ភ្នំពេញ: ហាងឆេងមាសនៅទីផ្សារកម្ពុជាបានហក់ឡើងខ្ពស់ ដោយសារអាជីវករ និងឈ្មួញអះអាងថា ទំនុកចិត្តលើប្រាក់ដុល្លារចុះទាបក្នុងអំឡុងពេលកើតមានវិបត្តិសេដ្ឋកិច្ចសកល។
បុគ្គលិកធ្វើការក្នុងហាងចាន់ណីគ្រឿងអលង្ការនៅផ្សារកណ្តាលរាជធានីភ្នំពេញដែលស្នើមិនបញ្ចេញឈ្មោះបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថា ហាងឆេងមាសនៅក្នុងទីផ្សារបានហក់ឡើងយ៉ាងលឿនចាប់តាំងពីដើមខែឧសភា។ សព្វថ្ងៃនេះហាងឆេងមាសគីឡូមានតម្លៃលក់ចេញ ២ ២០០ ដុល្លារ ក្នុង ១ តម្លឹង និងការទិញចូលមានតម្លៃ ២ ១៧០ ដុល្លារក្នុងទម្ងន់ដូចគ្នា ហើយប្លាទីនទឹក ៧,៥ លក់ចេញ ក្នុងតម្លៃ ១ ៦៨០ ដុល្លារក្នុង ១ តម្លឹង។
បុគ្គលិករូបនោះបានបន្ថែមថា មុនពេលមានការរីករាលដាលជំងឺកូវីដ១៩ ហាងឆេងមាសគីឡូនៅកម្ពុជាមានតម្លៃត្រឹមតែ ១ ៨០០ ដុល្លារក្នុង ១ តម្លឹង និងប្លាទីន ១៣០០ ដុល្លារក្នុង ១ តម្លឹង ហើយបច្ចុប្បន្នហាងឆេងមាសឡើងថ្លៃខ្ពស់។
កញ្ញា ថ្លែងថា៖ «សព្វថ្ងៃហាងខ្ញុំលក់ដាច់ជាងមុន។ ហាងខ្ញុំភាគច្រើនលក់បោះដុំឲ្យម៉ូយនៅតាមបណ្តាខេត្តនានា យើងអ្នកចែកចាយមាសត្រូវយកចំណេញ ៣០ ដុល្លារក្នុង ១ តម្លឹងសម្រាប់មាសគីឡូ»។
អាជីវករលក់ និងកែច្នៃមាស ១ រូបទៀត ដែលស្នើមិនបញ្ចេញឈ្មោះដែរ និងមានតូបនៅក្នុងផ្សារចាស់រាជធានីភ្នំពេញបានឲ្យដឹងថា ហាងឆេងមាសបានហក់ឡើងខ្ពស់នៅប៉ុន្មានខែចុងក្រោយនេះ។ សម្រាប់ហាងអ្នកស្រីមាសគីឡូលក់ចេញក្នុងតម្លៃ ២១៩ ដុល្លារក្នុង ១ ជី និងទិញចូល ២១៧ ដុល្លារក្នុង ១ ជី។ ចំណែកប្លាទីនលក់ចេញក្នុងតម្លៃ ១៥៣ ដុល្លារ ក្នុង ១ ជី។
អ្នកស្រីថ្លែងថា៖ «ឥឡូវមាសមានទីផ្សារល្អឡើងវិញ ក្រោយពីហាងឆេងមាសរងផលប៉ះពាល់ដោយការរីករាលដាលជំងឺកូវីដ ១៩ ហើយម្យ៉ាងប្រជាពលរដ្ឋចាប់ផ្តើមចេញដើរផ្សារចាយប្រាក់ច្រើនជាងមុន។ ខ្ញុំមើលទៅហាងឆេងមាសឡើងថ្លៃតាំងពី ៣ ទៅ ៤ ខែមកហើយ»។
លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន Golden FX Link Capital ដែលជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទឈានមុខនៅកម្ពុជា បានឲ្យដឹងថា ជាមធ្យមតម្លៃហាងឆេងមាសមានតម្លៃត្រឹម ១ ៦០០ ក្នុង ១ តម្លឹង ហើយតម្លៃហក់ឡើងរហូតដល់ ២ ២០០ ដុល្លារ ក្នុង ១ តម្លឹងក្នុងទីផ្សារកម្ពុជា។
លោកកត់សម្គាល់ថា ជំងឺកូវីដ ១៩ បានជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកដែលនាំឲ្យមនុស្សដកសេចក្តីទុកចិត្តពីតម្លៃហាងឆេងប្រាក់ដុល្លារងាកមកទិញមាសទុកដោយសង្ឃឹមថា មាសនឹងបន្តឡើងថ្លៃថែមទៀត។
លោកថ្លែងថា៖ «ហេតុផលមាសឡើងថ្លៃគឺនៅពេលដែលមនុស្សដកសេចក្តីទុកចិត្តពីតម្លៃហាងឆេងប្រាក់ដុល្លារ ដូច្នេះគាត់នឹងដកប្រាក់មកវិនិយោគលើតម្លៃហាងឆេងមាសវិញ»។
របាយការណ៍ក្រសួងពាណិជ្ជកម្មបង្ហាញថា ប្រទេសកម្ពុជាបាននាំចេញត្បូងថ្ម និងគ្រឿងអលង្ការមានតម្លៃសរុបជាង ៤១៨ លានដុល្លារ ទៅទីផ្សារអន្តរជាតិកាលពីឆ្នាំ ២០១៩។
របាយការណ៍បង្ហាញថា ប្រទេសសិង្ហបុរី ជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជាដែលមានតម្លៃប្រមាណ ២២៦ លានដុល្លារ ខណៈប្រទេសថៃឈរនៅលេខរៀងទី ២ មានតម្លៃប្រមាណ ១៦៥ លានដុល្លារ និងអាមេរិកមានជាង ២៣ លានដុល្លារ៕LA