ភ្នំពេញៈ ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ និង​ឈ្មួញ​ប្រមូល​ទិញស្រូវ​ក្នុង​ខេត្តព្រៃវែង បាន​លើកឡើង​ថា ទោះបី​ជា​ប្រមុខ​រដ្ឋាភិបាល​ប្រកាស​ឲ្យ​ផ្អាក​ការនាំចេញ​ស្រូវ និង​អង្ករស​ចាប់ពី​ចុងសប្តាហ៍​នេះ និង​បាន​ជំរុញ​ឲ្យ​អ្នក​នៅក្នុង​ស្រុក​បង្កើន​ការប្រមូល​ទិញស្រូវ​យក​មក​ស្តុក​ទុក​ក៏ដោយ ប៉ុន្តែ​ការប្រមូល​ទិញស្រូវ​ជាក់ស្តែង​របស់​ពួកគាត់​គឺ​មិន​មាន​កំណើន​នោះទេ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ៣០ ខែមីនា បានចេញ​បញ្ជា​ឲ្យ​ផ្អាក​ការនាំចេញ​ស្រូវ និង​អង្ករស ជា​បណ្តោះអាសន្ន​ទៅ​បរទេស​ចាប់ពី​ថ្ងៃទី​ ៥ ខែ មេសា ឆ្នាំ​ ២០២០ ក្រោម​ហេតុផល​ដើម្បី​ធានាបាន​សន្តិសុខ​ស្បៀង​ក្នុង​កាលៈទេសៈ​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។ ទន្ទឹមនឹងនេះ​លោក​ក៏បាន​ស្នើ​ឲ្យ​រោង​ម៉ាស៊ីន​កិនស្រូវ​ទាំងអស់​ត្រូវ​យកចិត្ត​ទុកដាក់​ប្រមូល​ទិញស្រូវ​នៅតាម​ទីកន្លែង​ដែល​ប្រជាជន​ធ្វើការ​ច្រូតកាត់​ដោយ​រក្សា​តម្លៃ​ស្រូវ​ឲ្យ​បានល្អ ចៀសវាង​ការបង្អាប់ថ្លៃ​ផងដែរ​។

លោក ឈុន ធំ ប្រធាន​រោង​ម៉ាស៊ីន​កិនស្រូវ ឈុន ធំ ដែល​ស្ថិតនៅ​ស្រុក​ស្វាយ​អន្ទរ ខេត្តព្រៃវែង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ទោះបី​ជា​រដ្ឋាភិបាល​ប្រកាស​ឲ្យ​រោង​ម៉ាស៊ីនកិនស្រូវ​បង្កើន​ការយកចិត្តទុកដាក់​ប្រមូល​ទិញស្រូវ​ពី​ប្រជាកសិករ​ក៏ដោយ តែ​លោក​សង្កេត​ឃើញ​ថា ការប្រមូល​ទិញ​មិនមាន​អ្វី​ប្រែប្រួល​ទេ​។

លោក​បន្តថា កត្តា​ដែល​ធ្វើឲ្យ​ការប្រមូល​ទិញស្រូវ​ពី​ប្រជាកសិករ​មិនមាន​ការប្រែប្រួល​នាពេល​នេះ​គឺ​ដោយសារ​ផល​ស្រូវ​ត្រូវបាន​កសិករ​ប្រមូល​ជិត​អស់​ហើយ និង​ម្យ៉ាងទៀត​ពួកគេ​ក៏​នៅមាន​ឱកាស​យក​ស្រូវ​ទៅ​លក់​នៅ​ព្រំដែន​រហូតដល់​ចុង​សប្តាហ៍​នេះដែរ​។

