ភ្នំពេញ៖ វិបត្តិ​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ បាន​ធ្វើ​ឱ្យ​ទឹក​ប្រាក់​នៃ​ការ​នាំចូល​រថយន្ត​ពី​បរទេស​មក​កម្ពុជា​ក្នុង​ឆ្នាំ ២០២០ មាន​តម្លៃ​ប្រមាណ​ជិត ១,១ ពាន់​លាន​ដុល្លារ ធ្លាក់​ចុះ​ជាង ៣៦ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៩។ នេះ​បើ​យោង​តាម​របាយការណ៍​ក្រសួង​ពាណិជ្ជកម្ម។

របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ ២០២០ និង​ទិសដៅ​ការងារ​ឆ្នាំ ២០២១ របស់​ក្រសួង​ពាណិជ្ជកម្ម​ឱ្យ​ដឹង​ថា កម្ពុជា​បាន​ចំណាយ​ប្រាក់ ១ ០៩៩,៥៦ លាន​ដុល្លារ ទៅ​លើ​ការ​នាំចូល​រថយន្ត​ពី​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆ្នាំ ២០២០ ដែល​ចំនួន​នេះ​ធ្លាក់ចុះ​ពី ១ ៧៣៤,៣១ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៩ ឬ​ស្មើនឹង ៣៦,៦ ភាគរយ។

របាយការណ៍​ឱ្យ​ដឹង​ទៀត​ថា រថយន្ត​គឺ​ជា​ប្រភេទ​ទំនិញ​ទី៧ ដែល​កម្ពុជា​បាន​ចំណាយ​ប្រាក់​ច្រើន​លើ​ការ​នាំចូល ដែល​នាំ​មុខ​ដោយ​ផលិតផល​វាយនភ័ណ្ឌ, សម្ភារសំណង់, ដែក, ស៊ីម៉ងត៍, ទឹក (ទឹករ៉ែ និង​ទឹក​មាន​ឧស្ម័ន), និង​ស្រាបៀរ និង​ស្រា​ចម្រុះ។ ក្នុង​ឆ្នាំ ២០២០ កម្ពុជា​បាន​ចំណាយ​ប្រាក់​លើ​ការ​នាំចូល​ទំនិញ​ពី​ទីផ្សារ​អន្តរជាតិ សរុប ១៨ ៥៩០,៤៨ លាន​ដុល្លារ ធ្លាក់​ចុះ ៧,៨៤ ភាគរយ​ពី​ចំនួន ២០ ១៧១,៨១ លាន​ដុល្លារ កាល​ពី​ឆ្នាំ ២០១៩។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង ធ្លាប់​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ថា ក្នុង​អំឡុង​ពេល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ ការ​ចំណាយ​ប្រាក់​ដែល​មិន​ចាំបាច់​ត្រូវ​បាន​កាត់​បន្ថយ ខណៈ​ការ​នាំ​ទំនិញ​ឆ្លង​កាត់​ព្រំដែន​ក៏​មាន​ការ​រឹតត្បិត​ជាង​ពេល​មុន​ផង​ដែរ។ លោក​បន្ថែម​ថា ក្រៅ​ពី​ផលិតផល​ចាំបាច់​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ការ​នាំចូល​ផលិតផល​ផ្សេងៗ​ទៀត គឺ​ភាគ​ច្រើន​បាន​ធ្លាក់ចុះ។ សកម្មភាព​បែប​នេះ គឺ​កើត​មាន​ដូចៗ​គ្នា​នៅ​គ្រប់​ប្រទេស​លើ​ពិភព​លោក។

ទោះ​យ៉ាងណា សម្ទុះ​នៃ​ការ​នាំចូល​នេះ​នឹង​មាន​កំណើន​ឡើង​វិញ​នៅ​ពេល​ជំងឺ​កូវីដ ១៩ អាច​គ្រប់គ្រង​បាន ពិសេស​ការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​ភាគ​ច្រើន។ នេះ​បើ​តាម​លោក លឹម ហេង។

ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ទឹក​ប្រាក់​នាំ​ចូល​រថយន្ត បាន​ធ្វើ​ឱ្យ​ការ​ប្រមូល​ចំណូល​ពន្ធ​គយ​របស់​កម្ពុជា​ក្នុង​ឆ្នាំ ២០២០ ធ្លាក់​ចុះ​ប្រមាណ ៣០,២៦ លាន​ដុល្លារ។ នេះ​បើ​តាម​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ ២០២០ អង្គភាព​នេះ​ប្រមូល​ចំណូល​បាន ២ ៤១៩,៦ លាន​ដុល្លារ ធ្លាក់​ចុះ ២៤,៨ ភាគរយ​ធៀប​នឹងឆ្នាំ ២០១៩ ក្នុង​នោះ​មុខ​ទំនិញ​រថយន្ត​ដែល​ជា​ប្រភព​ចំណូល​គយ​ដ៏​សំខាន់។

ដើម្បី​ជំរុញ និង​លើក​កម្ពស់​ការ​ប្រមូល​ចំណូល​ពន្ធគយ រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​កាត់​បន្ថយ​អត្រា​ពន្ធគយ​ចន្លោះ​ពី ១០ ដល់ ២០ ភាគរយ ដោយ​បាន​ចាប់​ផ្តើម​អនុវត្ត​ចាប់​តាំង​ពី​ដើម​ខែ​មីនា ឆ្នាំ ២០២១ តទៅ៕