តម្លៃប្រេងឆៅបានកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាចាប់តាំងពីថ្ងៃចន្ទសប្តាហ៍មុន រហូតបំបែកតម្លៃខ្ពស់បំផុតក្នុងរយៈពេល ១៣ ខែចុងក្រោយ។ ការកើនឡើងនេះដោយសារតម្រុយរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតដែលជាប្រទេសនាំចេញប្រេងច្រើនជាងគេ មានបំណងកាត់បន្ថយការផលិត ១ លានបារ៉ែលក្នុង ១ ថ្ងៃ បន្ថែមទៀតសម្រាប់ខែកុម្ភៈ និងខែមីនា ទោះបីជាមានកិច្ចព្រមព្រៀងបង្កើនការផលិតប្រេងបន្ថែមនៅក្នុងកិច្ចប្រជុំរបស់អង្គការ OPEC+ កាលពីថ្ងៃអង្គារក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ OILPRICE ។
លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានលើកឡើងថា៖ «កំណើននៃតម្លៃប្រេង គឺមិនត្រឹមតែដោយសារកត្តាដែលបានលើកឡើងខាងលើប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារស្ថានភាពសេដ្ឋកិច្ចនៃប្រទេសដែលមានឥទ្ធិពលលើសេដ្ឋកិច្ចពិភពលោកផងដែរ»។
លោកបានបន្ថែមថា ក្ដីសង្ឃឹមថានឹងមានការអនុម័តឆាប់ៗនៃកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ច ក៏ដូចជាកញ្ចប់ថវិកាដោះស្រាយវិបត្តិកូវីដ១៩ របស់សហរដ្ឋអាមេរិក នឹងធ្វើឱ្យមានកំណើនដំណើរការអាជីវកម្មឡើងវិញ និងជំរុញឱ្យតម្លៃប្រេងឆៅមានការកើនឡើង។
បន្ថែមពីនេះទៀត សារព័ត៌មាន Reuter បានចេញផ្សាយកាលពីថ្ងៃអង្គារថា៖ «វិនិយោគិនក៏កំពុងសង្ឃឹមលើការងើបឡើងវិញនូវតម្រូវការប្រេង នៅពេលវ៉ាក់សាំងកូវីដ១៩ សម្រេចជាផ្លូវការ និងធ្វើឱ្យតម្លៃនៃប្រាក់ដុល្លារអាមេរិកមានកម្សោយដែលធ្វើឱ្យទំនិញឡើងថ្លៃផងដែរ»។
ស្របពេលគ្នានេះដែរ ប្រទេសចិនក៏បានក្លាយជាកត្តាជំរុញដ៏សំខាន់សម្រាប់ការងើបឡើងវិញនៃទីផ្សារប្រេង។ កាលពីថ្ងៃសុក្រ ចំនួននាវាដឹកជញ្ជូនប្រេងឆ្ពោះទៅកាន់ប្រទេសចិនបានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងរយៈពេល ៦ ខែចុងក្រោយ។ ជាក់ស្ដែង សាជីវកម្មប្រេងសមុទ្រចិន (CNOOC) មានគោលដៅចំណាយ ១៣,៩ ១៥,៥ ពាន់លានដុល្លារនៅឆ្នាំនេះលើការរុករក និងធ្វើផលិតកម្មប្រេងក្នុងស្រុក ដែលអាចជាហេតុផលមួយទៀតដើម្បីធ្វើឱ្យតម្លៃប្រេងឡើងថ្លៃ។
សម្រាប់ការជួញដូរប្រេងក្នុងសប្តាហ៍នេះលោក ឆាយហេង បានផ្ដល់យោបល់ថា តម្លៃប្រេងឆៅកំពុងស្ថិតនៅចន្លោះពី ៥១,៧៧ ទៅ ៥៧,៧០ ដុល្លារក្នុង ១ បារ៉ែល ដែលជាសញ្ញាបង្ហាញពីការស្ទុះងើបនៃតម្រូវការប្រេង និងការធ្វើឱ្យមានតុល្យភាពឡើងវិញនៃទីផ្សារ។ ដូច្នេះ អ្នកជួញដូរគួរតែទិញប្រេងនៅតម្លៃ ៥៧,០០ ដុល្លារក្នុង ១ បារ៉ែលដោយកំណត់មុខងារកាត់ប្រាក់ចំណេញនៅតម្លៃ ៥៩.៥០ ដុល្លារក្នុង ១ បារ៉ែល និងមុខងារការពារហានិភ័យនៅតម្លៃ ៥៥.៥០ ដុល្លារក្នុង ១ បារ៉ែល៕