បាត់ដំបងៈ តម្លៃ​ពោតក្រហម​នៅ​ខេត្ត​បាត់ដំបង​នា​ដើមរដូវ​ប្រមូលផល​ឆ្នាំនេះ បាន​ធ្លាក់​ចុះ​ប្រមាណ​ជិត ១០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈ​ការប្រមូលផល​ពោត​លើក​ទី​ ១ សម្រេច​បាន​ប្រមាណ ៣០ ​ភាគរយ​ហើយ​។ នេះ​បើ​យោងតាម​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​។

ជា​រៀងរាល់​ឆ្នាំ​ការប្រមូលផល​ពោតក្រហម​ត្រូវ​បាន​ធ្វើឡើង​ចំនួន ២ ​លើក ដោយ​លើក​ទី ១ ចាប់ពី​ចុងខែ​មិថុនា ដល់​ខែ​សីហា និង​លើក​ទី ២ ចាប់ពី​ចុងខែ​តុលា ដល់​ខែកុម្ភៈ​។

លោក គឹម ហួត ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាត់ដំបង​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា តម្លៃ​ពោតក្រហម​ក្នុង​ខេត្ត​បាត់ដំបង​នៅពេល​ប្រមូលផល​ដំបូង​ឆ្នាំនេះ​ធ្លាក់ចុះ​ជិត ១០ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩​។ លោក​បន្តថា ដោយសារ​ទិន្នផល​ពោតក្រហម​ភាគច្រើន​ត្រូវ​បាន​គេ​នាំចេញ​ទៅកាន់​ប្រទេស​ថៃ ហេតុនេះ​តម្លៃ​របស់​វា​ក៏​អាស្រ័យ​លើ​ទីផ្សារ​ប្រទេស​ថៃ​ដែរ​។

លោក​ថ្លែងថា​៖ «​ការប្រមូលផល​ពោតក្រហម​ក្នុង​ខេត្ត​បាត់ដំបង​មកដល់​ពេល​នេះ​សម្រេចបាន​ប្រមាណ ៣០ ​ភាគរយ​ហើយ ដោយ​តម្លៃ​របស់​វា​បាន​ធ្លាក់ចុះ​បន្តិច​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​»​។

យោងតាម លោក គឹម ហួត នៅ​ថ្ងៃ​នេះ​ (​ថ្ងៃ​ចន្ទ​) ពោតក្រហម​ស្រស់​មាន​តម្លៃ​ជា​មធ្យម ៣ ៨០០ ​បាត​ក្នុង​ ១ ​តោន (​ប្រហែល ៤៩៣ ៧០០ រៀល​) ខណៈ​ឆ្នាំមុន​មាន​តម្លៃ ៤,១ ​បាត​ (​ប្រហែល ៥៣២ ៥០០ ​រៀល​)​។

ទោះ​ជា​យ៉ាងណា​លោក​អះអាង​ថា នេះ​គ្រាន់តែ​ជា​តម្លៃ​នៃ​ការប្រមូលផល​ដំបូង​ប៉ុណ្ណោះ​។

ជាទូទៅ​ទិន្នផល​ពោតក្រហម​ក្នុង​ខេត្ត​បាត់ដំបង​ប្រហែល ៨០ ​ភាគរយ ​ត្រូវបាន​ឈ្មួញ​នាំយក​ទៅកាន់​ប្រទេស​ថៃ ក្រៅពីនោះ​ត្រូវបាន​ទិញ​ដោយ​ក្រុមហ៊ុន​ផលិត​ចំណី​សត្វ​ក្នុងស្រុក CP​។

ប្រជាកសិករ​កំពុង​ដឹក​ពោតក្រហម​តាម​ត្រាក់ទ័រ​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​។ ហេង ជីវ័ន

លោក ឈឹម វជិរ៉ា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង និយាយ​ថា ផ្ទៃដី​ដាំដុះ​ពោតក្រហម​ក្នុង​ខេត្ត​បាត់ដំបង​ក្នុង​ឆ្នាំ​ ២០២០ នេះ​បាន​ធ្លាក់ចុះ​ច្រើន​ធៀប​នឹង​ឆ្នាំមុន ព្រោះ​ប្រជាកសិករ​បាន​នាំគ្នា​ទៅ​ដាំដំឡូង​វិញ​។ ទោះបី​យ៉ាងណា សម្រាប់​វិស័យ​បង្កបង្កើនផល​លើ​ផ្ទៃដី​កសិកម្ម​នៅ​បាត់ដំបង​ក្នុងឆ្នាំនេះ​មិនបាន​ធ្លាក់ចុះ​ទេ​។

