
កសិករប្រមូលដំឡូងមីនៅស្រុកបាកាន នាពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ តម្លៃដំឡូងមីនៅតាមបណ្តាខេត្តជាប់នឹងព្រំដែនថៃនារដូវប្រមូលផលឆ្នាំ ២០១៩-២០២០ កើនឡើងតិចតួចបើធៀបនឹងឆ្នាំមុន ខណៈការប្រមូលផលនៅពេលនេះសម្រេចបានប្រមាណ ៦០ ភាគរយហើយ។ នេះបើយោងតាមមន្ត្រីនៃមន្ទីរកសិកម្មខេត្ត។
ដំឡូងមីត្រូវបានគេចាប់ផ្តើមដាំក្នុងខែឧសភា និងប្រមូលផលចាប់ពីខែវិច្ឆិការហូតដល់ចុងខែកុម្ភៈក្នុងឆ្នាំនីមួយៗ។
លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងកាលពីថ្ងៃចន្ទបាននិយាយថា ទីផ្សារដំឡូងមីក្នុងខេត្តបាត់ដំបងឆ្នាំនេះមានភាពល្អជាងឆ្នាំមុន ដោយតម្លៃ និងគុណភាពរបស់វា គឺអាចទទួលយកបាន។ លោកបន្តថា តម្លៃនៅពេលនេះដំឡូងមីស្រស់មានតម្លៃចន្លោះពី ២៥០-២៦០ រៀល ក្នុង ១ គីឡូក្រាម និងដំឡូងស្ងួតមានតម្លៃ ៧០០ រៀលទៅ ៧២០ រៀល។
លោកបន្តថា ដំឡូងមីក្នុងខេត្តបាត់ដំបងប្រហែល ៨០ ភាគរយ ត្រូវបានឈ្មួញប្រមូលទិញយកទៅថៃ ខណៈនៅសល់អាចមានវៀតណាម។
របាយការណ៍ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបងបានឲ្យដឹងថា ផ្ទៃដីដាំដុះដំឡូងមីក្នុងខេត្តបាត់ដំបងនារដូវប្រមូលផលឆ្នាំ ២០១៩-២០២០ នេះមានទំហំ ១១២ ៥៤៣ ហិកតា ដោយទទួលទិន្នផលជាមធ្យម ២៦, ៤៣ តោន ក្នុង ១ ហិកតា។
លោក អែម សុភឿន អនុប្រធានមន្ទីរកសិកម្ម ខេត្តប៉ៃលិនបានប្រាប់ថា ដំបូងមីក្នុងខេត្តប៉ៃលិនឆ្នាំនេះមានភាពប្រហាក់ប្រហែលឆ្នាំមុន តែតម្លៃខ្ពស់ជាមុនបន្តិចបន្តួច។ លោកថ្លែងថា៖ «ឆ្នាំនេះដំឡូងមីមិនមានបញ្ហាធ្លាក់ចុះទិន្នផល និងតម្លៃនោះទេ»៕LA