The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - តម្លៃ​គ្រាប់​ស្វាយ​ចន្ទី​ធ្លាក់ចុះ នៅ​ដើម​រដូវ​នៃ​ការ​ប្រមូល​ផល

តម្លៃ​គ្រាប់​ស្វាយ​ចន្ទី​ធ្លាក់ចុះ នៅ​ដើម​រដូវ​នៃ​ការ​ប្រមូល​ផល

Content image - Phnom Penh Post
សមាជិក​សមាគមស្វាយចន្ទីខេត្តកំពង់ធំ កំពុងពិនិត្យគ្រាប់ស្វាយចន្ទី​ដែលកែច្នៃរួច​មុន​វេចខ្ចប់​​។ ហុង មិនា

តម្លៃ​គ្រាប់​ស្វាយ​ចន្ទី​ធ្លាក់ចុះ នៅ​ដើម​រដូវ​នៃ​ការ​ប្រមូល​ផល

កំពង់ធំៈ​ តម្លៃ​គ្រាប់​ស្វាយ​ចន្ទី នៅ​ដើម​​រដូវ​ប្រមូល​ផល​នៅ​​ខេត្ត​កំពង់ធំ ​ដែល​ជា​ខេត្ត​ដាំដុះ​ស្វាយ​ចន្ទី​​ច្រើន​បំផុត​មួយ​នៅ​​​​កម្ពុជា​ ធ្លាក់​ចុះ​ ៥ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន ​ដោយ​សារ​តែ​ការ​ផ្គត់ផ្គង់​ច្រើន​ជាង​តម្រូវ​ការ​។ នេះ​បើ​​តាម​អាជ្ញាធរ​ខេត្ត​។​

លោក ​ស្រ៊ុន ​ហេង ​ប្រធាន​មន្ទីរ​​ពាណិជ្ជកម្ម​ខេត្ត​កំពង់ធំ​ បាន​ឲ្យ​ដឹង​ថា តម្លៃ​ត្រូវ​បាន​​ប្រែប្រួល​​ផ្អែក​លើ​កំណើន​បរិមាណ​ផល​ និង​គុណភាព​នៃ​គ្រាប់​ស្វាយចន្ទី​។​លោក​ថ្លែង​ថា​៖ «​ដោយ​សារ​តែ​ការ​ផ្គត់ផ្គង់ ​ច្រើន​ជាង​តម្រូវ​ការ ​ជា​មួយ​នឹង​​គុណភាព​របស់​គ្រាប់​ស្វាយ​ចន្ទី គឺ​ជា​បញ្ហា​​ដ៏​សំខាន់​ ក្នុង​ការ​ធានា​តម្លៃ​ផង​ដែរ​»​។​

លោក​ ហេង ​បាន​ឲ្យ​ដឹង​ថា ​ខណៈ​​កម្ពុជា​មាន​សក្ដានុពល​ល្អ​​សម្រាប់​ផលិតផល​ស្វាយ​ចន្ទី ​ប្រទេស​នេះ​គួរ​តែ​មាន​រោងចក្រ​កែច្នៃ ​ដែល​នឹង​ធានា​ដល់​​ស្ថិរភាព​សម្រាប់​វិស័យ​នេះ​។​

លោក​លើក​ឡើង​ថា​៖ «​យើង​អាច​ធានា​តម្លៃ​សម្រាប់​កសិករ ​យ៉ាង​ហោច​ណាស់ ​យើង​មាន​រោងចក្រ​កែច្នៃ ដែល​ប្រសើរ​​ជាង​លក់​វត្ថុ​ធាតុ​ដើម​ឲ្យ​ឈ្នួញ​កណ្ដាល»​។ ​លោក​បន្ថែម​ថា​ រហូត​មក​ដល់​ពេល​នេះ​ ក្រុមហ៊ុន​ជា​ច្រើន​បាន​មក​សិក្សា​ពី​សក្ដានុពល​នៃ​ការ​វិនិយោគ ​ប៉ុន្តែ​មិន​ដែល​កើត​ឡើង​នោះ​ទេ​រហូត​មក​ដល់​ពេល​នេះ​។​

