ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅ​ប្រទេស​កម្ពុជា​នឹង​បន្ត​ធ្លាក់ចុះ​នៅ​ពាក់កណ្តាល​ខែមីនា​នេះ ដោយ​សារភាព​តានតឹង​ពិភពលោក ជាពិសេស​គឺ​ការរីក​រាលដាល​នៃ​វីរុស​កូវីដ​ ១៩ ដែល​បាននិង​កំពុង​រំខាន​ខ្លាំង​ដល់​ខ្សែចង្វាក់​ផលិតកម្ម​សកល​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅ​កម្ពុជា​ក្នុង​នោះ​តម្លៃ​ប្រេងសាំង​នឹងមិន​លើសពី​ ៣ ៦១០ រៀល​ក្នុង​ ១ ​លីត្រ​នៅតាម​ស្ថានីយប្រេងឥន្ធនៈ​ដោយ​តម្លៃ​ប្រេងម៉ាស៊ូត​មិន​លើសពី​ ៣ ៣៤៣ រៀល​ទេ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នឹង​បន្ត​ធ្លាក់​ដល់​ពាក់កណ្ដាល​ខែមីនា ដោយ​សារភាព​តានតឹង​លើ​ពិភពលោក​»​។

អ្នកលក់​មួយរូប​នៅ​ដេប៉ូ​កាល់តិច​ព្រមទាំង​ដេប៉ូ​តេលា​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​ ២ បាន​ឲ្យ​ដឹងថា តម្លៃ​ប្រេងឥន្ធនៈ​ធ្លាក់ចុះ​ចាប់តាំងពី​ថ្ងៃទី​ ១ ខែ​មីនា មក​។

អ្នកលក់​ខាងលើ​រូបនេះ​បាន​និយាយថា​៖ «​ខ្ញុំ​សង្កេតឃើញថា តម្លៃ​នៃ​ការលក់រាយ​កំពុង​ធ្លាក់ចុះ​ជា​បណ្ដើរៗ​ក្នុង​រយៈពេល​ ២-៣ ​សប្ដាហ៍​ចុងក្រោយ​នេះ​»​។

លោក​បាន​ប្រាប់ទៀត​ថា បច្ចុប្បន្ន​នេះ​ស្ថានីយ​ប្រេងឥន្ធនៈ​នៅ​ប្រទេស​កម្ពុជា លក់​ប្រេងសាំង​ធម្មតា​ក្នុង​តម្លៃ​ ៣ ៤៥០ ​រៀល​ក្នុង​ ១ ​លីត្រ និង​ប្រេងម៉ាស៊ូត​មានតម្លៃ ៣ ១៥០ ​រៀល​។

តម្លៃ​ប្រេងឥន្ធនៈ​នៅ​ទីផ្សារ​ពិភពលោក​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​ក្រុមហ៊ុន​ផលិត​សំខាន់ៗ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​អារ៉ាប់​រួមអេមីរ៉ាត​បាន​ប្ដេជ្ញា​ថា នឹង​បង្កើន​ការផលិត​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Market Insider រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

តម្លៃ​ប្រេងឆៅ​បាន​ធ្លាក់ចុះ ៣,៦ ភាគរយ​មក​នៅត្រឹម ៣៥,៨៧ ដុល្លារ​ក្នុង​ ១ ​បារ៉ែល​នៅ​ម៉ោង ៨:៤០ នាទី​ព្រឹក​នៅ​ទីក្រុង​ញូវយ៉ក ខណៈ​តម្លៃ​ប្រេងឆៅ West Texas Intermediate បាន​ធ្លាក់ចុះ ៣,៧ ​ភាគរយ​មក​នៅត្រឹម ៣៣,០៨ ដុល្លារ​ក្នុង​ ១ ​បារ៉ែល​។ តម្លៃ​ប្រេង​បាន​កើនឡើង ១១ ​ភាគរយ​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ការធ្លាក់ចុះ​ខ្លាំង​កាលពី​ថ្ងៃមុន​។ នេះ​បើ​យោងតាម Market Insider​។

បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​ស្ថានីយប្រេងឥន្ធនៈ​សរុប ៤០០០ ​កន្លែង​ដែល​កំពុងមាន​ប្រតិបត្តិការ​នៅ​ទូទាំង​ប្រទេស​នេះ ប៉ុន្តែ​មានតែ​ស្ថានីយ​ប្រេងឥន្ធនៈ ប្រហែល ៧០០ ប៉ុណ្ណោះ​មាន​វិញ្ញាបនបត្រ​អនុញ្ញាត​ពី​ក្រសួង​។ នេះ​បើ​យោងតាម​របាយការណ៍​របស់​ក្រសួង​រ៉ែ និង​ថាមពល​។

ប្រទេស​កម្ពុជា ​ត្រូវបាន​រំពឹងថា​នឹង​អាច​ទាញយក​តំណក់​ប្រេង​ជា​លើកដំបូង​របស់ខ្លួន​ត្រឹម​ឆ្នាំ​ ២០២០ ស្ថិតនៅក្រោម​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន KrisEnergy Ltd ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី ហើយ​កំពុង​ធ្វើ​ប្រតិបត្តិការ​អណ្ដូងប្រេង​ប្លុក A នៅក្នុង​សមុទ្រ​កម្ពុជា​៕LA