ភ្នំពេញៈ អនុប្រធាន​ផ្សារមូលបត្រ​កម្ពុជា​ (CSX) លោក Jong Weon Ha បាន​ថ្លែងថា​ស្របពេល​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​កំពុង​ងើបឡើង​វិញ​ពី​ផលប៉ះពាល់​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ វា​នឹង​ផ្តល់​ឱកាសល្អ​សម្រាប់​វិនិយោគិន​សាធារណៈ​ក្នុង​ការទិញ​ភាគហ៊ុន​ដែល​កំពុង​មិនសូវ​មាន​សម្ទុះ ដើម្បី​ទទួលបាន​ផលចំណេញ​នាពេល​ខាងមុខ​។

កាលពី​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​ ២០២០ ធនាគារពិភពលោក​បាន​ព្យាករ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នឹង​ស្ទុះ​ងើបឡើង​វិញ​ដល់​ ៤ ​ភាគរយ​នៅ​ឆ្នាំនេះ បន្ទាប់ពី​ការធ្លាក់ចុះ ដក​ ១,៩ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២០​។

យោងតាម​របាយការណ៍​ពី CSX បាន​បិទ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​សន្ទស្សន៍​របស់​ផ្សារ​នេះ​បាន​កើនឡើង ០,៣ ភាគរយ​សម្រេចបាន​ដល់ ៦៤០,១៧ ពិន្ទុ​ហើយ​តម្លៃ​នៃ​ការជួញដូរ​ភាគហ៊ុន​បាន​បិទ​ក្នុង​តម្លៃ​សរុប​ ២១៦ ៤៤៦ ៤៧០ ​រៀល​។

ភាគហ៊ុន​របស់​ធនាគារ​អេស៊ីលីដា​ (ABC) បាន​កើនឡើង ៦០ ​រៀល​ដោយមាន​តម្លៃ​រហូតដល់​ ១៦ ៨៦០ រៀល​ក្នុង​មួយ​ហ៊ុន​។ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ (PWSA) កើន​បាន ២០ ​រៀល​ដោយ​បិទ​នៅ​តម្លៃ ៦ ១០០ ​រៀល​ក្នុង​ ១ ​ភាគហ៊ុន ខណៈ​ភាគហ៊ុន​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ (PPAP) ក៏​កើនឡើង​ក្នុងតម្លៃ​ដូចគ្នា​ផងដែរ ដោយបាន​កើនឡើង​ ៨០ រៀល​ដោយ​បិទ​នៅ​តម្លៃ ១១ ៧៨០ រៀល​ក្នុង​ ១ ​ហ៊ុន ខណៈ​ភាគហ៊ុន​ Pestech (PEPC) បាន​បិទ​ក្នុងតម្លៃ​ពិសេស ២៧៧០ រៀល​ក្នុង​មួយ​ហ៊ុន​ការកើនឡើង ២០ រៀល​លើ​តម្លៃ​មូលដ្ឋាន និង​តម្លៃ​ហ៊ុន​របស់​ Grand Twins (GTI) និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ (PPSP) ​ថយ​ចុះមក​នៅត្រឹម ៣២៩០ រៀល និង ១១៦០ រៀល​ក្នុង​មួយ​ហ៊ុន ដោយ​ធ្លាក់ចុះ​ ១០ និង​ ២០ រៀល​រៀងៗ​គ្នា ប៉ុន្តែ​សម្រាប់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) នៅ​រក្សាបាន​ស្ថិរភាព​នៅ​តម្លៃ ១៤ ១០០ រៀល​។

លោក Jong Weon Ha បាន​មាន​ប្រសាស៍​មក​កាន់​ ភ្នំពេញ​ ប៉ុស្តិ៍​ ថា ជំងឺ​កូវីដ​ ១៩​ នឹងមិន​ងាយ​បញ្ចប់​ក្នុងពេល​ឆាប់ៗ​នេះ​ទេ ទោះបី​ជាមាន​វត្តមាន​នៃ​វ៉ាក់សាំង​ក៏ដោយ​។ ទោះយ៉ាងណា​អ្វីៗ​កាន់តែ​ប្រសើរឡើង​។

លោក​ថា​៖ «​យើង​បាន​សង្កេតឃើញថា សន្ទស្សន៍​នៃ​ផ្សារហ៊ុន​មួយចំនួន​បាន​កើនឡើង​ក្នុង​ឆ្នាំ ២០២០​។ ដូច្នេះ​ខ្ញុំ​រំពឹងថា​នឹង​ទទួលបាន​វិនិយោគិន​បរទេស​បន្ថែមទៀត​នៅ​ឆ្នាំ​ ២០២១ និង​ឆ្នាំក្រោយ​ព្រោះ​យើង​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់បំផុត​។