លោក​បាន​ថ្លែងថា​៖ «​ពេលនេះ​មន្ទីរ​កសិកម្ម​ខេត្ត​កំពុង​ខិតខំ​ធ្វើ​ពិពិធកម្ម​ដើម្បី​បង្កើន​សក្តានុពល​សម្រាប់​ការផ្គត់ផ្គង់​ស្បៀងអាហារ និង​ផលិតផល​កសិកម្ម​មួយចំនួន​ទៀត ដោយ​រាប់ទាំង​ការដាំដុះ​ដំណាំ​កសិឧស្សាហកម្ម បន្លែ និង​ការធ្វើ​វារីវប្បកម្ម​»​។

លោក​អះអាង​ថា ជារួម​ចលនា​នៃ​ការពង្រីក​ការបង្កើន​ផល​កសិកម្ម​នៅ​ខេត្ត​បាត់ដំបង​ក្នុង​ឆ្នាំ​ ២០២០ នេះ​បាន​កើនឡើង​ច្រើន​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩ កន្លងមក​។

ម្ចាស់​សៃឡូ (​កន្លែង​ប្រមូល​ទិញ​) ១ ​កន្លែង​ក្នុងស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង អ្នកស្រី ចាន់ មួយ បាន​ប្រាប់​អំពី​ការធ្លាក់​ថ្លៃ​នេះ​ផងដែរ ថា ការធ្លាក់​ថ្លៃ​នេះ​អាច​បណ្តាល​មកពី​ក្តី​ព្រួយបារម្ភ​ពី​ជំងឺ​កូវីដ​១៩​។ អ្នកស្រី​បន្តថា សម្រាប់​ទិន្នផល​ឆ្នាំនេះ បើ​តាម​ការព្យាករ​ក៏​នឹង​ធ្លាក់ចុះ​ជាង​ឆ្នាំមុន​ផងដែរ ព្រោះ​មាន​ប្រជាកសិករ​មួយ​ចំនួន បាននាំគ្នា​ងាក​ទៅ​ដាំដំឡូង​ច្រើន​ក្នុងឆ្នាំនេះ​។

អ្នកស្រី​ប្រាប់ទៀត​ថា នៅថ្ងៃនេះ (​ថ្ងៃ​ចន្ទ​) ពោតក្រហម​សើម​មាន​តម្លៃ​ជា​មធ្យម ៣ ៩០០ ​បាត​ក្នុង​ ១ ​តោន (​ប្រហែល ៥០៦ ០០០ ​រៀល​) និង​គ្រាប់ពោត​ស្ងួត​ដែល​ពន្លះ​ស្នូល​ចេញ​មាន​តម្លៃ ៨ ០០០ ​បាត (១,០៤ ​លាន​រៀល​)​។

លោក ផែន នឿត កសិករ​ដាំពោត និង​ដំឡូង​ក្នុង​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង​បាន​ប្រាប់ថា ក្តីបារម្ភ​ទីផ្សារ​ និង​អាកាសធាតុ​បាន​ធ្វើឲ្យ​លោក​សម្រេច​កាត់បន្ថយ​ការដាំដុះ​ពោតក្រហម​យ៉ាងច្រើន​ក្នុង​ឆ្នាំ​នេះ​។ លោក​បន្តថា ផ្ទៃដី​ចំនួន ៦ ​ហិកតា​ដែល​បាន​ដាំពោត​កាលពី​ឆ្នាំមុន​នៅ​ឆ្នាំនេះ​លោក​ដាំពោត​តែ ១ ​ហិកតា​ប៉ុណ្ណោះ ព្រោះ​ពី​នោះ​គឺ​ដាំដំឡូង​ទាំងអស់​។

លោក​និយាយថា​៖ «​ឆ្នាំ​នេះ ខ្ញុំ​ដាំពោត​ក្រហម​តែ​ ១ ហិកតា​តែប៉ុណ្ណោះ ព្រោះ​ខ្ញុំ​គិតថា ការដាំ​ដំឡូង​អាច​ផ្តល់​ផល​ច្រើនជាង​ពោតក្រហម​»​។

ទិន្នន័យ​ពី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំ​ ២០២០ នេះ​ផ្ទៃដី​ដាំពោត​សរុប​មាន​ជាង ៤,៣ ម៉ឺន​ហិកតា ថយចុះ​ជិត​ពាក់កណ្តាល​បើ​ធៀប​នឹង​ឆ្នាំមុន ដែល​មាន​ចំនួន​ជាង ៧,៣ ​ម៉ឺន​ហិកតា​។ តាម​ការព្យាករ​នៅក្នុង​ឆ្នាំ​ ២០២០ នេះ​ពោតក្រហម ក្នុង​ខេត្ត​បាត់ដំបង ផ្តល់​ផល​ជា​មធ្យម ២,៨៣ ​តោន​ក្នុង ១ ​ហិកតា​៕LA