ភ្នំពេញៈ តម្លៃប្រេងសាំងលក់រាយនៅកម្ពុជា បានកើនឡើងជាង ២០ ភាគរយ គិតចាប់តាំងពីដើមខែមករា មកដល់នឹងចុងខែ មេសា ឆ្នាំ ២០១៩ នេះ។ នេះបើយោងតាមតារាងបម្រែបម្រួលតម្លៃប្រេងដែលចេញដោយក្រសួងពាណិជ្ជកម្ម។
ការកើនឡើងតម្លៃប្រេងនៅកម្ពុជាក្នុងរយៈពេលនេះធ្វើឡើងតាមបម្រែបម្រួលនៃទីផ្សារប្រេងអន្តរជាតិ។
យោងតាមតារាងកំណត់តម្លៃប្រេងឥន្ធនៈដែលធ្វើឡើង ២ ដងក្នុង ១ ខែ របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា តម្លៃប្រេងសាំងធម្មតាកើនជាង ២០ ភាគរយគិតចាប់តាំងពីដើមខែមករា មកដល់ចុងខែ មេសា គឺកើនពី ៣ ២០០ រៀលក្នុងមួយលីត្រ ដល់តម្លៃ ៣ ៨៥០ រៀល ខណៈតម្លៃប្រេងម៉ាស៊ូតបានកើនឡើងជាង ១២ ភាគរយ។
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ១៧ ខែ មេសា ស្តីពីតារាងថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនៅកម្ពុជា បង្ហាញថា ចាប់ពីថ្ងៃទី ១៦ ដល់ ៣០ ខែ មេសា ឆ្នាំ ២០១៩ ប្រេងសាំងធម្មតា ត្រូវលក់តម្លៃ ៣ ៨៥០ រៀលក្នុង ១ លីត្រ និងប្រេងម៉ាស៊ូត លក់ក្នុងតម្លៃ ៣ ៦០០ រៀលក្នុង ១ លីត្រ។
បើធៀបទៅនឹងដើមខែមេសា តម្លៃប្រេងសាំងធម្មតាបានបន្តកើនឡើង ១០០ រៀលបន្ថែមទៀត ខណៈប្រេងម៉ាស៊ូតកើន ៥០ រៀល។ សាំងស៊ូពែរ មិនត្រូវបានដាក់បញ្ចូលនៅក្នុងតារាងកំណត់តម្លៃរបស់ក្រសួងទេ។
សន្ទស្សន៍តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិកាលពីថ្ងៃចន្ទ បានបង្ហាញថា ដោយសារសហរដ្ឋអាមេរិកប្រកាសថា នឹងឈប់ផ្ដល់ការលើកលែងពីការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសណា ដែលទិញប្រេងពីប្រទេសអ៊ីរ៉ង់ទៀតនោះ បានធ្វើឲ្យតម្លៃប្រេងឆៅប្រភេទ West Texas Intermediate ដែលជាតម្លៃប្រេងគោលអាមេរិកបញ្ចប់ការជួញដូរក្នុងតម្លៃ ៦៥,៧០ ដុល្លារក្នុង ១ បារ៉ែល កើនឡើង ២,៧ ភាគរយ ខណៈប្រេងឆៅប្រភេទ Brent កើន ២,០៧ ដុល្លារ ដល់ ៧៤,០៤ ដុល្លារក្នុង ១ បារ៉ែល។
កម្ពុជារំពឹងថា នឹងអាចទាញយកដំណក់ប្រេងជាលើកដំបូងរបស់ខ្លួននៅចុងឆ្នាំ ២០១៩ នេះក្រោមប្រតិបត្តិការរបស់ក្រុមហ៊ុន KrisEnergy។
រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ៥ ខែមេសានេះ ក៏បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត» ដែលសេចក្តីព្រាងនេះត្រូវបានបង្កើតឡើង ដើម្បីជំរុញការអភិវឌ្ឍវិស័យប្រេងកាតប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពសម្រាប់រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា៕