លោក ស៊ូ សុជាតិ អគ្គនាយក​គណៈកម្មការ​មូលបត្រ​កម្ពុជា​ក៏បាន​លើកឡើងថា​ទីផ្សារ​មូលបត្រ​បាន​ក្លាយជា​ជម្រើស​ដ៏ប្រសើរ​សម្រាប់​ម្ចាស់​អាជីវកម្ម និង​សហគ្រាស​នៅ​កម្ពុជា​ដែល​មាន​បំណង​ប្រមូល​ដើមទុន​រយៈពេល​វែង​សម្រាប់​ការពង្រីក​អាជីវកម្ម​របស់​ពួកគេ​។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​អត្ថប្រយោជន៍​នៃ​ការធ្វើ​ដូច្នេះ​គឺមាន​ច្រើនជាង​ការបង្កើត​មូលធន​ដែលជា​គន្លឹះ​នៅក្នុង​ក្រុមហ៊ុន​ដែលជា​កូនសោរ​សម្រាប់​កំណើន​ប្រកប​ដោយ​ចីរភាព​នៃ​អាជីវកម្ម​ណាមួយ​ដែល​ត្រូវបាន​បង្កើន​ដោយ​ការបង្ហាញ​តម្លាភាព​។ នៅ​ឆ្នាំ ២០២១ យើង​រំពឹងថា​នឹងមាន​ក្រុមហ៊ុន​ចុះបញ្ជី​ ២ ​បន្ថែមទៀត​នៅ​ផ្សារមូលបត្រ​កម្ពុជា និង​មើលឃើញ​ពី​ការកើនឡើង​នូវ​សកម្មភាព​ជួញដូរ​»​។

លោក Jong Weon Ha បាន​ថ្លែងថា​នៅក្នុង​ស្ថានភាព​ទីផ្សារ​ភាគហ៊ុន​កម្ពុជា​បច្ចុប្បន្ន​វិនិយោគិន​បរទេស​អាច​ជំរុញ​និន្នាការ​ទីផ្សារ​។ ពួកគេ​អាចជា​អ្នកទិញ​ដំបូង​គេ​ដែល​ទិញ​ ឬ​លក់​ភាគហ៊ុន​ក្នុង​ចំនួន​ដ៏ច្រើន​ហើយ​នាំ​ឱ្យ​មាន​ចលនា​ផ្លាស់ប្តូរ​តម្លៃ​ដ៏ធំ​។

លោក​បន្តថា​៖ «​អាជីវកម្ម​របស់​ក្រុមហ៊ុន​ចុះបញ្ជី​របស់​យើង​កំពុង​ធ្វើ​បាន​ល្អ​ប្រសើរឡើងៗ​ក្នុង​ការស្ទុះ​ងើប​សេដ្ឋកិច្ច​ឡើងវិញ​។ នៅក្នុង​និន្នាការ​បច្ចុប្បន្ន​នៃ​ការអភិវឌ្ឍ​ឧស្សាហកម្ម កំពង់ផែ​ដូចជា PPAP និង PAS ភាគច្រើន​ទំនងជា​ទទួលបាន​កំណើន​អាជីវកម្ម​ខ្ពស់បំផុត​»​។

បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​ចុះបញ្ជី​ចំនួន​ ១៣ ​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​ដែល​ក្នុងនោះ​មាន​ក្រុមហ៊ុន​ចំនួន ​៧ ជា​ក្រុមហ៊ុន​ចុះបញ្ជី​មូលបត្រ​កម្មសិទិ្ធ និង​ក្រុមហ៊ុន​ចំនួន​ ៦ ​ផ្សេង​ទៀត​បាន​ចុះបញ្ជី​សញ្ញា​បណ្ណសា​ជីវកម្ម​។ ទិន្នន័យ​របស់​ CSX ក៏បាន​បង្ហាញថា ក្រុមហ៊ុន​ទាំង ១៣ បាន​ប្រមូល​ទុន​ជា​ទឹកប្រាក់​សរុប​ចំនួន ២៥៣ លាន​ដុល្លារ​ ហើយ​សន្ទស្សន៍​ភាគហ៊ុន​បាន​កើនឡើង​ជាង​ ៥៧ ភាគរយ​កាលពី​ឆ្នាំ​ ២០១៩ ប្រៀបធៀប​នឹង​ឆ្នាំ​ ២០១៨​។

ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២០ ​ក្រុមហ៊ុន​ចំនួន​ ២ ​បាន​ចុះបញ្ជី​មូលបត្រ​កម្មសិទ្ធិ​ និង​ចំនួន​ ៣ ចុះបញ្ជី​សញ្ញាបណ្ណ​សាជីវកម្ម​នៅ​ផ្សារមូលត្រ​កម្ពុជា​។ ទិន្នន័យ​បានបង្ហាញ​ថា​ក្រុមហ៊ុន​ទាំង​ ៥ បាន​ប្រមូល​ទុន​ជា​សាច់ប្រាក់​សរុប​ចំនួន ៩២ ​លាន​ដុល្លារ​៕