ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​អង្ករ​ក្នុង​បរិមាណ​ជាង ១៥ ម៉ឺន​តោន​ទៅ​ទីផ្សារ​អន្តរជាតិ​នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​ ២០២១ ធ្លាក់ចុះ​ជាង ៣៣ ​ភាគរយ​ធៀប​នឹង​ត្រីមាស​ទី​១ ឆ្នាំ​មុន ដោយសារ​តែ​បញ្ហា​កង្វះ​កុងតឺន័រ​ដែល​នាំឱ្យ​តម្លៃ​ដឹកជញ្ជូន​ទំនិញ​ហក់ឡើង​យ៉ាងគំហុក​នៅក្នុង​អំឡុងពេល​នេះ​។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក វេង សាខុន បានឱ្យ​ដឹងថា កម្ពុជា​បាន​នាំចេញ​អង្ករ ១៥៣ ៦៨៨ ​តោន​ នៅក្នុង​រយៈពេល ៣ ​ខែ​ឆ្នាំ​ ២០២១ ថយ ៧៧ ២៦០ ​តោន​ ស្មើ​នឹង ៣៣,៤៥ ​ភាគរយ បើធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២០ ដែល​មាន​ចំនួន ២៣០ ៩៤៨ ​តោន​។

លោក​បន្តថា ក្នុងអំឡុង​ពេលនេះ​ការនាំចេញ​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​បរិមាណ​ច្រើនជាងគេ គឺ ១០៧ ៣៣៩ ​តោន​ស្មើនឹង ៦៩,៨៤ ​ភាគរយ​ក្នុង​នោះ អង្ករ​ផ្ការំដួល និង​អង្ករ​ផ្កាម្លិះ​មាន​ចំនួន ៥៧ ៧១៤ ​តោន​ស្មើនឹង ៣៧,៥៥ ​ភាគរយ​។

ដោយឡែក​អង្ករស​គ្រប់​ប្រភេទ​មាន ៤៣ ៧៧៧ ​តោន​ស្មើនឹង ២៨,៤៩ ​ភាគរយ និង​អង្ករ​ចំហុយ​ចំនួន ២ ៥៧២ ​តោន​ស្មើនឹង ១,៦៧ ​ភាគរយ​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា ក្នុង​រយៈពេល ៣ ​ខែ​ឆ្នាំ​នេះ​មាន​ក្រុមហ៊ុន​នាំ​ចេញ​ចំនួន ៥១ ដោយ​បាន​នាំទៅ​កាន់​ទិសដៅ​ ៤១ ​ប្រទេស​ក្នុង​នោះ​ទិសដៅ​សហភាព​អឺរ៉ុប​ (១៩ ប្រទេស​) ​មាន​បរិមាណ ៣៥ ៤៤២ ​តោន​ស្មើនឹង ២៣,០៦ ​ភាគរយ​។

ទន្ទឹមនឹងនេះ​ការនាំ​ចេញទៅ​ប្រទេស​ចិន ​មាន​បរិមាណ ៨៥ ៣៧០ ​តោន​ ស្មើ ៥៥,៥៥ ​ភាគរយ​, ប្រទេស​អាស៊ាន​ចំនួន ៣ ​ប្រទេស​បរិមាណ ១១ ៦៥៨ ​តោន ស្មើ ៧,៥៩ ​ភាគរយ និង​ទិសដៅ​ដទៃទៀត ១៨ ប្រទេស​ក្នុង​បរិមាណ​សរុប ២១ ២១៨ ​តោន​ ស្មើនឹង ១៣,៨ ​ភាគរយ​។

រដ្ឋាភិបាល​ចិន​កន្លងមក​បានផ្តល់​កូតា​ឱ្យ​កម្ពុជា​នាំ​អង្ករ​ចូលទៅ​ប្រទេស​ខ្លួន ៤០០ ០០០ តោន​ ក្នុង ១ ​ឆ្នាំ​។

លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការកើនឡើង​តម្លៃ​ដឹកជញ្ជូន​ទំនិញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ពិសេស​អឺរ៉ុប​កំពុង​ក្លាយ​ជា​ឧបសគ្គ​ធំ​សម្រាប់​ផែនការ​នាំចេញ​អង្ករ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២១​។

