ភ្នំពេញៈ តម្លៃ​កៅស៊ូ​កម្ពុជា​នៅលើ​ទីផ្សារ​អន្តរជាតិ​ក្នុង​ពេលនេះ​ស្ថិតនៅ​ចន្លោះ​ពី​ ១ ៣៥០ ទៅ​ ១ ៤០០ ​ដុល្លារ​ ក្នុង​ ១ ​តោន​ ដោយ​កើនឡើង​តិចតួច​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោងតាម​អ្នក​នៅក្នុង​វិស័យ​កៅស៊ូ​កម្ពុជា​។

របាយការណ៍​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បង្ហាញ​ថា គិត​ត្រឹម​ដំណាច់​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ កម្ពុជា​មាន​ដី​ដាំដុះ​កៅស៊ូ ៤០៤ ៧០១ ​ហិកតា ក្នុង​នោះ​ផ្ទៃដី​ចៀរជ័រ​មាន​ចំនួន ២៥០ ១០៧ ​ហិកតា និង​ផ្ទៃដី​ថែទាំ​កៅស៊ូ​មាន ១៥៤ ៥៩៤ ​ហិកតា​។

ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ ការប្រមូលផល​កៅស៊ូ​សម្រេច​បាន ៩៧ ៩៣៦​តោន​ កើនឡើង ១៨ ​ភាគរយ ឬ​ស្មើនឹង​ ១៥ ២៥៨ ​តោន​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​ ២០១៩​។ ចំណែក​ការនាំ​ចេញ​សម្រេច​បាន ៩៧ ១៧៥ ​តោន​កើនឡើង ១៧ ​ភាគរយ​។

លោក ហេង ស្រេង ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Long Sreng International Co., Ltd ដែល​វិនិយោគ​លើ​ចម្ការកៅស៊ូ​ស្ថិត​ក្នុង​ខេត្ត​កំពង់ចាម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា តម្លៃ​កៅស៊ូ​ពេលនេះ​បាន​កើនឡើង​តិចតួច​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំមុន​។ លោក​បន្តថា ទោះបី​យ៉ាងណា ដោយសារ​តម្លៃ​ដែល​ទទួលបាន​ពី​ការដាំដុះ​កៅស៊ូ​មាន​កម្រិត​ទាប​ខ្លាំង ដូច្នេះ​ចំនួន​នៃ​ការវិនិយោគ និង​ការដាំដុះ​មិនបាន​កើនឡើង​ទេ​។

លោក​ថ្លែងថា​៖ «​តម្លៃ​ឆ្នាំនេះ​ល្អ​ជាង​ឆ្នាំមុន​បន្តិច ដោយ​កើន​ប្រហែល ៥០ ​ដុល្លារ​ ក្នុង​ ១ ​តោន​ បើ​ធៀប​នឹង​ពេល​ដូចគ្នា​ឆ្នាំមុន​»​។ លោក​បាន​បន្តថា​៖ «​ទោះយ៉ាងណា​សម្រាប់​តម្លៃ​ទីផ្សារ​កៅស៊ូ គឺ​មិនល្អ​ទេ​»​។

លោក​បន្ថែមថា ស្ថានភាព​នៃ​ការដាំ​កៅស៊ូ​ក្នុង​ពេលនេះ​មិនល្អ​ទេ ដោយ​មាន​អ្នក​ដាំ​កៅស៊ូ​មួយចំនួន​បាន​នាំគ្នា​កាប់​ដើម​កៅស៊ូ​ចោល​ដើម្បី​យក​ដី​ទៅ​ដាំដុះ​ដំណាំ​កសិកម្ម​ផ្សេងៗ​ទៀត​ដូចជា ចេក ស្វាយ និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​ទៀត​។ លោក​បាន​អះអាង​ថា​៖ «​កន្លែង​ខ្ញុំ​ដើម​កៅស៊ូ​ដែល​ចាស់ៗ ខ្ញុំ​ឲ្យ​គេ​កាប់​ចោល​ដើម្បី​ដាក់​ដាំចេក​ជំនួស​វិញ​មួយចំនួន​។ ដោយ​បច្ចុប្បន្ន​នេះ​ផ្ទៃដី​ដាំ​កៅស៊ូ​នៅ​សល់​ប្រមាណ ៣ ៤០០ ​ហិកតា និង​ផ្ទៃដី​ដាំ​ដើម​ចេក​មាន​ជាង ១ ៥០០ ​ហិកតា​»​។

