កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ដើម​សប្ដាហ៍​នេះ តម្លៃ​មាស​បាន​ចាប់​ផ្ដើម​ធ្លាក់ចុះ​មក​វិញ​ដោយ​ស្ថិត​នៅក្នុង​រង្វង់​តម្លៃ ១ ៨៥០ ទៅ ១ ៨៧០ ដុល្លារ​ក្នុង ១ អោនស៍ បន្ទាប់​ពី​មាន​ការ​កើន​ឡើង​ជាង ១% ក្នុង​អំឡុង​ពេល​ការ​បើក​ទីផ្សារ​ជួញដូរ​នៅ​អាស៊ី​កាល​ពី​ថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០២១ កន្លង​ទៅ​នេះ។

តម្លៃ​មាស​អាច​នឹង​បន្ដ​ធ្លាក់​ចុះ​នៅ​ក្នុង​សប្ដាហ៍​ខាង​មុខ​នេះ​ដោយសារ​តែ​ស្ថានភាព​សេដ្ឋកិច្ច​ល្អ​ប្រសើរ​របស់​សហរដ្ឋ​អាមេរិក​ធ្វើ​ឱ្យ​តម្លៃ​រូបិយប័ណ្ណ​របស់​ខ្លួន​កាន់​មាន​តម្រូវការ នេះ​បើ​យោង​តាម លោក ជា ប្រាសិទ្ធ ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល។

តាមរយៈ​គេហទំព័រ​សារព័ត៌មាន Wellxin បាន​ឱ្យ​ដឹង​ថា សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​ចំនួន ១០ រូប បាន​ទទូច​ឱ្យ​ប្រធានាធិបតី​ថ្មី លោក Joe Biden ធ្វើ​ការ​កាត់​បន្ថយ​កញ្ចប់​ថវិកា​ដោះស្រាយ​វិបត្តិ​កូវីដ ១៩ មក​ត្រឹម ៦០០ ពាន់​លាន​ដុល្លារ ប្រហែល ១ ភាគ ៣ នៃ​គម្រោង​កញ្ចប់​ថវិកា ​ដើម ដើម្បី​ពន្លឿន​ការ​អនុម័ត​លើ​គម្រោង​ថវិកា​នេះ​ឱ្យ​បាន​ឆាប់រហ័ស ​ដើម្បី​ដោះស្រាយ​វិបត្តិ​ដែល​កំពុង​ជួប​ប្រទះ និង​ស្តារ​សេដ្ឋកិច្ច​អាមេរិក​ឱ្យ​បាន​ទាន់​ពេលវេលា។

កាល​ពី​យប់​ថ្ងៃ​ចន្ទ​ដដែល យោងតាម​សារព័ត៌មាន New York Times បាន​ឱ្យ​ដឹង​ថា ក្រោម​ការ​ជ្រោមជ្រែង និង​ការ​គាំទ្រ​ពី​រដ្ឋបាល​លោក Joe Biden ត្រឹមតែ ១ សប្តាហ៍​ប៉ុណ្ណោះ ការ​ផលិត​វ៉ាក់សាំង​បាន​កើន​រហូត​ដល់ ១ ៣០០ ០០០ ដូស​ក្នុង ១ ថ្ងៃ ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​ប្រសិទ្ធភាព និង​លទ្ធភាព​ខ្ពស់​នៃ​រដ្ឋបាល​របស់​លោក Joe Biden ឆ្លើយ​តប​ទៅ​នឹង​ការ​សន្យា​ក្នុង​ពេល​ឃោសនាបោះឆ្នោត​ថា ​នឹង​ផលិត​ឱ្យ​បាន ១ ៥០០ ០០០ ដូស ​ក្នុង ១ ថ្ងៃ។

ទន្ទឹម​នឹង​នេះ​ដែរ ការ​លូកដៃ​ចូល​ជួយ​ស្តារ​សេដ្ឋកិច្ច​ពី​សំណាក់​ធនាគារ​កណ្តាល​នៅ​តែ​មាន​ប្រសិទ្ធភាព និង​ត្រូវ​បាន​គេ​រំពឹង​ថា ក្ដីសង្ឃឹម​គួរ​តែ​បន្ត​ទៅ​មុខ​រហូត​ទាល់​តែ​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​ងើបឈរ​បាន​ល្អ​ប្រសើរ​ឡើង​វិញ។ តាមរយៈ​ប្រសាសន៍​របស់​ប្រធាន​ធនាគារ​កណ្តាល​ប្រចាំ​ទីក្រុង​សានហ្វ្រានស៊ីស្កូ លោកស្រី Mary Daly បាន​បញ្ជាក់​ថា ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក​មិន​ត្រូវ​បន្ថយ ឬ​បញ្ឈប់​ការ​គាំទ្រ និង​ការ​ស្តារ​សេដ្ឋកិច្ច​អាមេរិក​មុន​ពេល​កំណត់​ដោយសារ​តែ​កំណើន​នៃ​ការ​រក​ប្រាក់​ចំណេញ​បាន​ច្រើន​ពី​សំណាក់​វិនិយោគិន​ក្នុង​ទីផ្សារ​ហ៊ុន​នោះ​ទេ។

ចំណុច​វិជ្ជមាន​ក្នុង​អំឡុង​ពេល​នៃ​ការ​ស្ដារ​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​បែប​នេះ ជា​ឱកាស​ដែល​អ្នកជួញដូរ​គួរ​លក់​មាស​នៅពេល​តម្លៃ​ធ្លាក់​ដល់ ១ ៨២៥ ដោយ​កំណត់​មុខងារ​យក​ប្រាក់​ចំណេញ​ទី១ នៅ​តម្លៃ ១ ៨០៥ និង​ទី២ នៅ​តម្លៃ ១ ៧៩០ ដុល្លារ​ ក្នុង ១ អោន​ស៍ និង​មុខងារ​ការពារ​ហានិភ័យ​នៅក្នុង​តម្លៃ ១ ៨៣៥ ដុល្លារ ​ក្នុង ១ អោន​ស៍៕