ទីក្រុងហុងកុងៈ តម្លៃភាគហ៊ុននៃក្រុមហ៊ុនផលិតឈីបដ៏ធំរបស់ប្រទេសចិនបានធ្លាក់ចុះនៅថ្ងៃចន្ទ ក្រោយពីសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកាលពីចុងសប្តាហ៍ដែលថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានដាក់ការត្រួតពិនិត្យលើការនាំចេញបន្ទះឈីបដល់ក្រុមហ៊ុន ដែលជាការដាក់បន្ទុកចុងក្រោយបំផុតក្នុងការតតាំងសម្រាប់ការត្រួតពិនិត្យបច្ចេកវិទ្យាលើទីក្រុងប៉េកាំង។
ក្នុងការទប់ស្កាត់ដ៏សំខាន់សម្រាប់មហិច្ឆតាបច្ចេកវិទ្យាឈានមុខរបស់ចិន ក្រសួងពាណិជ្ជកម្មអាមេរិកត្រូវបានគេរាយការណ៍ថា បានបញ្ជាឱ្យក្រុមហ៊ុនសុំការអនុញ្ញាតមុនការលក់ឧបករណ៍ដល់ក្រុមហ៊ុនផលិតសម្ភារពាក់កណ្តាលចម្លងអន្តរជាតិរបស់ចិន (SMIC)។
ឧបករណ៍ដែលត្រូវបានលក់ទៅឱ្យក្រុមហ៊ុនចិនបង្ហាញពី «ហានិភ័យមិនអាចទទួលយកបាន» អំពីការប្រែក្លាយទៅជាការប្រើប្រាស់សម្រាប់គោលដៅយោធានៅទីចុងបញ្ចប់។ នេះបើយោងតាមលិខិតជូនដំណឹងផ្ញើទៅកាន់ក្រុមហ៊ុនផលិតឈីបកុំព្យូទ័ររបស់អាមេរិកដែលបានផ្សព្វផ្សាយដំបូងដោយកាសែត The Wall Street Journal និង the Financial Times។
ដំណឹងនៃលិខិតនោះដែលត្រូវបានរាយការណ៍កាលពីថ្ងៃសៅរ៍ បានវាយប្រហារដល់តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន SMIC ក្នុងទីក្រុងហុងកុងនៅព្រឹកថ្ងៃចន្ទម្សិលមិញ ដោយការបើកលក់ធ្លាក់ចុះ ៧,៦៤ ភាគរយ ក្នុងមួយហ៊ុននៅត្រឹមតម្លៃ ១៧,១០ ដុល្លារហុងកុង។
បច្ចេកវិទ្យាឈានមុខបានក្លាយជាសមរភូមិសំខាន់មួយដែលបង្ហាញឡើងក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំចុងក្រោយ ជាពេលដែលទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោនធ្លាក់ដល់កម្រិតទាបបំផុតក្នុងទំនាក់ទំនងការទូតដែលបានចាប់ផ្តើមឡើងវិញក្នុងឆ្នាំ ១៩៧៩។
SMIC ជាក្រុមហ៊ុនផលិតឈីប តាមកិច្ចសន្យាដ៏ធំបំផុតរបស់ប្រទេសចិន និងជាក្រុមហ៊ុនសំខាន់នៃផែនការរបស់ទីក្រុងប៉េកាំងដើម្បីឯករាជភាពខ្លួនឯងសម្រាប់ឧបករណ៍ពាក់កណ្តាលចម្លង។
អ្នកវិភាគនិយាយថា ការពឹងផ្អែករបស់ចិនលើបរទេសរួមទាំងបន្ទះឈីបដែលជាផលិតផលអាមេរិកបានរារាំងដល់គោលដៅជាតិ។
ដោយមានការគាំទ្រពីស្ថាប័នរដ្ឋជាច្រើន ក្រុមហ៊ុន SMIC បានធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពបន្ទះឈីបរបស់ប្រទេសចិន ប៉ុន្តែវានៅតែពឹងផ្អែកយ៉ាងខ្លាំងទៅលើឧបករណ៍ និងកម្មវិធី Software នាំចូល។
ស្ថិតក្រោមបញ្ញត្តិថ្មីដែលបានប្រកាសដោយក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុនអាមេរិកទាំងឡាយដែលចង់លក់ឈីបទៅឱ្យក្រុមហ៊ុនចិន SMIC ចាប់ពីពេលនេះទៅត្រូវតែសុំអាជ្ញាប័ណ្ណ។
SMIC មិនទាន់ចេញសេចក្តីថ្លែងការណ៍ចាប់តាំងពីលិខិតនោះផ្សព្វផ្សាយ។
ប៉ុន្តែដូចដែលរាយការណ៍ដែលត្រូវបានគេឃើញកាលពីដើមខែនេះ ដែលមន្ត្រីអាមេរិកកំពុងពិចារណាចំពោះការរឹតត្បិតការនាំចេញរបស់ក្រុមហ៊ុន SMIC បានបដិសេធថា ខ្លួនមិនមានទំនាក់ទំនងជាមួយយោធាចិននោះទេ។
ក្រុមហ៊ុន SMIC បានលើកឡើងថា៖ «ឧបករណ៍ពាក់កណ្តាលចម្លងទាំងនោះ នឹងផ្តល់សេវាតែ ១ មុខគត់សម្រាប់សកម្មភាពស៊ីវិល និងពាណិជ្ជកម្ម និងការប្រើប្រាស់ចុងក្រោយ»។
ការរឹតត្បិតការនាំចេញសម្រាប់ក្រុមហ៊ុន SMIC កើតឡើងបន្ទាប់ពីយុទ្ធនាការរបស់អាមេរិកស្រដៀងគ្នាដើម្បីរារាំងក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំរបស់ចិន Huawei ដែលក្រុងវ៉ាស៊ីនតោនបារម្ភថាអាចអនុញ្ញាតឱ្យរដ្ឋាភិបាលចិនចូលក្នុងបណ្តាញទូរគមនាគមន៍ពិភពលោក។
ក្រសួងពាណិជ្ជកម្មអាមេរិកកាលពីខែឧសភាបានប្រកាសនូវផែនការកាត់ផ្តាច់ការចូលរបស់ក្រុមហ៊ុន Huawei ទៅកាន់ការផ្គត់ផ្គង់ឧបករណ៍ចម្លងសកលដែលក្រុមហ៊ុនបាននិយាយថា នឹងគំរាមកំហែងដល់ការរស់រានរបស់ខ្លួន។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ ប្រមូលផ្តុំនូវបញ្ហាកាន់តែច្រើនសំដៅប្រទេសចិន នៅពេលដែលគាត់ប្រយុទ្ធដើម្បីការបោះឆ្នោតឡើងវិញនៅខែវិច្ឆិកាខាងមុខនេះ។
រដ្ឋបាលរបស់លោកក៏បានប្រកាសពីផែនការទប់ស្កាត់ការទាញយកកម្មវិធីបណ្តាញសង្គម TikTok និង WeChat ដែលគ្រប់គ្រងដោយចិន ដោយមូលហេតុសន្តិសុខជាតិ៕ RR