បច្ចុប្បន្ន តម្លៃប្រេងឆៅបានប្រែប្រួលក្នុងទំនោរងើបឡើង ចាប់តាំងពីថ្ងៃចន្ទសប្តាហ៍នេះ ស្របពេលដែលសភាតំណាងសហរដ្ឋអាមេរិកបានអនុម័តកញ្ចប់ថវិកាសម្រាប់វិបត្ដិកូវីដ ១៩ កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន។
ប៉ុន្ដែនៅមានកត្ដាព័ត៌មានសំខាន់ៗមួយចំនួនទៀតដែលធ្វើឱ្យតម្លៃប្រេងបន្ដកើនឡើង។ លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានធ្វើការពន្យល់បន្ថែមទៅលើទំនោរងើបឡើងរបស់តម្លៃប្រេង។
កាលពីថ្ងៃសុក្រសប្តាហ៍មុន តម្លៃប្រេងឆៅបានឡើងដល់ ៦៣,៨២ ដុល្លារ ក្នុង ១ បារ៉ែល ដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីខែមករា ឆ្នាំ ២០២០ ហើយបច្ចុប្បន្នប្រេងឆៅត្រូវបានជួញដូរក្នុងនិន្នាការកើនឡើងជាមួយនឹងគម្លាតតម្លៃប្រែប្រួលប្រចាំថ្ងៃជាមធ្យមប្រហែល ២,១០ ដុល្លារ។
នេះអាចមកពីការផ្ដោតសំខាន់ទៅលើរបាយការណ៍អត្រាអ្នកមានការងារធ្វើនៅអាមេរិកដែលចេញផ្សាយនៅថ្ងៃសុក្រខាងមុខនេះ ដែលត្រូវបានគេរំពឹងថានឹងមានការកើនឡើងបន្ថែមទៀត និងលទ្ធផលនៃកិច្ចប្រជុំ OPEC-JMMC ដែលគ្រោងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីបញ្ហាពាក់ព័ន្ធនឹងទីផ្សារថាមពល និងព្រមព្រៀងលើបរិមាណប្រេងដែលពួកគេនឹងត្រូវផលិត នេះបើយោងតាមសារព័ត៌មាន forexfactory.com។
ចំណែកធនាគារអាមេរិកក៏បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ដោយរំពឹងថា តម្លៃប្រេងនឹងឡើងថ្លៃ និងបានបន្ថែមទៀតថា OPEC+ អាចនឹងកែប្រែកម្រិតផលិតកម្មរបស់ខ្លួន ដែលបណ្តាលឱ្យតម្លៃប្រេងឡើងដល់ ៦០ ដុល្លារ ក្នុង ១ បារ៉ែល។ អ្នកវិភាគនៅធនាគារ OCBC របស់សិង្ហបុរីបានបង្ហាញថា៖ «ប្រសិនបើកម្រិតផលិតកម្មរបស់ OPEC+ បញ្ចូលគ្នា មិនលើសពី ៥០០ ០០០ បារ៉ែល ក្នុង ១ ថ្ងៃ នោះវានឹងមានការកើនឡើងសម្រាប់តម្លៃ»។
សម្រាប់ផ្នែកបច្ចេកទេសវិញ តម្លៃប្រេងនឹងមានការប្រែប្រួលក្នុងចន្លោះពី ៦០ ទៅ ៦៣,៧០ ដុល្លារ ក្នុង ១ ថ្ងៃ។ ដូច្នេះ លោក ឆាយហេង ណែនាំអ្នកជួញដូរឱ្យទិញប្រេងក្នុងតម្លៃ ៦០ ដុល្លារ ដោយកំណត់មុខងារកាត់យកប្រាក់ចំណេញនៅតម្លៃ ៦៣,៥០ ដុល្លារ និងមុខងារបញ្ឈប់ការខាតបង់នៅតម្លៃ ៥៧,៦០ ដុល្លារ៕