តម្លៃ​គ្រាប់​ស្វាយ​ចន្ទី​នៅ​ពេល​​​ចាប់​ផ្តើម​ប្រមូល​ផល​នេះ​មាន​​ ៥ ០០០ ​រៀល​ក្នុង​មួយ​គីឡូ​ក្រាម ​ធៀប​នឹង​ពី ៦ ០០០ ​ទៅ ​៧ ០០០ ​រៀល​​​ពី​ឆ្នាំ​មុន​។ នេះ​បើ​តាម​​លោក ​ស្រ៊ុន ​ហេង​។​

ក្រសួង​​កសិកម្ម​កម្ពុជា ​និង​សមាគម​ស្វាយ​ចន្ទី​របស់​វៀតណាម ​(Vinacas) បាន​ចុះ​​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា កាល​ពី​ឆ្នាំ​មុន ដើម្បី​បង្កើន​ការ​នាំចេញ​គ្រាប់​ស្វាយ​​​ចន្ទី​របស់​កម្ពុជា​ដល់​ ​១ ​​លាន​តោន​ត្រឹម​ឆ្នាំ ​២០២​៨​។​

Vinacas ​ផ្ដល់​ដល់​ក្រសួង​នូវ​​ជំនួយ​ឥត​សំណង ​៦៦ ​០០​០ ​ដុល្លារ ​ដើម្បី​គាំទ្រ​ការ​កំណត់​ទិសដៅ​ដូច​គ្នា​នេះ។​

ប៉ុន្តែ​មក​ដល់​ពេល​នេះ​​​មិន​មាន​កិច្ច​ព្រមព្រៀង​ផ្លូវ​ការ​ណា​មួយ ពី​​ក្រុមហ៊ុន​វៀតណាម​នេះ​កើត​ឡើង​​ទេ​។ នេះ​បើ​​​តាម​​លោក ​ស៊ុយ ​កុកទៀន ​អនុ​ប្រធាន​សមាគម​គ្រាប់​ស្វាយ​ចន្ទី​ខេត្ត​កំពង់ធំ​។ ​​លោក​ថ្លែង​ថា​​៖ «​យើ​ង​​​មិន​ឮ​អ្វី​អំពី​កិច្ច​ព្រមព្រៀង​ផ្លូវ​ការ ឬ​ជំនួយ​បច្ចេកទេស​​ណា​មួយ​ពី​​ក្រុមហ៊ុន​វៀតណាម​ នោះ​ទេ​»​។​

លោក​ឲ្យ​ដឹង​ថា​ តម្លៃ​នៅ​តែ​​មិន​​មាន​ស្ថិរភាព ​ខណៈ​កសិករ​​មិន​​អាច​ធានា​គុណភាព ​ដោយ​សារ​​កង្វះ​ការ​គាំទ្រ​​ផ្នែក​បច្ចេកទេស​ក្នុង​ការ​ដាំដុះ ​និង​ប្រមូល​ផល​​​។​ ​លោក​ថ្លែង​ថា​៖ «​យើង​មាន​សក្ដានុពល​ដ៏​ធំ​រួច​ហើយ សម្រាប់​​ការ​ផលិត​គ្រាប់​ស្វាយ​​ចន្ទី ​ប៉ុន្តែ​បញ្ហា​ប្រឈម ​គឺ​កង្វះ​ការ​យល់​ដឹង​អំពី​ការ​ធ្វើ​កសិកម្ម​តាម​បច្ចេកទេស​ ដែល​​កសិករ​​មិន​​អាច​យល់​ដឹង​អំពី​គុណភាព និង​ស្ដង់ដារ​​នោះ​ទេ​»។ លោក​បន្ថែម​ថា ​សមាគម​នេះ​មាន​សមាជិក​ជាង ​៣០០ ​គ្រួសារ​។​

