ភ្នំពេញៈ តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅ​កម្ពុជា​បាន​ហក់​ឡើង​ចាប់តាំងពី​ដើមឆ្នាំ​ ២០២១ មក​ដែល​អ្នកជំនាញ​ជឿថា ការចាប់ផ្តើម​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ បាន​នាំឱ្យ​តម្លៃ​ប្រេង​ឆៅ​នៅលើ​ទីផ្សារ​អន្តរជាតិ​ហក់​ឡើងវិញ​ជា​បន្តបន្ទាប់​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញ​ថា ថ្លៃ​ប្រេង​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី ១ ដល់ ១៥ ខែ មីនា ឆ្នាំ​ ២០២១ គឺ​ ៣ ៧០០ រៀល​ ក្នុង​ ១ ​លីត្រ​ សម្រាប់​សាំង​ធម្មតា​ (EA92) និង ៣ ៣៥០ រៀល​ ក្នុង​ ១ ​លីត្រ​សម្រាប់​ប្រេងម៉ាស៊ូត​។

សេចក្តី​ជូនដំណឹង​បន្តថា ការអនុវត្ត​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅ​កម្ពុជា​ត្រូវបាន​ធ្វើឡើង​ចំនួន ២ ​ដង​ ក្នុង​ ១ ​ខែ​នៅក្នុង​ខែ​នីមួយៗ ដែល​ចេញ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​។ ទោះបី​យ៉ាងណា​ក្រសួងពាណិជ្ជកម្ម​មិនមែន​ជា​អ្នកកំណត់​តម្លៃ​ប្រេងឥន្ធនៈ​នោះទេ គឺ​គ្រាន់តែ​ជា​អ្នកស្រង់​តម្លៃ​ឡើង​ចុះ​ទៅតាម​តម្លៃ​ប្រេង​នៅលើ​ទីផ្សារ​អន្តរជាតិ​មក​គណនា​ប៉ុណ្ណោះ​។

តម្លៃ​លក់រាយ​នេះ​ត្រូវបាន​រដ្ឋាភិបាល​បញ្ចុះតម្លៃ​រួចហើយ​ចំនួន ៤ ​សេន​ដុល្លារ ​ក្នុង​ ១ ​លីត្រ​ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន​។ ការចុះ​តម្លៃ​នេះ​មានការ​ចូលរួម​ចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​។

តម្លៃ​ប្រេង​លក់រាយ​នៅ​កម្ពុជា​បាន​ហក់​ឡើង​ចាប់តាំងពី​ថ្ងៃទី​ ១ ខែមករា ​គឺ​ចន្លោះ​ពី ៣ ២០០ ​រៀល ដល់ ៣ ៣៥០ រៀល​ ក្នុង​ ១ ​លីត្រ​សម្រាប់​សាំង​ធម្មតា និង​ប្រេងម៉ាស៊ូត​មានតម្លៃ​ចន្លោះ​ពី​ ២ ៩៥០ ​រៀល ដល់ ៣ ០០០ រៀល ​ក្នុង​ ១ ​លីត្រ​។

ដោយឡែក តម្លៃ​ប្រេងឥន្ធនៈ​នៅក្នុង​ខែកុម្ភៈ​ស្ថិតនៅ​ចន្លោះ​ពី ៣ ៤០០ ​រៀល ​ដល់ ៣ ៥០០ រៀល​ សម្រាប់​សាំង​ធម្មតា និង​ប្រេងម៉ាស៊ូត​មានតម្លៃ​ចន្លោះ​ពី ៣ ០៥០ រៀល ដល់ ៣ ២០០ រៀល​ ក្នុង​ ១ ​លីត្រ​។

អ្នកលក់​ប្រេងឥន្ធនៈ​ម្នាក់​ឱ្យ​ដេប៉ូ​ក្រុមហ៊ុន តូតាល់ នៅ​រាជធានី​ភ្នំពេញ បានឱ្យ​ដឹងថា ស្ថានីយ​អ្នកស្រី​តែងតែ​អនុវត្ត​តម្លៃ​លក់រាយ​តាម​ការណែនាំ​របស់​ក្រសួងពាណិជ្ជកម្ម​គឺ​សាំង​ស៊ូពែរ​មានតម្លៃ ៤ ២០០ រៀល ​ក្នុង​ ១ ​លីត្រ សាំង​ធម្មតា ៣ ៧០០ ​រៀល និង​ប្រេងម៉ាស៊ូត ៣ ៣៥០ រៀល​ ក្នុង​ ១ ​លីត្រ​។

