​នឹង​ការខាតបង់​ធ្ងន់ធ្ងរ ដោយ​តម្លៃ​កូន​ក្រពើ​បាន​ធ្លាក់ចុះ​យ៉ាង​គំហុក ហើយ​មិនមាន​អ្នកទិញ​ទៀតផង​។ លោក​បន្តថា តាមពិត​ទៅ​តម្លៃ​កូនក្រពើ​បាន​ធ្លាក់ចុះ​ប្រមាណ​ ៣ ​ឆ្នាំ​មកហើយ ប៉ុន្តែ​ ២ ​ឆ្នាំ​មុន​វា​មិន​បាន​ធ្លាក់ចុះ​ខ្លាំង​ដូច​ឆ្នាំនេះ​ទេ​។

ជាមួយ​បទពិសោធ​ចិញ្ចឹម​ក្រពើ​ជាង​ ៣០ ​ឆ្នាំ​លោក ច័ន្ទថន បាន​ប្រាប់ថា​៖ «​ក្រពើ​ឥឡូវ​ស៊ី​មាស និង​ស៊ី​ប្លង់ដី​ខ្លះ​ហើយ ព្រោះ​តម្លៃ​កូន​ក្រពើ​ឆ្នាំនេះ​ធ្លាក់ចុះ​ជា​គំហុក​ដែល​ធ្វើឲ្យ​អ្នកចិញ្ចឹម​ត្រូវ​ខាតបង់​ជាច្រើន​»​។

លោក​បន្ថែម​ថា តម្លៃ​ទទួល​បាន​ពី​ការលក់​កូន​យ៉ាងច្រើន​អាច​យក​ទៅ​ទិញ​ចំណី​ឲ្យ​ក្រពើ​ធំៗ​ស៊ី​បាន​ ៣ ​ខែ​ប៉ុណ្ណោះ​។

យោងតាម​លោក ច័ន្ទថន មាន​កត្តា​ចម្បង​ ២ ​ដែល​ធ្វើឲ្យ​តម្លៃ​កូន​ក្រពើ​ធ្លាក់ចុះ គឺ​ការមិនមាន​ទីផ្សារ​អន្តរជាតិ​ផ្ទាល់ និង​ការក្រឡុក​ទីផ្សារ​របស់​ឈ្មួញ​មកពី​ប្រទេស​វៀតណាម ខណៈ​ប្រទេស​ថៃ​មិន​បាន​មក​ប្រមូល​ទិញ​ដូច​ពេល​មុន​ទេ​។

លោក​ថ្លែងថា​៖ «​ប្រសិន​បើ​មាន​ការជួយ​ពី​អាជ្ញាធរ​ដែល​អនុញ្ញាត​ឲ្យ​កម្ពុជា​អាច​នាំចេញ​ក្រពើ​ទៅ​ប្រទេស​ចិន​ដោយផ្ទាល់ ខ្ញុំ​គិត​ថា​វា​នឹង​ល្អ និង​បាន​តម្លៃ​ខ្ពស់ ព្រោះ​ចិន​ជា​ទីផ្សារ​ធំ មាន​តម្រូវការ​ស្បែក​ក្រពើ​ច្រើន ព្រម​ទាំង​អាច​ចៀស​ផុត​ពី​ការបង្អាប់​ថ្លៃ​របស់​ឈ្មួញ​ទៀតផង​»​។

ក្នុង​ ១ ​ឆ្នាំ ការចិញ្ចឹម​ក្រពើ​នៅ​កម្ពុជា​អាច​បាន​កូន​ចន្លោះ​ពី​ ៨០ ​ម៉ឺន​ទៅ ១ ​លាន​ក្បាល​។ នេះ​បើ​តាម​លោក ច័ន្ទថន​។

លោក ចក់ សុជាតិ ដែល​មាន​ចិញ្ចឹម​ក្រពើ​មេជាង ២០០ ​ក្បាល​ ក្នុង​ខេត្ត​សៀមរាប​បាន​និយាយថា ក្រពើ​នៅពេល​នេះ​គឺ​មិនមាន​ទីផ្សារ​តែម្តង​ដោយ​ធ្វើ​ឲ្យ​អ្នក​ចិញ្ចឹម​ខាតបង់​ប្រាក់​ជាច្រើន ខណៈ​ត្រី​ចំណី​ក្រពើ​ក៏​កើនឡើង​ដែរ​។ លោក​បន្តថា តម្លៃ​ទទួល​បាន​ក្នុង​រង្វង់ ២,៥ ​ដុល្លារ​នេះ​ធ្វើឲ្យ​អ្នក​ចិញ្ចឹម​ត្រូវ​ចំណាយ​លើសលប់​ទៅវិញ​លើ​ចំណី​របស់​វា​។

