តម្លៃ​ប្រេងឆៅ​ត្រូវបាន​គេ​រំពឹងថា​នឹង​ស្ទុះ​ងើបឡើង​វិញ​នៅ​សប្តាហ៍​នេះ ដោយសារ​ការស្នើ​កញ្ចប់​ថវិកា​រាប់ពាន់​ពាន់​លាន​ដុល្លារ​របស់​ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត Joe Biden ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ជោគជ័យ​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ​១៩ និង​ការសន្យា​របស់​អារ៉ាប៊ីសាអ៊ូឌីត​ក្នុង​ការកាត់បន្ថយ​ផលិតកម្ម​ប្រេង​។

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រេងឆៅ​បាន​កើនឡើង​កាលពី​ថ្ងៃ​សុក្រ​បន្ទាប់ពី​លោក Biden បានស្នើ​កញ្ចប់​ថវិកា​រាប់ពាន់​ពាន់​លាន​ដុល្លារ​ ដើម្បី​ទប់ទល់​នឹង​ផលប៉ះពាល់​សេដ្ឋកិច្ច​បណ្ដាលមកពី​វីរុស​កូវីដ​ ១៩​។

ប្រការនេះ​បាន​បន្ថែម​លើ​ការកើនឡើង​តម្លៃ​ប្រេង​ប្រចាំ​សប្តាហ៍​ពី ៤៧,១៣ ដុល្លារ​ ដល់ ៥២,៧០ ដុល្លារ ​ក្នុង​ ១ ​បារ៉ែល ​ដោយសារ​ការសន្យា​របស់​អារ៉ាប៊ី សាអ៊ូឌីត​ ក្នុង​ការកាត់បន្ថយ​ផលិតកម្ម​ប្រេង​ចំនួន ១ លាន​បារ៉ែល ​ក្នុង​ ១ ​ថ្ងៃ ក្នុង​ខែ​កុម្ភៈ និង​មីនា​។

ការស្ទុះ​ងើបឡើង​វិញ​នៃ​តម្រូវការ​ថាមពល​ពឹងផ្អែក​ភាគច្រើន​ទៅលើ​ភាពជោគជ័យ​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ ​១៩​។ ប្រេង​បាន​ឡើងថ្លៃ​ពី ៣៣,៦០ ដុល្លារ​ ដល់ ៥២,៧០ ដុល្លារ ពោល​គឺ​កើន​ប្រហែល ៤៥% គិតពី​ដើមខែ​វិច្ឆិកា​ឆ្នាំ​ ២០២០ បន្ទាប់ពី​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ បាន​បង្កើន​សុទិដ្ឋិនិយម​ចំពោះ​ការប្រើប្រាស់​ប្រេង​។

ប្រេងឆៅ​ប្រហែល​ជា​កំពុង​ស្វែងរក​ទិសដៅ​ថ្មី បន្ទាប់ពី​ការកើនឡើង​ដ៏ខ្លាំង​កាលពី​សប្តាហ៍​មុន​។ ទីផ្សារ​ប្រេងឆៅ​នៅតែ​មាន​ភាពល្អប្រសើរ ខណៈ​ដែល​ការសន្យា​របស់​លោក Biden ដែល​បានស្នើ​ថវិកា​ជំរុញ​សេដ្ឋកិច្ច​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​អាច​នឹង​បង្កើន​ទំនុកចិត្ត​កាន់តែខ្លាំង​សម្រាប់​ទីផ្សារ​។

ដូច្នេះ​សម្រាប់​អនុសាសន៍​ជួញដូរ​ក្នុង​សប្តាហ៍​នេះ​វិនិយោគិន​គួរតែ​ទិញ​ប្រេង​ឆៅ​ក្នុង​ចន្លោះ​តម្លៃ ៥១ ទៅ ៥២ ដុល្លារ​ក្នុង​ ១ ​បារ៉ែល និង​ទទួលបាន​ប្រាក់ចំណេញ​ក្នុង​តម្លៃ ៥៤,៥០ ដុល្លារ​ ជាមួយ​នឹង​ការខាតបង់​នៅត្រឹម​តម្លៃ ៤៩ ដុល្លារ​។