ផ្ទៃ​ដី​ដាំដុះ​ស្វាយ​ចន្ទី​នៅ​ក្នុង​ ​២២ ខេត្ត​សរុប​ ១៤៩​ ៦៦០ ​ហិកតា ​ហើយ​ជិត ​៦០ ​ភាគរយ​ជា​​ផ្ទៃ​ដី​ដែល​អាច​ប្រមូល​​ផល​បាន​ ដោយ​មាន​​​បរិមាណ​ផល ​១១៦ ​៣៤៣ ​តោន​កាល​ពី​ឆ្នាំ​ ២០១៨ ​។ នេះ​បើ​យោង​តាម​តួលេខ​បាន​ពី​ក្រសួង​កសិកម្ម។ តួលេខ​នេះ​បង្ហាញ​ថា ​កម្ពុជា​បាន​នាំ​ចេញ​គ្រាប់​ស្វាយ​ចន្ទី​ ៧៣ ០០​០ ​តោន​​កាល​ពី​ឆ្នាំ ​២០១៧​។​

កម្ពុជា​អាច​​ផលិត​គ្រាប់​ស្វាយ​​ចន្ទី​​មិន​ទាន់​កែ​ច្នៃ​ ​១ តោន​ក្នុង​មួយ​ហិកតា​ នៃ​ផ្ទៃ​ដី​ដាំដុះ ​ខណៈ​​វៀតណាម​អាច​ទទួល​បាន​ទិន្នផល​ជាង ​២ ​តោន​។​

HEKS/EPER ជា​អង្គការ​​មិន​មែន​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​​ប្រទេស ​ស្វ៊ីស បាន​ប្រកាស​​កាល​ពី​ឆ្នាំ​មុន​នូវ​​គម្រោង​អភិវឌ្ឍន៍​តម្លៃ ៧,​៨ ​លាន​​ដុល្លារ ​រយៈ​ពេល ​៤ ​ឆ្នាំ​សម្រាប់​ដំណាំ​ស្វាយ​ចន្ទី​នៅ​កម្ពុជា​ ដោយ​មាន​ទិសដៅ​កែ​លម្អ​ជីវភាព​រស់​នៅ​របស់​គ្រួសារ​នៅ​តំបន់​ជន​បទ​។​

គម្រោង​នេះ​ដាក់​ឲ្យ​អនុវត្ត​​ពី​ឆ្នាំ ២០១៨ ​ដល់​ឆ្នាំ ​២០២២​ ​ក្នុង​ខេត្ត​ទិសដៅ​ ៧ គឺ​ពោធិ៍សាត់​ កំពង់ឆ្នាំង​ ព្រៃវែង​ ត្បូងឃ្មុំ ​ក្រចេះ ​មណ្ឌលគិរី​ និង​ស្ទឹងត្រែង​។​​

លោក ឆាយ​ លៀង​ ជា​ម្ចាស់​ចម្ការ ​១០០ ហិកតា ​នៅ​ខេត្ត​​កំពង់ធំ បាន​ឲ្យ​ដឹង​ថា តម្លៃ​គ្រាប់​ស្វាយ​ចន្ទី​នៅ​ពេល​ចាប់​ផ្តើម​​ប្រមូល​ផល​នេះ​​បាន​ធ្លាក់​ចុះ​​ធៀប​នឹង​រដូវ​​ប្រមូល​ផល​កាល​ពី​ឆ្នាំ​មុន​។​ ​

លោក​ថ្លែង​ថា​៖ «​ទិន្នផល​គ្រាប់​ស្វាយ​ចន្ទី​ គឺ​ល្អ ប៉ុន្តែ​តម្លៃ ​គឺ​មិន​ដូច​កាល​ពី​ឆ្នាំ​មុន​នោះ​ទេ វា​ពិបាក​​​ក្នុង​ការ​និយាយ​អំពី​តម្លៃ​ទីផ្សារ​ណាស់ ខណៈ​​​យើង​​នៅ​តែ​ពឹង​ផ្អែក​លើ​ឈ្មួញ​​កណ្ដាល​ដែល​នាំចេញ​បន្ត​​ទៅ​វៀតណាម»៕​LA​

អត្ថបទគួរចាប់អារម្មណ៍