លោក​ប្រាប់ថា​៖ «​ជាមួយ​នឹង​ស្ថានភាព​បែបនេះ បើ​មាន​អ្នកប្រមូល​ទិញ ខ្ញុំ​នឹង​លក់​ក្រពើ​ទាំងអស់​តែម្តង ព្រោះ​បើ​ទុក​កាន់តែ​យូរ ការចំណាយ​លើ​ចំណី​នឹង​កាន់តែច្រើន​»​។

តាម​លោក សុជាតិ ត្រី​ចំណី​ក្រពើ​មាន​តម្លៃ​ជាង ២ ០០០ ​រៀល ​ក្នុង​ ១ ​គីឡូក្រាម​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា ក្រសួង​មិនដែល​ព្រងើយកន្តើយ​នៅក្នុង​ការស្វះស្វែង​រក​ទីផ្សារ​អន្តរជាតិ ដើម្បី​នាំចេញ​សត្វក្រពើ​ដោយផ្ទាល់​ពី​កម្ពុជា​ទេ ប៉ុន្តែ​បញ្ហា​នៅត្រង់​ផលិតផល​នេះ​មិន​មាន​ការបញ្ជាទិញ​។

លោក​បន្តថា ការធ្លាក់ចុះ​តម្លៃ និង​គ្មាន​ទីផ្សារ​នៅពេល​នេះ​អាច​បណ្តាល​មកពី​កត្តា​មួយ​ចំនួន​ដូចជា ភាពស្ងប់ស្ងាត់​នៅ​ទីផ្សារ​អន្តរជាតិ គុណភាព​ស្បែក​ក្រពើ​កម្ពុជា​មិនត្រូវ​តាម​ស្តង់ដា និង​ការចិញ្ចឹម​ក្រពើ​មាន​ច្រើន​នៅ​ស្ទើរ​គ្រប់​ប្រទេស​ក្នុង​ពិភពលោក​។ លោក​បាន​ថ្លែងថា​៖ «​តម្លៃ​ក្រពើ​នៅ​កម្ពុជា​គឺ​អាស្រ័យ​លើ​ទីផ្សារ​អន្តរជាតិ ហេតុនេះ​បើ​មិនមាន​ការបញ្ជាទិញ​ពី​អន្តរជាតិ​តម្លៃ​ក៏​ធ្លាក់ចុះ​ទៅតាម​នោះដែរ​»​។

លោក​ប្រាប់ទៀត​ថា លោក​តែង​ខិតខំ​ធ្វើការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​របស់​កម្ពុជា​ទៅកាន់​អ្នកវិនិយោគ ដើម្បី​ទាក់ទាញ​ឲ្យ​ពួកគេ​ចូលមក​បណ្តាក់ទុន ឬ​ក៏​រៀបចំ​ការចិញ្ចឹម​ដែល​មាន​លក្ខណៈ​ស្តង់ដា​ស្រប​តាម​ការចង់​បាន​របស់​អ្នកបញ្ជា​ទិញ ខណៈ​ការចិញ្ចឹម​ក្រពើ​នៅ​កម្ពុជា​ភាគច្រើន​ជា​ការអនុវត្ត​តៗ​គ្នា ដែល​ធ្វើឲ្យ​ស្បែក​ក្រពើ​មិន​មាន​លក្ខណៈ​ល្អ​គ្រប់គ្រាន់​។

លោក​បន្ថែមថា​៖ «​ការចិញ្ចឹម​បែបនេះ​បាន​ធ្វើឲ្យ​ស្បែក​ក្រពើ​យើង​មិនត្រូវ​តាម​ស្តង់ដា​ដែល​គេ​ចង់បាន​»​។

របាយការណ៍​ឆ្នាំ​ ២០១៩ ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា ការចិញ្ចឹម​ក្រពើ​នៅ​កម្ពុជា​សម្រេច​បាន ៤២១ ៨១១ ​ក្បាល ស្មើនឹង ១៣៧,៦៧​ ភាគរយ ​នៃ​ផែនការ ៣០០ ០០០ ​ក្បាល បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ កើនឡើង ២ ៨១១ ​ក្បាល​៕ LA

វីដេអូ៖