មួយរយៈ​កន្លង​មក​នេះ វិនិយោគិន​ហាក់​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ទៅ​លើ​ការ​ទិញ​បណ្ណ​បំណុល​សហរដ្ឋអាមេរិក ដោយ​តម្លៃ​នៃ​បណ្ណ​បំណុល​រយៈពេល ១០ ឆ្នាំ​របស់​សហរដ្ឋអាមេរិក​បាន​កើន​ឡើង​ពី ០.៩១៧% នា​ដើម​ខែ​មករា ដល់ ១.៧២៦% ក្នុង​ខែ​មីនា​នេះ។ សូចនាករ ១ នេះ​បាន​ធ្វើ​ឱ្យ​តម្លៃ​មាស​ប្រែប្រួល​លើ​ទំនោរ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​តាំង​ពី​ដើម​ត្រីមាស​ទី១ នៃ​ឆ្នាំ ២០២១ ហើយ​ស្ថិតនៅ​ក្នុង​ការ​រំពឹង​ថា វា​នឹង​ធ្លាក់ចុះ​បន្ដ​ទៀត។

យោងតាម​សារព័ត៌មាន Reuters ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ ទីផ្សារ​បណ្ណ​បំណុល​របស់​សហរដ្ឋអាមេរិក​កំពុង​តែ​មាន​សុទិដ្ឋិនិយម​ខ្ពស់ ស្របពេល​ដែល​លោក Joe Biden បាន​ទទួល​ជោគជ័យ​លើ​ការ​អនុម័ត​កញ្ចប់​ថវិកា​ស្ដារ​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក និង​គោលនយោបាយ​សារពើពន្ធ​មួយ​ចំនួន​ពី​រតនាគារ​សហរដ្ឋ​អាមេរិក។

សម្រាប់​អត្រា​ការ​ប្រាក់​វិញ ប្រធាន​ធនាគារ​កណ្តាល​សហរដ្ឋអាមេរិក លោក Jerome Powell បាន​បញ្ជាក់​ថា ធនាគារ​កណ្ដាល​សហរដ្ឋអាមេរិក (FED) នឹង​រក្សា​វា​ឱ្យ​នៅ​ក្បែរ ០% រហូត​ដល់​ឆ្នាំ ២០២៣ នេះ​បើ​យោង​ទៅ​តាម​សន្និសីទ​កាសែត កាល​ពី​សប្តាហ៍​មុន​ស្តី​អំពី​ការ​សម្រេចចិត្ត​របស់ FED ទៅ​លើ​គោល​នយោបាយ​អត្រា​ការ​ប្រាក់ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយសារ​ព័ត៌មាន CNBC។

ជាមួយ​គ្នា​នេះដែរ ការ​បន្ត​រក្សាទុក​មាស​មិនមែន​ជា​ជម្រើស​ដ៏​ល្អ​ទៀត​នោះទេ នៅពេល​ដែល​មាន​ឧបករណ៍​ហិរញ្ញវត្ថុ​មួយ​ទៀត​កំពុង​តែ​កើន​ឡើង​លើ​តម្លៃ (អត្រា​ការ​ប្រាក់) ខណៈ​ដែល​ការ​រក្សា​ទុក​មាស មិន​ទទួល​បាន​អត្រា​ការ​ប្រាក់ និង​ត្រូវ​ចំណាយ​លើ​ការ​បង់ថ្លៃ​ថែរក្សា​ទៀត​ផង។ កត្ដា​នេះ នឹង​ធ្វើ​ឱ្យ​វិនិយោគិន​គិត​គូរ​លក់​មាស​ចេញ ដើម្បី​យក​ប្រាក់​ចំណេញ និង​បែរមក​វិនិយោគ​លើ​បណ្ណ​បំណុល​អាមេរិក​វិញ ដែល​កំពុង​បន្ត​សន្ទុះ​កើន​ឡើង​លើ​អត្រា​ការ​ប្រាក់​របស់​ខ្លួន។

តាម​ការ​វិភាគ​បច្ចេកទេស​វិញ តម្លៃ​មាស​បាន​រត់​នៅ​ក្នុង​លំហូរ​ធ្លាក់​ចុះ ហើយ​រត់​ក្រោម​ខ្សែ​បន្ទាត់​ជា​មធ្យម ៥០ ដុល្លារ។ ដូច្នេះ វិនិយោគិន​អាច​ចាប់​ឱកាស​លក់​មាស​ក្នុង​ចន្លោះ​តម្លៃ ១ ៧៥៥ ទៅ ១ ៧៤០ ដុល្លារ​ ក្នុង ១ អោនស៍ ដោយ​កំណត់​មុខងារ​ការពារ​ហានិភ័យ​នៅ​តម្លៃ ១ ៧៦៥ និង​មុខងារ​ទាញ​យក​ផល​ចំណេញ​នៅ​តម្លៃ ១ ៧០០ ទៅ ១ ៦៨៥ ដុល្លារ ក្នុង ១ អោនស៍៕