លទ្ធផលនៃការជជែកវែកញែកកាលពីយប់ថ្ងៃអង្គាររវាងប្រធានាធិបតីសហរដ្ឋអាមេរិកបច្ចុប្បន្នលោក Donald Trump និងតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យ លោក Joe Bidenបានបង្ហាញនូវសញ្ញាណកាន់តែច្បាស់ថា នរណានឹងជាប់ឆ្នោតជាប្រធានាធិបតីនៅរដូវកាលបោះឆ្នោតនៅថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខនេះ។
សហរដ្ឋអាមេរិកមានភាពចាំបាច់ខ្លាំងក្នុងការទប់ទល់នឹងការរីករាលដាលនៃវីរុសកូវីដ១៩ ក៏ដូចជាការជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញ ហើយភាពចាំបាច់ទាំងនេះត្រូវបានលើកឡើងជាប្រធានបទនៅក្នុងការជជែកវែកញែកដ៏ក្ដៅគគុកមួយនេះ។ នាពេលបច្ចុប្បន្ន សហរដ្ឋអាមេរិកកំពុងបន្តស្ថិតជាប្រទេសដែលមានករណីឆ្លងវីរុសកូវីដ១៩ច្រើនជាងគេបំផុតនៅលើពិភពលោក ហើយទទួលរងនូវផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដែលបណ្ដាលឱ្យទីផ្សារហិរញ្ញវត្ថុទាំងមូលមានបម្រែបម្រួលខ្លាំងផងដែរ។
កាលពីដើមសប្តាហ៍មុន ទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីប្រធានធនាគារកណ្ដាលសហរដ្ឋអាមេរិក លោក Jerome Powell បានធ្វើការរិះគន់ជាសាធារណៈចំពោះសភាដែលមិនបានផ្ដល់នូវជំនួយសារពើពន្ធគ្រប់គ្រាន់ដើម្បីគាំទ្រដល់ការស្រោចស្រង់សេដ្ឋកិច្ចសហរដ្ឋអាមេរិក។ ទោះបីជាយ៉ាងនេះក្ដី ទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិកបានស្ទុះឡើងវិញនៅចុងសប្ដាហ៍មុន ហើយបម្រែបម្រួលដ៏ឆាប់រហ័សនេះអាចនឹងបន្តទៀតនៅក្នុងសប្តាហ៍នេះ។ ក្នុងអំឡុងពេលជាមួយគ្នានេះដែរសន្ទស្សន៍នៃប្រាក់ដុល្លារអាមេរិកបានត្រឡប់ទៅតម្លៃខ្ពស់បំផុតរបស់ខ្លួនគិតចាប់តាំងពីខែកក្កដាមក។
ដូចគ្នាទៅនឹងភាគហ៊ុនដែរ តម្លៃមាសបានធ្លាក់ចុះពីតម្លៃខ្ពស់បំផុតនៅ ២០៧៥ ដុល្លារមកកាន់តម្លៃបច្ចុប្បន្នប្រហែល ១៨៦០ ដុល្លារក្នុង ១ អោនស៍។
សូចនាករ និងក្រាហ្វនៃតម្លៃមាសក៏បានបង្ហាញអំពីការចាប់ផ្ដើមនៃទំនោរធ្លាក់ចុះនៃតម្លៃមាសដែលមានន័យថា វិនិយោគិនគួរលក់មាស ដោយកំណត់នូវមុខងារការពារហានិភ័យសម្រាប់រាល់ប្រតិបត្តិការចូលផ្សារទាំងអស់ដើម្បីគ្រប់គ្រងហានិភ័យនៃការវិនិយោគឲ្យនៅកម្រិតទាប ខណៈដែលទីផ្សារកំពុងតែមានបម្រែបម្រួលខ្លាំង៕