លោក​ថ្លែងថា​៖ «​ផលស្រូវ​នៅពេល​នេះ​ជិត​អស់ហើយ​ (​ស្រូវស្រាល​) ហេតុនេះ​សកម្មភាព​នៃ​ការប្រមូលទិញ​របស់​រោង​ម៉ាស៊ីន​កិនស្រូវ​ខ្ញុំ​ក៏​មិនមាន​ច្រើន​ដែរ​។ ការប្រមូល​ទិញ​មិនសូវ​មាន​សកម្មភាព​ខ្លាំង​ក៏​អាចមាន​ទាក់ទង​នឹង​តម្លៃ​ខ្លះ​ដែរ​»​។

បើ​តាម​លោក ឈុន ធំ គិត​ត្រឹម​ថ្ងៃត្រង់​ថ្ងៃទី​ ៣១ ខែមីនា តម្លៃ​ស្រូវស្រាល​ (​សើម​) ​នៅ​ខេត្តព្រៃវែង​មាន​តម្លៃ​ពី ៩០០-៩៥០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម ចំណែក​ស្រូវ (​ស្ងួត​) មាន​តម្លៃ​ពី ១ ០៥០ ទៅ ១ ១០០ ​រៀល​។

ម្ចាស់​រោង​ម៉ាស៊ីន​មួយកន្លែង​ក្នុង​ខេត្តព្រៃវែង​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​ផ្អាក​ការនាំចេញ​ស្រូវ​មាន​ឈ្មួញ​វៀតណាម​ជាច្រើន​បាន​សម្រុក​មក​ប្រមូល​ទិញស្រូវ​ពី​ប្រជាកសិករ​ខ្មែរ​ដោយ​ឲ្យ​តម្លៃ​ខ្ពស់ជាង​ពេល​ធម្មតា ហេតុនេះ​ឈ្មួញ​ក្នុងស្រុក និង​រោង​ម៉ាស៊ីន មិនទាន់​មាន​សកម្មភាព​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ​។

លោក​បន្តថា ការសម្រុក​ចូលមក​ប្រមូល​ទិញ​នេះ​បាន​ធ្វើឲ្យ​តម្លៃ​ស្រូវ​ស្ទុះ​ឡើងជា​បន្តបន្ទាប់ ជាក់ស្តែង​តម្លៃ​ស្រូវ​នោះ​នៅ​ច្រក​ចក្រី​ក្នុង​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ដែល​វៀតណាម​ប្រមូល​ទិញ ១ ០៧០ ទៅ ១ ០៨០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម​ កាលពី​ថ្ងៃ​ចន្ទ​បាន​កើនឡើង​ដល់ ១ ១០០ ​ទៅ​ ១ ១២០ រៀល​នា​ថ្ងៃ​អង្គារ​នេះ​។

លោក​អះអាង​ថា​៖ «​តម្លៃ​ខ្ពស់​បែបនេះ​គឺ​មិនមាន​ឈ្មួញ​ក្នុងស្រុក ឬ​ម្ចាស់​រោង​ម៉ាស៊ីន​ក្នុង​ស្រុក​ណា​ហ៊ាន​ទិញ​ទេ​»​។ លោក​បន្តថា​៖ «​ខ្ញុំ​មិនទាន់​ទិញ​ទេ រង់ចាំ​មើល​ឲ្យ​ចុះថ្លៃ​បន្តិច​សិន​»​។

លោក​បាន​ប្រាប់​ទៀត​ថា ដោយសារ​ពេលនេះ​ជា​ចុងដៃ​ទៅ​ហើយ​នោះ ហេតុនេះ​គុណភាព​ស្រូវ​ក៏​មិនសូវ​ល្អ​ដែរ​។ លោក​បាន​និយាយថា​៖ «​តម្លៃ​ស្រូវ​នឹង​ធ្លាក់ចុះ​ខ្លះ​ចាប់ពី​ថ្ងៃទី​ ៦ ខែមេសា តទៅ​»​។

