ភ្នំពេញៈ តម្លៃ​ ប្រេងសាំង ​លក់​រាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​បន្ត​កើន​ឡើង​សម្រាប់​ការ​លក់​រយៈពេល​ ១០ ​ថ្ងៃ​បន្ត​ទៀត​នៅខែ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ ពាណិជ្ជកម្ម ​កាល​ពី​ថ្ងៃ​ ម្សិលមិញ ​ដែល​មន្ត្រី​​បាន​ពន្យល់​ថា ការ​ប្រែប្រួល​តម្លៃ​ប្រេង​ គឺ​ផ្អែក​លើ​ទីផ្សារ​អន្តរជាតិ។

សេចក្ដី​ប្រកាស​ដែល​បាន​ចេញ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​បាន​បង្ហាញ​ថា ​តម្លៃ​ប្រេង​សាំង​លក់​រាយ​សម្រាប់​រយៈពេល​ ១០ ​ថ្ងៃ​បន្ទាប់ ចាប់​ពី​ថ្ងៃ​ទី​ ១២ ​ដល់​ថ្ងៃទី ២១ ​ខែ​ ឧសភា​ ឆ្នាំ​ ២០១៨ មាន​តម្លៃ ៤ ១៥០ រៀល​ក្នុង​មួយ​លីត្រ សម្រាប់​ប្រេង​សាំង​ធម្មតា​ ដែល​កើន​ឡើង​ពី ៤ ១០០ ​រៀល​បើ​ធៀប​នឹង​ ១០ ​ថ្ងៃ​មុន។ តម្លៃ​ប្រេង​ម៉ាស៊ូត ​ក៏​កើន​ឡើង ១០០ រៀល​ដល់ ៤ ០០០ ​រៀល​ក្នុង​មួយ​លីត្រ​ផង​ដែរ។ នេះ​បើ​​តាម​សេច​ក្ដី​ប្រកាស។

នៅ​ពេល​តម្លៃ​ប្រែ​ប្រួល​តាម​ទី​ផ្សារ​អន្តរជាតិ​ ការ​កើន​ឡើង​តម្លៃ​ ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​ពី​សាធារណជន។

ឆ្លើយ​តប​នឹង​ការ​រិះគន់​ ក្រសួង​ពាណិជ្ជកម្ម​កាល​ពី​ថ្ងៃ​សុក្រ ​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន ដើម្បី​ពន្យល់​សាធារណជន​អំពី​ការ​ប្រែប្រួល​តម្លៃ​នេះ។

លោក សៀង ថៃ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម បាន​ពន្យល់​ថា ​ក្រសួង​ពាណិជ្ជកម្ម​បង្កើត​រូបមន្ត​ ដើម្បី​គ្រប់-​គ្រង​ការ​ប្រែ​ប្រួល​តម្លៃ​ប្រេង ដែល​មាន​ន័យ​ថា តម្លៃ​នឹង​ប្រែប្រួល​ទៅ​តាម​តម្លៃ​អន្តរជាតិ។ ប៉ុន្តែ​រូប​មន្ត​នេះ​មិន​គ្រប់គ្រង​ប្រេង​សាំង​ ស៊ុបពែរ នោះ​ទេ។

អ្នក​នាំពាក្យ​ក្រសួង​បាន​ឲ្យ​ដឹង​ថា ការ​ដក​ស្រង់​សម្តី​រដ្ឋមន្ដ្រី​ក្រសួង​ ពាណិជ្ជកម្ម របស់​សារព័ត៌មាន​ក្នុង​ស្រុក​​បាន​បង្ក​ឲ្យ​មាន​ការ​រិះគន់​ពី​សាធារណជន​ខុស​ពី​កា​រពិត​។

លោក​​ថ្លែង​ថា​ តម្លៃ​ប្រេង​សាំង​នៅ​កម្ពុជា​ ត្រូវបាន​ពឹង​​ផ្អែក​តាម​ទី​ផ្សារ​តម្លៃ​របស់​ប្រទេស​ សិង្ហបុរី «វា​មិន​មាន​ន័យ​ថា តម្លៃ​ប្រេង​សាំង​ ស៊ុបពែរ​ គឺ​សម្រាប់​តែ​អ្នក​មាន ហើយ​​រើស​អើង​ចំពោះ​ប្រជាជន​អ្នក​ក្រីក្រ​ទេ​ [ការ​ស្រង់​សម្តី​ខុស] ត្រូវ​បាន​ផ្សព្វផ្សាយ​​តាម​បណ្ដាញ​សង្គម​ ជា​ពិសេស​ហ្វេស​ប៊ុក តែ​វា​មិន​ពិត​នោះ​ទេ​ ហើយនេះ​គឺ​ជា​ជម្រើស​​របស់​អតិថិជន»។

