បច្ចុប្បន្ន​តម្លៃ​មាស​ស្ថិតនៅ​ក្នុងតម្លៃ ១ ៨៥០ ដុល្លារ​ក្នុង​ ១ ​អោនស៍ ស្មើនឹង ២ ២២០ ដុល្លារ​អាមេរិក​ក្នុង​ ១ ​តម្លឹង ហើយ​តម្លៃ​មាស​អាច​នឹងមាន​ការកើនឡើង​រហូតដល់​តម្លៃ ២ ០៧០ ​ដុល្លារ​ក្នុង​ ១ ​អោនស៍​ក្នុង​ខែកុម្ភៈ​ខាងមុខ​នេះ ដោយសារ​បទបញ្ជា​ទាំង​ ១០ ​ចំណុច​របស់​ប្រធានាធិបតី​អាមេរិក Joe Biden នេះ​បើ​យោងតាម​ការវិភាគ​របស់​លោក ចេង តារាវុធ ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល​។

បន្ទាប់ពី​បាន​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទី​ ៤៦ ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ២០ ខែមករា ឆ្នាំ​ ២០២១ ថ្មីៗ​នេះ​លោក Joe Biden បានសម្រេច​ចុះហត្ថលេខា​លើ​បទបញ្ជា​សំខាន់ៗ​ចំនួន ១០ ​ចំណុច​ដែល​មាន​សេចក្ដីលម្អិត​ចំនួន ២៣ ​ទំព័រ​ស្ដីពី​ការដោះស្រាយ និង​គ្រប់គ្រង​ការរីករាលដាល​ជំងឺ​កូវីដ​១៩ ដែល​បានសម្លាប់​មនុស្ស​ជា​មធ្យម ៣ ០៥៤ នាក់​ក្នុង​ ១ ​ថ្ងៃ និង​មាន​អ្នក​ឆ្លង​ជា​មធ្យម ១៩៤ ២៥២ ​នាក់​ក្នុង​ ១ ​ថ្ងៃ​នៅក្នុង​សហរដ្ឋអាមេរិក​គិត​ត្រឹម​រយៈពេល​ ១ ​សប្ដាហ៍​ចុងក្រោយ​នេះ ដោយ​យោងតាម​ការចេញ​ផ្សាយ​របស់​សារព័ត៌មាន CNBC កាលពី​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​មុន​។

តាម​ការចេញផ្សាយ​របស់​សារព័ត៌មាន CNBC ដដែល​នេះ​លោក Joe Biden បានស្នើ​ឱ្យ​សភា​អនុម័ត​ទៅលើ​កញ្ចប់​ថវិកា​ស្ដារ​សេដ្ឋកិច្ច​ដែលមាន​ចំនួន ១,៩ ​ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​បញ្ហា​ជំងឺ​រាតត្បាត​នេះ និង​ជួយឧបត្ថម្ភ​ដល់​ប្រជាជន​ដែល​បាត់បង់​ការងារ​ធ្វើ​។

ជាទូទៅ ការធ្វើ​ចរាចរណ៍​រូបិយប័ណ្ណ​លើ​ទីផ្សារ​កាន់តែ​ច្រើន​នោះ​អតិផរណា​នៃ​រូបិយប័ណ្ណ​កាន់តែ​កើនឡើង ដែល​ជា​កត្ដា​ធ្វើឱ្យ​តម្លៃ​មាស​កាន់តែ​ឡើងថ្លៃ ព្រោះ​មាស​គឺជា​លោហធាតុ​មាន​តម្លៃ​ដែល​ប្រទេស​នីមួយៗ​នៅ​ទូទាំង​ពិភពលោក​ត្រូវការ​សម្រាប់​ទប់ស្កាត់​ហានិភ័យ​នៃ​អស្ថិរភាព​ណាមួយ​នៅក្នុង​ប្រទេស ជាពិសេស​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច វិបត្តិ​នយោបាយ និង​សង្គ្រាម​ជាដើម​។

យោងតាម​ការវិភាគ​របស់​លោក តារាវុធ តម្លៃ​មាស​អាច​នឹងមាន​ការកើនឡើង​បន្ថែមទៀត​ក្នុង​ដើមឆ្នាំ​ ២០២១ នេះ​។ សម្រាប់​អ្នកជួញដូរ​ដែល​ចង់​ជួញដូរ​លើ​តម្លៃ​មាស​ក្នុង​រយៈពេល​វែង គួរ​ទិញ​ក្នុងតម្លៃ ១ ៨៣០ ដុល្លារ ក្នុង​ ១ ​អោនស៍ ដោយ​កំណត់​មុខងារ​យកប្រាក់​ចំណេញ​នៅ​តម្លៃ ២ ០០០ ​ដុល្លារ​ក្នុង​ ១ ​អោនស៍ និង​កំណត់​មុខងារ​បញ្ឈប់​ហានិភ័យ​នៅ​តម្លៃ ១ ៧៥០ ​ដុល្លារ​ក្នុង ១ ​អោនស៍​៕