ភ្នំពេញៈ ​អ្នក​នៅក្នុង​វិស័យ​ទុរេន បាន​ឲ្យ​ដឹងថា ទុរេន​ខ្មែរ​នឹងមាន​ទីផ្សារ​ក្នុងស្រុក​ល្អប្រសើរ​នៅ​ឆ្នាំនេះ ដោយសារ​ការរឹតត្បិត​នៅតាម​ព្រំដែន​ដែល​នាំ​ឲ្យ​ពិបាក​ដល់​ការនាំចូល​ទុរេន​ពី​ប្រទេស​ជិតខាង​កម្ពុជា។

លោក ឃឹម ប៊ុនឡេង ស្ថាបនិក​ហាង​ទុរេន «ស្តេច​ទុរេន» ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ហាង​របស់​លោក​មាន​ផែនការ​ប្រមូលទិញ​ទុរេន​ពី​កសិករ​ប្រមាណ ២០០ តោន ដើម្បី​ចែកចាយ​នៅលើ​ទីផ្សារ​នៅ​ទីក្រុង​ភ្នំពេញ។

ហាង​ទុរេន «ស្តេច​ទុរេន» មាន​ចំនួន ២ ទីតាំង​ស្ថិតនៅ​សង្កាត់​ចោមចៅ ១ ខណ្ឌ​ពោធិ៍សែនជ័យ និ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ហើយ​លោក​ក៏​ជា​ម្ចាស់​ចម្ការ​ទុរេន​នៅ​ខេត្តកំពត​ផងដែរ។

លោក​ឲ្យ​ដឹងថា៖ «តាម​គោលដៅ ខ្ញុំ​ចង់​លក់​ទុរេន​ឲ្យ​បាន ២០០ តោន​នៅ​ឆ្នាំនេះ ព្រោះ​ខ្ញុំ​ចង់​ជួយ​រក​ទីផ្សារ​ឲ្យ​ទុរេន​ខ្មែរ ហើយ​ឆ្លៀតឱកាស​នេះ​អប់រំ​គាត់​ឲ្យ​ស្គាល់​ពី​គុណ​តម្លៃ​ទុរេន​ខ្មែរ»។

លោក​ជឿថា ការរឹតត្បិត​នៅ​ច្រកព្រំដែន​នៃ​វិធានការ​ការពារ​ និង​ទប់ស្កាត់​ជំងឺ​កូវីដ១៩ ព្រមទាំង​ការបិទផ្សារ​នាគមាស និង​ផ្សារ​ដើមគ​ដែលជា​ផ្សារ​បោះដុំ​ធំជាងគេ​នៅ​ទីក្រុង​ភ្នំពេញ​នឹង​ធ្វើ​ទីផ្សារ​ទុរេន​ក្នុងស្រុក​កាន់​ល្អប្រសើរ​នៅ​ឆ្នាំនេះ។

លោក​បញ្ជាក់ថា៖ «ទីផ្សារ​ទុរេន​ខ្មែរ​មាន​ការគាំទ្រ​យ៉ាងខ្លាំង ប៉ុន្តែ​ភាគច្រើន​អ្នកលក់​មួយចំនួន​បាន​នាំចូល​ទុរេន​ពី​វៀតណាម និង​ថៃ ដែល​ភាគច្រើន​ទុរេន​មិនសូវ​ល្អ។ ចំណែក​ការផលិត​ទុរេន​នៅ​កម្ពុជា​បាន​ផ្តោតលើ​សុវត្ថិភាព និង​គុណភាព ព្រោះ​យើង​មាន​ដី​ទំនេរ​ច្រើន បើ​ធៀប​នឹង​ប្រទេស​ជិតខាង។

លោក​ឲ្យ​ដឹង​ទៀតថា ប្រសិនបើ គ្មាន​ការយកចិត្ត​ទុកដាក់​លើ​ការលើកកម្ពស់​ទីផ្សារ​ទុរេន​វា​នឹងធ្វើ​កសិករ​បាក់​ទឹកចិត្ត​ដែល​នាំ​ឲ្យ​ពួកគេ​នឹង​បោះបង់ចោល​អាជីព​ពី​វិស័យ​កសិកម្ម។

លោក​ថា៖ «ខ្ញុំ​សង្កេតឃើញ​ថា ប្រទេស​យើង​មិនទាន់​អាច​ផលិត​ផលិតផល​កសិកម្ម​ក្នុងតម្លៃ​ដើម​ទាប​នៅឡើយ​ទេ ព្រោះ​ជី ថ្នាំ​កសិកម្ម យើង​នាំចូល​ទាំងអស់ ហើយ​បច្ចេកទេស​ក៏​យើង​នៅ​មាន​កម្រិត​ផងដែរ»។

