ភ្នំពេញ: តម្លៃ​ជ័រកៅស៊ូ​កំពុង​ហក់​ឡើង​ខ្ពស់​គួរឱ្យ​កត់សម្គាល់​ចាប់ពី​ដើមខែ​តុលា​នេះ ដោយសារ​តែ​តម្រូវការ​វត្ថុធាតុដើម​ក្នុង​ឧស្សាហកម្ម​ដែល​ងើប​ឡើងវិញ​ក្រោយ​ភាពយឺតយ៉ាវ​បង្កឡើង​ដោយ​ក្តីបារម្ភ​នៃ​ការឆ្លង​រាតត្បាត​ជំងឺ​កូវីដ ​១៩ ស្រប​ជាមួយ​ប្រទេស​ផលិត​ជ័រកៅស៊ូ​ជាច្រើន​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​។ យោងតាម​អ្នកជំនាញ​ក្នុង​វិស័យ​កៅស៊ូ​។

លោក ម៉ុង ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប ដែល​វិនិយោគ​លើ​ដាំដុះ​កៅស៊ូ ដូងប្រេង និង​ស្វាយ​បាន​ឱ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃ​ចន្ទ ទី​ ១៩ ខែ​តុលា តម្លៃ​កៅស៊ូ​សន្លឹក RSS3 បាន​ហក់​ឡើង​រហូត​ដល់ ២ ២០០ ដុល្លារ​ក្នុង​ ១ តោន កៅស៊ូ CSR L មានតម្លៃ​ ១ ៥៣០ ​ដុល្លារ​ ក្នុង ១ ​តោន កៅស៊ូ CSR5 តម្លៃ ១ ៥០០ ដុល្លារ​ ក្នុង​ ១ ​តោន និង​កៅស៊ូ CSR10 តម្លៃ ១ ៤០០ ដុល្លារ ​ក្នុង​ ១ ​តោន​។

យោងតាម​អគ្គនាយកដ្ឋាន​កៅស៊ូ​កម្ពុជា តម្លៃ​កៅស៊ូ​ជា​មធ្យម​ក្នុង​ខែ​កញ្ញា​គឺ​ ១ ៣១៤ ដុល្លារ​ ក្នុង​ ១ ​តោន​។

លោក​ថ្លែងថា​៖ «​នេះ​ជា​ដំណឹង​ល្អ​សម្រាប់​ប្រជាកសិករ​ខ្នាតតូច មធ្យម និង​ខ្នាត​ធំ​ដែល​ប្រកបរបរ​រកស៊ី​លើ​វិស័យ​កសិកម្ម កសិឧស្សាហកម្ម​កៅស៊ូ​»​។

ទោះ​ជា​បែបនេះ​ក្តី​លោក ម៉ុង ឫទ្ធី កត់សម្គាល់​ថា វិស័យនេះ​ប្រឈម​នឹង​ស្ថាន​ភាពលំបាក​ដោយសារ​ខ្វះ​កម្លាំង​ពលកម្ម​សម្រាប់​ប្រមូលផល​កៅស៊ូ​។

លោក​បាន​ពន្យល់ថា តម្លៃ​កៅស៊ូ​ហក់​ឡើង​នៅពេល​នេះ​ដោយសារ​តម្រូវការ​ទីផ្សារ​កៅស៊ូ​ច្រើន​នៅលើ​ទីផ្សារ​អន្តរជាតិ ខណៈ​ដែល​ការផ្គត់ផ្គង់​ថយចុះ​ក្នុងអំឡុង​ពេល​ប្រទេស​ផលិត​កៅស៊ូ​នៅក្នុង​តំបន់​ជួប​គ្រោះទឹកជំនន់​។

លោក​និយាយថា​៖ «​ឥទ្ធិពល​គ្រោះធម្មជាតិ​ទឹកជំនន់​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការប្រមូលផល​ជ័រកៅស៊ូ ដែល​នាំឱ្យ​ការផ្គត់ផ្គង់​កៅស៊ូ​លើ​ទីផ្សារ​មិន​គ្រប់គ្រាន់​បាន​ជំរុញ​ឱ្យ​តម្លៃ​កៅស៊ូ​ហក់ឡើង​នៅពេលនេះ​»​។

លោក គូរ ផល្លី អនុប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​កៅស៊ូ​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា តម្លៃ​កៅស៊ូ​គ្រួសារ​ក៏​ឡើងថ្លៃ​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ដោយ​តម្លៃ​កៅស៊ូ​កក​កើន​ពី​ ២ ១០០ ​រៀល​ក្នុង ១ គីឡូក្រាម​ដល់​ចន្លោះ​ពី​ ២ ៥០០ ​រៀល​ទៅ ២ ៧០០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម​។

