ភ្នំពេញៈ ទោះបី​តម្លៃ​ជ្រូក​ក្នុង​ស្រុក​បាន​កើនឡើង​ ២ ​ដង​ចាប់ពី​ត្រីមាស​ទី​ ២ ក៏​កសិករ និង​អ្នក​ចិញ្ចឹម​ជ្រូក​ទ្រង់ទ្រាយ​តូច បង្ហាញ​ពី​ការ​មិន​ទុកចិត្ត ខណៈ​ទីផ្សារ​នេះ​មិន​ត្រូវ​បាន​យក​ចិត្ត​ទុកដាក់​ពី​រដ្ឋាភិបាល​។ នេះ​បើ​យោង​តាម​អ្នក​រកស៊ី​ក្នុង​ឧស្សាហកម្ម​ជ្រូក​។

អ្នក​រកស៊ី​នៅក្នុង​ឧស្សាហកម្ម​នេះ​បាន​ថ្លែង​ថា ការកើនឡើង​តម្លៃ​ដោយសារ​ការធ្លាក់ចុះ​ការនាំ​ចូល​ពី​វៀតណាម​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​។

តម្លៃ​ជ្រូក​ កើនឡើង​ពី​ ១,១ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​ដល់ ២,២ ​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម បច្ចុប្បន្ន​តម្លៃ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ប្រាក់​ចំណេញ សម្រាប់​អ្នក​ផ្គត់ផ្គង់​ក្នុង​ស្រុក ប៉ុន្តែ​ការកើនឡើង​នេះ​មិន​ត្រូវ​បាន​ស្វាគមន៍​ដោយ​​កសិករ​ក្នុង​ស្រុក និង​ វិស័យ​ឯកជន​នោះ​ទេ ដោយសារ​ពួកគេ​បាន​រង​នូវ​ការខាតបង់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ដោយ​មិន​មាន​អន្តរាគមន៍​ណា​មួយ​ពី​រដ្ឋាភិបាល ពេល​ទីផ្សារ និង​ការ​ផ្គត់ផ្គង់​ត្រូវ​ពឹង​លើ​បណ្ដា​ប្រទេស​ជិត​ខាង​។

យោង​តាម​លោក លី ឡាវីល អ្នក​គ្រប់គ្រង​ទូទៅ​នៅ​ក្រុមហ៊ុន M’s Pig ACMC (Cambodia) Co.,Ltd ជា​កសិដ្ឋាន​ចិញ្ចឹម​សត្វ​ជ្រូក​របស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប តម្លៃ​ជ្រូក​បាន​ធ្លាក់​ចុះ​តាំងពី​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៥ រហូត​ដល់​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០១៨​។

លោក​ថ្លែង​ថា​៖ «​ទោះបី​ជា​តម្លៃ​ជ្រូក​កើនឡើង​ ២ ​ដង​ក៏ដោយ ក៏​វា​នៅ​តែ​មិន​ត្រូវ​បាន​ស្វាគមន៍​ដោយ​កសិករ​ក្នុង​ស្រុក​នោះ​ទេ ដោយសារ​ពួកគេ​រង​ការខាតបង់​ជាច្រើន​ឆ្នាំ​មក​ហើយ រដ្ឋាភិបាល​មិន​អាច​ជួយ​គ្រប់គ្រង​តម្លៃ​សម្រាប់​កសិករ​នោះ​ទេ​»​។

លោក​បន្ត​ថា ៣០ ​ភាគរយ​នៃ​កសិករ​ក្នុង​ស្រុក​បាន​បោះបង់​ចោល​ការចិញ្ចឹម​ជ្រូក​ក្នុង​អំឡុង​ជួប​ប្រទះ​នៃ​ការ​តម្លៃ​ធ្លាក់​ចុះ​នេះ​។

លោក​បាន​ថ្លែង​ថា​៖ «​កសិករ​ក្នុង​ស្រុក​កំពុង​រង់ចាំ​មើល​ទីផ្សារ​ជ្រូក តើ​វា​មាន​ស្ថិរភាព​ដូចម្ដេច​? ពួកគេ​ខ្លាច​មិន​ហ៊ាន​ចាប់ផ្ដើម​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ជាថ្មី​ទេ​»​។ លោក​បន្ត​ថា​៖ «​ទីផ្សារ​បសុសត្វ​របស់​យើង​ត្រូវ​ពឹង​លើ​ទីផ្សារ​ប្រទេស​ជិត​ខាង វា​ពិបាក​សម្រាប់​ការបង្កើន​ការជឿជាក់​សម្រាប់​កសិករ​ចិញ្ចឹម​ជ្រូក​ណាស់​»​។

លោក​បញ្ជាក់​ថា​តម្លៃ​ជ្រូក​ក្នុង​ស្រុក​ធ្លាក់​ចុះ​ជាង​ ៣ ​ឆ្នាំ​ចាប់​តាំងពី​ឆ្នាំ ២០១៥ នៅពេល​វៀតណាម​មិន​អាច​នាំ​ចេញ​ទៅ​ប្រទេស​ចិន ហើយ​ផ្ទុយ​ទៅ​វិញ​ពួកគេ​នាំ​ចេញ​កាន់តែ​ច្រើន​មក​កម្ពុជា​ក្នុង​តម្លៃ​ទាប​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ក្នុង​ស្រុក​។

