
តម្លៃពោតនៅខេត្ត បាត់ដំបង មានការកើនឡើងបន្តិចនៅរដូវប្រមូលផលលើកទី ២ ក្នុងឆ្នាំនេះ។ ហុង មិនា
បាត់ដំបងៈ តម្លៃពោតក្រហមនៅខេត្តភាគខាងលិចប្រទេស កម្ពុជា ក្នុងរដូវប្រមូលផលលើកទី ២ ក្នុងឆ្នាំនេះបានកើនឡើង ១៣០ រៀលដល់ ៥៩០ រៀល ក្នុង ១ គីឡូក្រាម បើធៀបនឹងតម្លៃក្នុងរដូវប្រមូលផលលើកទី ១ ។ នេះបើតាមមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងឈ្មួញ។
ដំណាំពោតក្រហមត្រូវបានដាំដុះ ២ ដង ក្នុង ១ ឆ្នាំ ដោយការប្រមូលផលលើកទី ១ ចាប់ពីចុងខែមិថុនា ដល់ខែសីហា និងលើកទី ២ ចាប់ពីចុងខែតុលា ដល់ខែកុម្ភៈ។ តម្លៃពោតក្នុងរដូវប្រមូលផលលើកទី ១ ត្រូវបានលក់ក្នុងតម្លៃ ៤៦០ រៀលក្នុង ១ គីឡូក្រាម។
លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងបានឲ្យដឹងថា នេះជាតម្លៃសមរម្យដែលកសិករអាចទទួលយកបាន។ លោកបានថ្លែងថា៖ «បើបានតម្លៃប្រហែលនេះ ឬខ្ពស់ជាងនេះ នឹងមានកសិករជាច្រើនងាកមកដាំពោតក្រហម។ ប៉ុន្តែកន្លងមក តម្លៃខ្ពស់បែបនេះ ភាគច្រើនបានតែនៅដើមរដូវប្រមូលផលប៉ុណ្ណោះ»។
តាមលោក គឹម ហួត ទីផ្សារពោតក្រហមនៅខេត្តបាត់ដំបងប្រមាណ ៧០ ភាគរយត្រូវបានឈ្មួញនាំចេញទៅប្រទេស ថៃ ដែលមានប្រមាណ ៥ ០០០ តោនក្នុង ១ ថ្ងៃ ខណៈចំនួនដែលនៅសល់ត្រូវបានផ្គត់ផ្គង់ឲ្យក្រុមហ៊ុនផលិតចំណីសត្វក្នុងស្រុក។
អ្នកស្រី រស់ ម៉ាន់មួយ ជាឈ្មួញកណ្តាលប្រមូលទិញកសិផលពោតក្រហមនៅស្រុកសំពៅលូន ខេត្តបាត់ដំបង អះអាងថា សម្រាប់រដូវប្រមូលផលលើកទី ២ នេះតម្លៃបានកើនឡើងបន្តិច។
តាមតួលេខពីមន្ទីរកសិកម្ម ខេត្តបាត់ដំបង ផ្ទៃដីដាំលើកទី ២ នេះមាន ៥១ ៨០៤ ហិកតា៕LA