លោក​ថ្លែងថា​៖ «​តម្លៃ​កៅស៊ូ​ហក់​ឡើង​នេះ​បានចាប់ផ្តើម​តាំងពីដើម​ខែតុលា​នេះ ហើយ​ឥទ្ធិពល​នៃ​ជំងឺ​កូវីដ ​១៩​ ក៏បាន​ជំរុញ​ឱ្យ​មាន​តម្រូវ​ការផលិត​ជ័រកៅស៊ូ​សម្រាប់​ផលិត​ស្រោមដៃ និង​ផលិត​សម្បក​កង់​រថយន្ត​មានការ​កើនឡើង​»​។

បើតាម​លោក ផល្លី តម្លៃ​កៅស៊ូ​ក្នុងស្រុក​នឹង​ងើប​ឡើងវិញ​នៅពេល​អនាគត ដោយសារ​កត្តា​កែប្រែ​ផ្ទៃដី​ដាំ​ដុះ​កៅស៊ូ​របស់​កម្ពុជា​ទៅជា​ដំណាំ​ឧស្សាហកម្ម​ផ្សេងៗ ស្របពេល​ប្រទេស​អ្នកផលិត​កៅស៊ូ​ធំៗ​ចន្លោះ​ពី ៥០ ទៅ​ ៨០ ​ម៉ឺន​ហិកតា​កំពុង​ប្រឈម​នឹង​ជំងឺ​អុច​ជ្រុះ​ស្លឹក​ (Pestalotionsis) ​លើ​ដំណាំ​កៅស៊ូ​ដែល​នឹង​ធ្វើឱ្យ​ការផ្គត់ផ្គង់​ថយចុះ​។

តម្លៃ​កៅស៊ូ​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ជាង​ ៥ ០០០ ​ដុល្លារ​ ក្នុង​ ១ ​តោន​ ក្នុង​ឆ្នាំ​ ២០១១ និង​ ២០១២ ​ដល់​ជាង​ ១ ០០០ ​ដុល្លារ​នាពេល​បច្ចុប្បន្ន​នេះ​។ នេះ​បើ​ផ្អែក​តាម​ការចេញផ្សាយ​របស់​ ភ្នំពេញ ប៉ុស្តិ៍​។

លោក ហេង ស្រេង អ្នក​ចាត់ការ​ទូទៅ​ក្រុមហ៊ុន​ចម្ការកៅស៊ូ​បឹងកេត​នៅ​ខេត្តកំពង់ចាម​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ៩ តុលា​ ថា ក្រុមហ៊ុន​លោក​បាន​នាំចេញ​ជ័រកៅស៊ូ​ថយចុះ​ប្រហែល​ ៣០ ​ភាគរយ ដោយសារ​ការប្រមូល​ទិន្នផល​ធ្លាក់ចុះ​។

លោក​ក៏បាន​កត់សម្គាល់​ថា ក្រុមហ៊ុន​លោក​កែប្រែ​ដីចម្ការ​កៅស៊ូ​ងាក​ទៅ​ដាំចេក​អំបូង​លឿង​វិញ​ដែលមាន​តម្រូវការ​ទីផ្សារ​ខ្ពស់ ជាពិសេស​ទីផ្សារ​ប្រទេស​ចិន​។ រហូតមកដល់​ពេលនេះ​ក្រុមហ៊ុន​បាន​កែប្រែ​ដី​ជា​ចម្ការចេក​កើន​រហូត​ដល់​ជាង ២ ០០០ ហិកតា​។

ទិន្នន័យ​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​បង្ហាញថា ការនាំចេញ​កៅស៊ូ​ពី​ប្រទេស​កម្ពុជា​សម្រេច​បាន​ចំនួន ១៧៩ ៦២១ តោន​ ក្នុង​រយៈពេល ៩ ​ខែ​ដើមឆ្នាំ​ ២០២០ កើនឡើង ៣,៧៨ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ទិន្នន័យ​ក៏​បង្ហាញថា កម្ពុជា​មាន​ផ្ទៃដី​ដាំដុះ​កៅស៊ូ​សរុប​ ៤០៣ ១៩៥ ​ហិកតា ដោយ​ផ្ទៃដី​ ២៩០ ៦០៩ ​ហិកតា​ ស្មើនឹង​ ៧២ ភាគរយ អាចចៀរ​ជ័រ​បាន​៕ LA