លោក​ប្រាប់ទៀត​ថា ទន្ទឹមនឹង​ការសម្រុក​ចូលមក​ប្រមូល​ទិញ​ពី​សំណាក់​ឈ្មួញ​វៀតណាម​នេះ ខាង​ធនាគារ​អភិវឌ្ឍន៍​ជនបទ (ARDB) ក៏បាន​ប្រាប់​ឲ្យ​ពួកគាត់​ជួញ​ប្រមូល​ទិញស្រូវ​យក​មក​ស្តុក​ទុក​ដែរ ដោយ ARDB បាន​សន្យាថា​នឹង​ទម្លាក់​ទុន​ខ្លះ​ឲ្យ​ខ្ចី​យក​ទៅ​ប្រើប្រាស់​។

ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម (ARDB) ​ដែល​ជា​ធនាគារ​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី​ ៣០ ខែមីនា បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​សរសេរថា «​អនុវត្តតាម​អនុសាសន៍​ណែនាំ​ដ៏ខ្ពង់ខ្ពស់ និង​បទបញ្ជា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃទី​ ៣០ ខែ មីនា ឆ្នាំ​ ២០២០ ដែល​សម្រេច​ផ្អាក​ការនាំចេញ​ស្រូវ និង​អង្ករស​ជា​បណ្តោះអាសន្ន​ទៅ​បរទេស​ចាប់ពី​ថ្ងៃទី​ ៥ ខែ​ មេសា ឆ្នាំ​ ២០២០ ម៉ោង​ ២៣:៥៩ នាទី​ តទៅ​ក្នុង​គោលបំណង​ដើម្បី​ធានាបាន​នូវ​សន្តិសុខ​ស្បៀង​ក្នុង​កាលៈទេសៈ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម​សូម​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន និង រោង​ម៉ាស៊ីន​ទាំងអស់​បន្ត​ទិញស្រូវ OM 5451 និង IR 85 (504) ពី​កសិករ​ក្នុងតម្លៃ​ទីផ្សារ​។

អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម (ARDB) លោក កៅ ថាច បាន​និយាយ​ថា ក្នុងនាម​ជា​ធនាគារ​រដ្ឋ (ARDB) ​តែងតែ​ជួយ​គាំទ្រ​ដល់​វិស័យ​កសិកម្ម​តាមរយៈ​ការទម្លាក់​ប្រាក់​ជួយ​ដល់​រោង​ម៉ាស៊ីន​កិនស្រូវ​ដើម្បី​ឲ្យ​ពួកគាត់​មាន​លទ្ធភាព​កាន់តែ​ច្រើន​ក្នុង​ការប្រមូល​ទិញស្រូវ​ពី​ប្រជាកសិករ​មក​ស្តុក​ទុក​។ លោក​បន្តថា នៅពេល​ដែល​រដ្ឋាភិបាល​កំណត់​វិធាន​ផ្អាក​ការនាំចេញ ARDB ត្រូវតែ​ខិតខំ​ដើម្បី​ជួយ​ឲ្យ​រដ្ឋាភិបាល​អាច​សម្រេច​បាន​តាម​ផែនការ​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​យើង​កំពុងតែ​ត្រៀម​ដើមទុន​ផ្ទាល់​របស់​ធនាគារ ដើម្បី​បញ្ចេញ​ទៅ​ជួយ​ដល់​រោង​ម៉ាស៊ីន​ក្នុង​ការប្រមូល​ទិញស្រូវ​ពី​កសិករ​»​។

បើតាម​លោក កៅ ថាច បច្ចុប្បន្ន​ក្នុងចំណោម​មូលធន​របស់​ធនាគារ​អភិវឌ្ឍន៍​ជនបទ​គឺ​មាន​ប្រមាណ ៧០-៨០ ​ភាគរយ​ ដែល​ត្រូវ​បានផ្តល់​ទៅ​ឲ្យ​វិស័យ​ស្រូវ​អង្ករ​។

កាលពី​ឆ្នាំ​ ២០១៩ ការនាំចេញ​ស្រូវ​ទៅកាន់​ប្រទេស​វៀតណាម មាន​បរិមាណ ២,១៥ ​លាន​តោន​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​៕ LA