អ្នកស្រី​បន្ត​៖ «​គេ​តែងតែ​រអ៊ូ​ថា​ប្រេងសាំង​ឡើងថ្លៃ​ទៀតហើយ យើង​មិនមែន​ជា​អ្នកកំណត់​តម្លៃ​សាំង​ទេ យើង​អនុវត្ត​តែ​តាម​ការណែនាំ​របស់​ក្រសួង​ប៉ុណ្ណោះ​។ បើ​យើង​មិន​អនុវត្តតាម យើង​នឹងរង​ការពិន័យ​»​។

លោក ញឹម កុសល ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល (Golden FX Link Capital) ​ដែល​ជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​ឈានមុខ​នៅ​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា តម្លៃ​ប្រេង​លក់រាយ​នៅ​កម្ពុជា​ឡើងថ្លៃ​នៅពេល​នេះ​មាន​ទំនាក់ទំនង​ទៅនឹង​តម្លៃ​ប្រេងឆៅ​នៅលើ​ទីផ្សារ​អន្តរជាតិ​ដែល​ហក់​ឡើង​ខ្ពស់​រហូត​ដល់​ ៦៣ ​ដុល្លារ​ ក្នុង​ ១ ​បារ៉ែល​ក្នុង​ទីផ្សារ​នាពេលនេះ​។

លោក​កត់សម្គាល់ថា ហេតុផល​ផ្សេងទៀត​ដែល​នាំឱ្យ​ប្រេងឆៅ​លើ​ទីផ្សារ​អន្តរជាតិ​ឡើងថ្លៃ​គឺ​ដោយសារ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដែល​គេ​រំពឹងថា​នឹង​មាន​ការងើប​ឡើង​នៃ​សេដ្ឋកិច្ច​ពិភពលោក ពិសេស​នៅ​សហរដ្ឋអាមេរិក​។ អាមេរិក​មាន​តម្រូវការ​ប្រើប្រាស់​ប្រេងឆៅ​ក៏មាន​ការកើនឡើង​កត់សម្គាល់​គឺ​ចន្លោះ​ពី​ ១ ​លាន​បារ៉ែល​ទៅ​ ៨,៧៦ ​លាន​បារ៉ែល​ ក្នុង​ ១ ​ថ្ងៃ​កាលពី​សប្តាហ៍​មុន​។

លោក​បន្តថា​៖ «​វា​ទំនងជា​ការបញ្ជាទិញ​ប្រេង​ពី​ខាងក្រៅ​ [​របស់​កម្ពុជា​] ​មក​ក្នុងតម្លៃ​ថ្លៃ ដូច្នេះ​តម្លៃ​លក់រាយ​ទៅវិញ​ក៏​ឡើងថ្លៃ​ទៅតាម​នោះដែរ​»​។

ប្រេងឆៅ​ម៉ាក​ Brent មានតម្លៃ ៦២,៩៩ ដុល្លារ​ ក្នុង​ ១ ​បារ៉ែល​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ធ្លាក់ចុះ ១,១ ភាគរយ កាលពី​ថ្ងៃ​ចន្ទ​។

ចំណែក​ប្រេងឆៅ​អាមេរិក​ម៉ាក WTI (West Texas Intermediate) មានតម្លៃ​ ៥៩,៩៣ ​ដុល្លារ​ ក្នុង​ ១ ​បារ៉ែល បន្ទាប់ពី​ធ្លាក់ចុះ​ ១,៤ ភាគរយ​កាលពី​ថ្ងៃ​ចន្ទ​។

គិត​ត្រឹម​ឆ្នាំ​ ២០២០ នៅ​កម្ពុជា​មាន​ស្ថានីយប្រេងឥន្ធនៈ​សរុប ៤ ០០០ កន្លែង ​ដែល​កំពុង​ប្រតិបត្តិការ​លក់រាយ ប៉ុន្តែ​មាន​តែ​ស្ថានីយប្រេងឥន្ធនៈ ប្រហែល ៧០០ ប៉ុណ្ណោះ​មាន​វិញ្ញាបនបត្រ​អនុញ្ញាត​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​រ៉ែ និង​ថាមពល​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា អណ្តូងប្រេង​អប្សរា​នៅ​ប្លុក​ A ក្នុង​បាសាំង​ខ្មែរ វិនិយោគ​ដោយ​ក្រុមហ៊ុន​រុករក​ប្រេង និង​ឧស្ម័ន KrisEnergy Ltd របស់​សិង្ហបុរី​បូម​ប្រេងឆៅ​បាន​ចន្លោះ​ពី ៧ ០០០ ​ទៅ​ ៧ ៥០០ បារ៉ែល ប្រសិនបើ​អណ្តូងប្រេង​ទាំង​ ៥ ត្រូវ​បាន​ដំណើរការ​៕ LA

វីដេអូ៖