ភ្នំពេញៈ តម្លៃជ្រូករស់នៅតែរក្សាស្ថិរភាពចាប់តាំងពីការកាត់បន្ថយការនាំចូលជ្រូកពីវៀតណាមក្នុងរយៈពេល ២-៣ ខែចុងក្រោយនេះ ខណៈការផ្គត់ផ្គង់ក្នុងស្រុកមានកាន់តែខ្ពស់។ នេះបើយោងតាមអ្នកនៅក្នុងឧស្សាហកម្ម។
ការធ្លាក់ចុះតម្លៃជ្រូកបានចាប់ផ្ដើមកាលពីឆ្នាំ ២០១៥ ដោយសារប្រទេសចិនបញ្ឈប់ការនាំចូលជ្រូកពីវៀតណាម ដោយសារតែបញ្ហាគុណភាពដែលធ្វើឲ្យវៀតណាមបង្វែរជ្រូកទាំងនោះមកកម្ពុជាវិញក្នុងតម្លៃទាប។
វិធានការនេះបានធ្វើឲ្យតម្លៃជ្រូកនៅកម្ពុជាធ្លាក់ចុះពីប្រមាណ ២ ដុល្លារមកនៅត្រឹមជាង ១ ដុល្លារក្នុង ១ គីឡូក្រាម។ នេះបើយោងតាមលោក លី ឡាវីល អ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន M’s Pig ACMC (Cambodia) Co Ltd របស់ក្រុមហ៊ុនម៉ុង ឫទ្ធី។
ប៉ុន្តែលោកឲ្យដឹងថាតម្លៃចាប់ផ្ដើមកើនឡើងដល់ជាង ២ ដុល្លារចាប់តាំងពីពាក់កណ្ដាលឆ្នាំនេះដោយសារស្តុកជ្រូកដែលវៀតណាមបង្វែរពីទីផ្សារចិនមកកម្ពុជាលែងមាន។
លោកថ្លែងថា៖ «ដោយសារតែវៀតណាមបានសម្អាតស្ដុករបស់ខ្លួនអស់ហើយ ខណៈកសិករក្នុងស្រុកភាគច្រើនក្ស័យធន ហើយមិនមានទំនុកចិត្តក្នុងការចាប់ផ្ដើមឡើងវិញនោះទេ»។
លោកបន្តថា៖ «ទីផ្សារជ្រូករបស់យើងគឺពឹងលើបណ្ដាប្រទេសជិតខាងវាពិបាក សម្រាប់កសិករចិញ្ចឹមជ្រូករបស់យើងក្នុងការបង្កើតទំនុកចិត្ត ដោយសារតែគ្មានគោលនយោបាយពីរដ្ឋាភិបាលក្នុងការការពារកសិកររបស់យើង»។
លោក សៀង សុខលីន ប្រធាននាយកដ្ឋានផលិតកម្ម និងបសុព្យាបាលនៅក្រសួងកសិកម្មបានឲ្យដឹងថា តម្រូវការខ្ពស់ក្នុងស្រុកបានជំរុញកំណើនតម្លៃក្នុងរយៈពេលចុងក្រោយនេះ។
លោកថ្លែងថា៖ «តម្លៃកើនឡើងដោយសារតែការប្រើប្រាស់សាច់កើនឡើង ហើយការផ្គត់ផ្គង់ជ្រូកមិនគ្រប់គ្រាន់»។ លោកបន្តថាក្រសួងមានគោលនយោបាយលើកកម្ពស់កសិករចិញ្ចឹមជ្រូកក្នុងស្រុករួចហើយ ប៉ុន្តែលោកបានបដិសេធអត្ថាធិប្បាយ។
ទោះបីជាក្រសួងអនុញ្ញាតឲ្យនាំចូលជ្រូករស់តែ ១ ២៥០ ក្បាលប៉ុណ្ណោះក្នុង ១ ថ្ងៃពីវៀតណាម ប៉ុន្តែចំនួនពិតប្រាកដមានរហូតដល់ជាង ២ ០០០ ក្បាល។ នេះបើយោងតាមលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមជ្រូកកម្ពុជា។
ខណៈជាង ៦០ ភាគរយនៃកសិករចិញ្ចឹមជ្រូកមានដើមទុនបន្តិចបន្តួចក្នុងស្រុកបានបោះបង់ចោលលោក ស្រ៊ុន ពៅ មិនបានមើលឃើញគោលនយោបាយណាមួយបានលើកឡើងដោយក្រសួង ដើម្បីលើកកម្ពស់កសិករក្នុងស្រុកនោះទេ។
លោកឲ្យដឹងថាតម្លៃនៅពេលនេះកើនឡើងដល់ ៩ ០០០ រៀលក្នុង ១ គីឡូក្រាមគឺជាតម្លៃល្អសម្រាប់កសិករ។
លោកថ្លែងថា៖ «ប៉ុន្តែពួកគេ (កសិករ) នៅតែបារម្ភអំពីការខាតបង់ ហើយមិនមាននរណាម្នាក់អាចធានាតម្លៃនៅលើទីផ្សារបាននោះទេ»។ លោកបន្ថែមថា កសិករក្នុងស្រុកមានដើមទុនបន្តិចបន្តួច អាចផ្គត់ផ្គង់ជ្រូករស់ចន្លោះពី ២ ០០០ ក្បាល ទៅ ៣ ០០០ ក្បាលក្នុង ១ ថ្ងៃដល់ទីផ្សារ។
ប្រជាជនកម្ពុជាប្រើប្រាស់សាច់ជ្រូកប្រហែល ៣,២ លានក្បាលក្នុង ១ ឆ្នាំ ឬប្រហែល ៨ ៧៦៧ ក្បាល ក្នុង ១ ថ្ងៃ។ នេះបើយោងរបាយការណ៍ពីក្រសួងកសិកម្ម៕LA