ក្រសួង​ពាណិជ្ជកម្ម ​តែ​ងតែ​ពិនិត្យ​ និង​គណនា​តម្លៃ​ប្រេង​ឥន្ធនៈ​លក់​រាយ​រៀងរាល់​ ១០ ថ្ងៃ​ម្តង ​ដោយ​ប្រើ​ប្រាស់​រូបមន្ដ​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្រែ​ប្រួល​តម្លៃ​ប្រេង​ពិភពលោក។

លោក ថៃ ថ្លែង​ថា​៖ «​យើង​ជាទី​ផ្សារ​សេរី ​យើង​មិន​អាច​គ្រប់​គ្រង​លើ​តម្លៃ​ប្រេងសាំង​ទាំង​អស់​បាន​ទេ​ ដូច្នេះ​យើង​​ទុក​ឲ្យ​ប្រេង​សាំង​ ស៊ុបពែរ សម្រាប់​វិនិយោគិន​ក្រុម​ហ៊ុន​រក​ប្រាក់​ចំណេញ»។

លោក​បន្តថា​ បើ​ប្រៀប​ធៀប​តម្លៃ​ចាប់​តាំង​ឆ្នាំ​ ២០១៦ មក​ទល់​នឹង​ខែ​មេសា ឆ្នាំ​នេះ ​ការ​លក់​រាយ​នៅ​កម្ពុជា​ បាន​កើន​ឡើង​ ២៧ ​ភាគរយ ខណៈ​តម្លៃ​អន្តរជាតិ​បាន​កើន​ឡើង​ ៦៣ ​ភាគរយ។

កម្ពុជា ​គឺ​ជា​ប្រទេស​នាំចូល​ប្រេង​ទាំង​ស្រុង​ ដែល​នៅ​ពេល​នេះ​កំពុង​ស្ថិត​លើ​ផ្លូវ​ក្នុង​ការ​ក្លាយ​ខ្លួន​ឯង ជា​ប្រទេស​ផលិត​ប្រេង​មួយ។

ក្រុម​ហ៊ុន KrisEnergy ​គ្រោង​នឹង​ទាញយក​​ប្រេង​ពី​អណ្ដូង​ប្រេង​ប្លុក A នៅ​សមុទ្រ​របស់​ កម្ពុជា​ នៅ​ឆ្នាំ​ក្រោយ​ ហើយ​គ្រោង​នឹង​វិនិយោគ​ជាង​ ៣០ ​លាន​ដុល្លារ​ លើ​គម្រោង​នេះ​នៅ​ឆ្នាំ​នេះ។ ​នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​ ២០១៧ ​របស់​ខ្លួន។

ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ប្រទេស​ សិង្ហបុរី ​មួយ​នេះ​ ទទួល​បាន​អាជ្ញាប័ណ្ណ​ប្រេង​ឥន្ធនៈ​សម្រាប់​ប្លុក A ពី​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ខែ​សីហា ឆ្នាំ​មុន​ ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នេះ​ទាញ​យក​ប្រេង​ពី​ទីតាំង​មាន​ប្រវែង​ ៣ ០៨៣ គីឡូ​ម៉ែត្រ​​ក្រឡា។

ក្រៅ​ពី​ដំណក់​ប្រេង​ដំបូង​ដែល​កម្ពុជា ​នឹង​ទទួល​បាន​ នៅ​ឆ្នាំ​ក្រោយ​គេក៏​នឹង​មើល​ឃើញ​ការ​បញ្ចប់​ដំណាក់​កាល​ទី​ ១ នៃ​រោងចក្រ​ចម្រាញ់​ប្រេង​របស់​កម្ពុជា នៅ​​ខេត្ត​ព្រះសីហនុ ​ផងដែរ។

លោក​ ជៀប ​សួរ​ អ្នក​នាំ​ពាក្យ​ក្រសួង ​រ៉ែ ​និង​ថាម​ពល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ កាល​ពី​សប្ដាហ៍​មុន​ថា រោងចក្រ​ចម្រាញ់​ប្រេង​ និង​លទ្ធភាព​ដែល​កម្ពុជា ​អាច​ផលិត​ប្រេង​ខ្លួន​ឯង​នេះ​អាច​ជួយ​ឲ្យ​តម្លៃ​ប្រេង​សាំង​នៅ​កម្ពុជា​កាន់​តែ​ប្រសើរ។

លោក​ថ្លែង​ថា​៖ «យើង​​សង្ឃឹម​ថា​ តម្លៃ​ប្រេង​សាំង​នៅ​ក្នុង​ប្រទេស​នេះ​ នឹង​កាន់តែ​ប្រសើរ​ជាង​នៅ​ពេល​នេះ ​ដោយ​សារ​តែ​យើង​នឹង​មាន​ទាំង​រោងចក្រ​ចម្រាញ់​ប្រេង និង​​ការ​ផលិត​ប្រេង​ក្នុង​ស្រុក»៕LA