លោក​បន្ថែមថា តម្លៃ​ទុរេន​លក់រាយ​ឆ្នាំនេះ​ចន្លោះ​ពី ២៥ ០០០ រៀល ទៅ ២៨ ០០០ រៀល ក្នុង ១ គីឡូក្រាម​ដែល​តម្លៃ​នេះ​មិន​មាន​ការប្រែប្រួល​នោះទេ។

លោក​និយាយថា៖ «ខ្ញុំ​មើលឃើញ​ទីផ្សារ​ទុរេន​ល្អ​ដែល​អាច​នាំចេញ​នៅ​អនាគត ហើយ​វា​មាន​ការគាំទ្រ​ពី​អ្នក​ក្នុងស្រុក​យ៉ាងខ្លាំង ប៉ុន្តែ​ប្រសិនបើ យើង​ប្រលែង​ឲ្យ​ផលិតផល​ពី​ប្រទេស​ជិតខាង​ចូល​វាយលុក​ទីផ្សារ​របស់​ប្រជាកសិករ​ច្រើន​ហួសហេតុ​ពេក​វា​នឹង​នាំ​ឲ្យ​កសិករ​ខាតបង់​ប្រាក់ចំណេញ​យ៉ាងច្រើន»។

សព្វថ្ងៃ ដំណាំ​ទុរេន​ត្រូវបាន​ដាំដុះ​ច្រើនជាងគេ​នៅ​ខេត្តកំពត កំពង់ចាម បាត់ដំបង ខេត្តកោះកុង និង​ខេត្តពោធិ៍សាត់។

លោក គឹម ហួត ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង ឲ្យ​ដឹងថា ទុរេន​ផលិត​នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង​ក៏​ជា​ទុរេន​ជាប់​លំដាប់​ល្អ​ជាងគេ​មួយ​ដែរ​ក្នុងចំណោម​ទុរេនល្បីៗ​ពី​កំពត និង​កំពង់ចាម ឬក៏​តំបន់​ផ្សេងទៀត។ ទីផ្សារ​ទុរេន​នៅ​ស្រុក​សំឡូត​ត្រូវ​បាន​ផ្គត់ផ្គង់​តែ​សម្រាប់​ទីផ្សារ​ក្នុងស្រុក​ទាំង​ស្រុក​គឺ​មិនទាន់មាន​ការនាំចេញ​នៅឡើយ​ទេ។

លោក​ឲ្យ​ដឹង​ទៀតថា៖ «ទុរេន​ស្រុក​សំឡូត​លក់​តែ​ក្នុងស្រុក ហើយ​ជាទូទៅ​ភ្ញៀវ​ទៅ​ទិញ​ដល់​ចម្ការ​តែម្តង និង​ម៉ៅ​ឲ្យ​អ្នក​នៅ​ទីក្រុង​ភ្នំពេញ»។

លោក​បន្ថែមថា តម្លៃ​បោះដុំ​ទុរេន​នៅ​សំឡូត​នៅ​ឆ្នាំនេះ​ហាក់​ល្អប្រសើរ​ជាង​ឆ្នាំមុន​បន្តិច​គឺ​ចន្លោះ​ពី ១៨ ០០០ រៀល ទៅ ២២ ០០០ ក្នុង ១ គីឡូក្រាម។

លោក​និយាយថា៖ «ចំនួន​ផលិត​បាន​ទុរេន​សំឡូត​នៅ​ឆ្នាំនេះ បាន​តិចជាង​ឆ្នាំមុន ព្រោះ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ដែល​មិន​អំណោយផល​ដល់​ដំណាំ​ទុរេន»។

បើតាម​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ទុរេន​ពូជ​ម៉នថង​អាច​ប្រមូល​បាន​ក្នុង​រយៈពេល​ចន្លោះ​ពី ១៤០ ទៅ ១៥០ ថ្ងៃ និង​ទុរេន​កានយ៉ាវ​មាន​រយៈពេល ១២០ ទៅ ១៣៥ ថ្ងៃ ដោយ​គិត​ចាប់ពី​ក្រោយពេល​ផ្កា​រីក​រហូត​ដល់​ថ្ងៃ​ដែល​ទុរេន​ចាស់៕