លោក​និយាយថា​៖ «​បញ្ហា​ប្រឈម​ចម្បង​របស់​យើង​ឥឡូវនេះ​គឺ​រឿង​តម្លៃ​ដឹកជញ្ជូន​កំពុង​បន្ត​ឡើង​លើស​មុន ពិសេស​តម្លៃ​ដឹកជញ្ជូន​ទៅ​អឺរ៉ុប​»​។

លោក យ៉ន សុវណ្ណ ប្រធាន​ក្រុមហ៊ុន បាយ័ន សៀរាល​បាន​ឱ្យ​ដឹងថា ការឡើង​ថ្លៃ​ដឹកជញ្ជូន​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ភាពប្រកួតប្រជែង ព្រោះ​តម្លៃ​ផលិតឡើង​ខ្ពស់​។

លោក សុវណ្ណ បាន​ប្រាប់ថា​៖ «​កង្វះ​ទូ​កុងតឺន័រ​បាន​ក្លាយជា​វិបត្តិ​សកល​ដែល​ប្រទេស​នាំចេញ​ភាគច្រើន​កំពុង​ជួបប្រទះ​ដូច​យើង​ដែរ​។ ខ្ញុំ​សង្ឃឹមថា បញ្ហា​នេះ​នឹង​ល្អប្រសើរ​ឡើងវិញ​ក្នុងពេល​ឆាប់ៗ​នេះ​»​។

ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​នាំចេញ​អង្ករ Signature of Asia លោក ចាន់ ពេជ្រ កាលពី​ចុងខែ​មុន​បាន​និយាយ​ថា រនាំង​ដែល​ធ្វើឱ្យ​រាំងស្ទះ​ដល់​ការនាំចេញ​អង្ករ​ពី​កម្ពុជា​គឺ​តម្លៃ​ដឹកជញ្ជូន​ទៅ​អឺរ៉ុប​ដែល​កំពុង​បន្ត​ហក់​ឡើង​ខ្ពស់​ខ្លាំង គឺ​ចន្លោះ​ពី ៤ ០០០ ​ទៅ ៥ ០០០ ដុល្លារ​ក្នុង ១ ​កុងតឺន័រ​ (​ប្រភេទ ២០ ​ហ្វីត​) កើន​ពី​ចន្លោះ ៨០០ ទៅ ១០០០ ​ដុល្លារ​កាលពី​ឆ្នាំមុន​។

លោក​បន្ថែមថា​៖ «​ជា​យោបល់​ផ្ទាល់ខ្លួន ខ្ញុំ​គិត​ថា​ការនាំចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​ឆ្នាំនេះ​នឹងមិន​ខុសពី​ឆ្នាំមុន​ប៉ុន្មាន​ទេ​»​។

ប្រទេស​ចិន​នៅតែ​ជា​ទីផ្សារ​ធំជាងគេ​សម្រាប់​អង្ករ​កម្ពុជា​ដោយ​មាន​ចំនួន ៨៥ ៣៧០ ​តោន បារាំង នៅ​លំដាប់​ទី​ ២ ១៦ ០៦៦ ​តោន ម៉ាឡេស៊ី លេខ​ ៣ មាន ១០ ៧៩៦ ​តោន ហ្គាបុង លេខ​ ៤ មាន​ ៩ ០៥២ តោន ហូឡង់​នៅ​លេខ​ ៥ មាន​ ៤ ៤៦៧ ​តោន​។

ទិន្នន័យ​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​បង្ហាញថា ក្នុង​ឆ្នាំ​ ២០២០ កម្ពុជា​នាំចេញ​អង្ករ ៦៩០ ៨២៩ ​តោន កើនឡើង​ ១១,៤០ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។ ការនាំចេញ​អង្ករ​ទៅ​ចិន​ពី​ឆ្នាំ​ ២០២០ មាន ២៨៩ ៤៣៩ ​តោន ស្មើនឹង​ ៤១,៩០ ​ភាគរយ​នៃ​ការនាំចេញ​អង្ករ​សរុប​របស់​កម្ពុជា​៕ LA