បើ​តាម​លោក ហេង ស្រេង បច្ចុប្បន្ន​ជ័រកៅស៊ូ​លេខ​ ១ របស់​កម្ពុជា​មាន​តម្លៃ​ចន្លោះ​ពី​ ១ ៣៥០ ​ដុល្លារ​ ទៅ​ ១ ៤០០ ​ដុល្លារ​ ក្នុង ១ ​តោន ​នៅពេល​ដឹក​ទៅ​ដល់​ប្រទេស​ចិន ឬ​ម៉ាឡេស៊ី​។

ដោយ​មិនសូវ​មាន​សុទិដ្ឋិនិយម​ចំពោះ​តម្លៃ​កៅស៊ូ​នៅ​ទីផ្សារ​អន្តរជាតិ​លោក ម៉ែន សុភក្តិ ប្រធាន​ក្រុមហ៊ុន​វិនិយោគ សុភក្តិនីកា បាន​ប្រាប់ថា តម្លៃ​កៅស៊ូ​ឆ្នាំនេះ​មាន​ភាព​ប្រហាក់ប្រហែល ឬ​ធ្លាក់ចុះ​បន្តិច​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​ដោយ​បច្ចុប្បន្ន​កៅស៊ូ​ដែល​ដឹក​ទៅ​លក់​ដល់​កំពង់ផែ​ក្រុង​ហូជីមិញ​ (​វៀតណាម​) មាន​តម្លៃ​ប្រមាណ ១ ៣៦០ ​ដុល្លារ ​ក្នុង​ ១ ​តោន​។

លោក​បន្តថា បញ្ហា​តម្លៃ​បាន​ធ្វើឲ្យ​ការវិនិយោគ​លើ​កៅស៊ូ​នៅ​កម្ពុជា​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ទាំង​ផ្ទៃដី​ដាំដុះ និង​ការវិនិយោគ​។ លោក​ប្រាប់ថា​៖ «​សម្រាប់​ស្ថានភាព ២-៣ ​ឆ្នាំ​ចុងក្រោយ​នេះ​ផ្ទៃដី​ដាំ​កៅស៊ូ​មិន​បាន​កើន​ទេ ខណៈ​មាន​រោងចក្រ​កែច្នៃ​កៅស៊ូ​មួយ​ចំនួន​បាន​ផ្អាក ឬ​បិទ​ដំណើរការ​តែម្តង​»​។

លោក​លើកឡើង​ទៀត​ថា បើទោះបី​កម្ពុជា​មាន​ផ្ទៃដី​ដាំដុះ​កៅស៊ូ​ច្រើន​ក៏ដោយ ប៉ុន្តែ​ទិន្នផល​ដែល​ប្រមូល​បាន​មិនត្រូវ​បាន​យក​មក​ប្រើប្រាស់ ឬ​កែច្នៃ​ជា​ផលិតផល​ក្នុង​ស្រុក​នោះទេ​។

លោក ប៉ុល សុផា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កាលពី​សប្តាហ៍​មុន បាន​និយាយថា តាម​ការរំពឹងទុក​ក្នុង​ឆ្នាំ​ ២០២០ នេះ​កម្ពុជា​អាច​នឹង​នាំចេញ​កៅស៊ូ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​បរិមាណ ៣០ ​ម៉ឺនតោន ព្រោះ​កៅស៊ូ​នឹង​ផ្តល់​ផល​ច្រើន​នៅ ៤​ ខែ​ចុងក្រោយ​នៃ​ឆ្នាំ​នីមួយៗ​។

លោក​បន្តថា តម្លៃ​កៅស៊ូ​កម្ពុជា​បាន​កើនឡើង​បន្តិច​ចាប់ពី​ចុងខែ​កក្កដា និង​ដើមខែ​សីហា​នេះ ដោយ​មាន​តម្លៃ​ប្រមាណ ១ ៤០០ ដុល្លារ​ ក្នុង​ ១ ​តោន​។

ខណៈ​បច្ចុប្បន្ននេះ​មាន​អ្នកវិនិយោគ​មួយចំនួន​បាន​កាប់​ដើម​កៅស៊ូ​ចោល ដើម្បី​ដាំ​ដំណាំ​ផ្សេងៗ​ទៀត​នោះ​លោក សុផា បាន​អះអាង​ថា​៖ «​កិច្ចការ​នេះ​យើង​កុំ​បារម្ភ​ពេក ដោយ​រហូត​មក​ដល់ពេល​នេះ​វា​មិនទាន់​មាន​ផលប៉ះពាល់​អ្វី​នោះទេ​»​។

បើតាម​លោក សុផា កៅស៊ូ​កម្ពុជា​ត្រូវបាន​ទៅ​ទីផ្សារ​វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ចិន និង​អឺរ៉ុប​៕ LA