ទីក្រុងតូក្យូៈ ផ្សារហ៊ុន​ទីក្រុង​តូក្យូ​បាន​បើក​ជួញដូរ​ជាមួយ​តម្លៃ​ទាប​ជាង​កាលពី​ថ្ងៃ​ចន្ទ ដោយសារ​ការព្រួយបារម្ភ​បាន​កើនឡើង​ជុំវិញ​រលក​ទី​ ២ នៃ​ការឆ្លង​វីរុស​កូរ៉ូណា ហើយ​អ្នកវិនិយោគ​រង់ចាំ​អ៊ុត​ទិន្នន័យ​របស់​ចិន​ដែល​ចេញ​យឺត​។

សន្ទស្សន៍​ភាគហ៊ុន Nikkei 225 បាន​ធ្លាក់ចុះ​ចំនួន​ ០,៦៨ ​ភាគរយ ឬក៏​ ១៥២,២៦ ​ពិន្ទុ​នៅត្រឹម ២២ ១៥៣,២២ ​ពិន្ទុ​ក្នុង​ការជួញដូរ​ដំបូង​ទី ខណៈ​សន្ទស្សន៍​នៃ​ភាគហ៊ុន Topix ដែល​ធំ​ជាង​បាន​ធ្លាក់ចុះ​ ០,៥១ ​ភាគរយ ឬ​ក៏​ ៧,៩៥ ​ពិន្ទុ​នៅ​ត្រឹម ​១ ៥៦២,៧៣ ពិន្ទុ​។

ក្រុមហ៊ុន​ឈ្មួញ​ជើងសា​អនឡាញ Okasan បាន​និយាយ​ក្នុង​ការអត្ថាធិប្បាយ​ថា​៖ «​ក្តីព្រួយបារម្ភ​ជុំវិញ​រលក​ទី​ ២ ​នៃ​ការឆ្លង​កំពុង​កើនឡើង ពេល​បណ្តុំ​នៃ​ការឆ្លង​ថ្មីៗ​ត្រូវបាន​គេ​រាយការណ៍​នៅក្នុង​ប្រទេស​អាមេរិក និងចិន ខណៈ​ចំនួន​នៃ​ករណី​ឆ្លង​ថ្មីៗ​កើនឡើង​នៅ​ទីក្រុង​តូក្យូ​»​។

កាលពី​ថ្ងៃអាទិត្យ មន្ត្រី​រដ្ឋាភិបាល​នៃ​ទីក្រុង​តូក្យូ​បាន​រាយការណ៍​ពី​ករណី​កើនឡើង​នៃ​ការឆ្លង​រហូតដល់​ទៅ​ ៤៧ ​នាក់ ​ដែល​ជា​ចំនួន​ច្រើន​បំផុត​ចាប់តាំងពី​ការដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ត្រូវបាន​ដកចេញ​កាលពី​ថ្ងៃទី​ ២៥ ខែឧសភា​។

ប្រទេស​ចិន ​ត្រូវគេ​រាយការណ៍​ថា ចំនួន​ឆ្លង​វីរុស​កូរ៉ូណា​ថ្មីៗ​ប្រចាំថ្ងៃ​កើនឡើង​ខ្ពស់បំផុត​ក្នុង​ខែ​នេះ​កាលពី​ថ្ងៃអាទិត្យ ដោយ​បង្កើន​ក្តីបារម្ភ​ចំពោះ​រលក​ទី​២ ​នៃ​ការឆ្លង​វីរុស​កូរ៉ូណា​។

អ្នកវិភាគ​បាន​និយាយ​ថា ពាណិជ្ជកម្ម​ត្រូវបាន​រងគ្រោះ​ផងដែរ ដោយសារ​ក្រុម​វិនិយោគិន​កំពុង​ទន្ទឹងរង់ចាំ​លទ្ធផល​ការផលិត និង​ទិន្នន័យ​លក់រាយ​របស់​ប្រទេស​ចិន​ដែល​ចេញផ្សាយ​យឺត​ ១ ​ថ្ងៃ​។

ក្រុមហ៊ុន​អាកាសចរណ៍​ក៏​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​ផងដែរ ដោយ​ក្រុមហ៊ុន ANA Holdings មានតម្លៃ​ជួញដូរ​ធ្លាក់ចុះ ១,២៣ ​ភាគរយ​ មាន​តម្លៃ​ ២ ៦៤០,៥ ​យ៉េន​ និង​អាកាសចរណ៍​ជប៉ុន​បាន​ធ្លាក់ចុះ​ ១,៧៥ ​ភាគរយ ​ស្មើនឹង​ ២,១៨៩ ​យ៉េន​៕ RR