លោក​ថ្លែង​ថា​៖ «​វិបត្តិ​ជ្រូក​នៅក្នុង​ប្រទេស​កម្ពុជា ដោយសារ​ការហូរចូល​ជ្រូក​មកពី​ប្រទេស​វៀតណាម​ក្នុង​តម្លៃ​ទាប ខណៈ​វា​ត្រូវ​បាន​ហាមឃាត់​ទៅ​ទីផ្សារ​ប្រទេស​ចិន​»​។ លោក​បន្ថែម​ថា​៖ «​ចាប់​តាំងពី​ការផ្គត់ផ្គង់​ជ្រូក​នៅ​ក្នុង​ប្រទេស​វៀតណាម​ត្រូវ​បាន​គ្រប់គ្រង នៅ​ពេល​នេះ​ទីផ្សារ​ជ្រូក​មាន​ស្ថិរភាព ហើយ​តម្លៃ​ត្រឡប់​ទៅ​រក​ភាព​ធម្មតា និង​ប្រាក់​ចំណេញ​សម្រាប់​កសិករ​»​។

យោង​តាម​លោក ឡាវីល ជ្រូក​រស់​ប្រហែល​ពី ៨ ០០០ ក្បាល ទៅ​ ១០ ០០០ ​ក្បាល​ត្រូវ​បាន​លក់​ជា​រៀងរាល់​ថ្ងៃ​ទូទាំង​ប្រទេស​ក្នុង​ចំណោម​នោះ​តិច​ជាង​ពាក់កណ្ដាល​ត្រូវ​បាន​ចិញ្ចឹម​នៅក្នុង​ស្រុក​ដែល​មិន​អាច​​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​បាន​។

លោក ជេត ភិរម្យ អនុប្រធាន​សមាគម​ចិញ្ចឹមសត្វ​ក្នុង​ស្រុក​កម្ពុជា​បាន​ថ្លែង​ថា ទីផ្សារ​ជ្រូក​ត្រូវ​បាន​កើនឡើង មិនមែន​ដោយសារ​ការអន្តរាគមន៍​ណា​មួយ​ពី​រដ្ឋាភិបាល​នោះ​ទេ វា​ដោយសារ​ទីផ្សារ​ប្រទេស​ជិត​ខាង​ប៉ុណ្ណោះ​។

លោក​ថ្លែង​ថា​៖ «​តម្លៃ​ជ្រូក​ត្រូវ​បាន​កើនឡើង មិនមែន​កើត​ចេញ​ពី​ការជួយ​ពី​រដ្ឋាភិបាល ឬ​​ អន្តរាគមន៍​ណា​មួយ​ពី​រដ្ឋាភិបាល​នោះ​ទេ វា​ដោយសារ​តែ​ការកើនឡើង​តម្លៃ​នៅ​ប្រទេស​ជិត​ខាង ទោះបី​កសិករ​ចិញ្ចឹម​ជ្រូក​យើង​មិន​ទទួល​បាន​ប្រាក់​ចំណេញ​ពី​ការកើនឡើង​តម្លៃ​នោះ​ក៏ដោយ តែ​ពួកគេ​បាន​បោះបង់​ចោល​រួច​ហើយ​តាំងពី​តម្លៃ​បាន​ធ្លាក់​ចុះ​ម្ល៉េះ​»​។

លោក សឿន វីរៈ កសិករ​ចិញ្ចឹម​ជ្រូក​នៅ​ខេត្ត​តាកែវ​ដែល​បាន​បោះបង់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​របស់​លោក​កាលពី​ឆ្នាំ​មុន​បាន​ថ្លែង​ថា វា​ពិបាក​ក្នុង​ការ​ចាប់ផ្ដើម​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ជាថ្មី ដោយសារ​តែ​ទីផ្សារ​នេះ​ត្រូវ​បាន​ប្រែប្រួល​។

លោក​ថ្លែង​ថា​៖ «​វា​មិន​ងាយស្រួល​សម្រាប់​ពួកយើង​ជា​កសិករ​នោះ​ទេ ដោយសារ​តែ​ពួកយើង​ធ្លាប់​ទទួល​រង​ផលប៉ះពាល់​ពី​ទីផ្សារ​នេះ​»​។ លោក​បន្ត​ថា​៖ «​វា​ពិបាក​ក្នុង​ការ​ស្ដារ​ជាថ្មី​នូវ​ការខាតបង់​នេះ ទោះបី​ជា​តម្លៃ​បាន​កើនឡើង​ក៏ដោយ ដូចជា​មិន​មាន​ទំនុក​ចិត្ត​លើ​ទីផ្សារ​នេះ​ទេ រយៈពេល​ខាតបង់​យូរ​ជាង​រយៈពេល​ទទួល​បាន​ប្រាក់​ចំណេញ​»​។

លោក សៀង សុខលីន ប្រធាន​ផ្នែក​ផលិតផល​សត្វ​នៅ​ក្នុង​ក្រសួង​កសិកម្ម បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​អំពី​ទីផ្សារ​នេះ​៕ LA