បច្ចុប្បន្នតម្លៃមាសស្ថិតនៅក្នុងតម្លៃ ១ ៨២០ ដុល្លារ ក្នុង ១ អោនស៍ស្មើនឹង ២ ២០០ ដុល្លារក្នុង ១ តម្លឹង។ លោក ចេង តារាវុធ ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានវិភាគថា តម្លៃមាសអាចនឹងមានការធ្លាក់ចុះដល់តម្លៃ ១ ៧៧៧ ដុល្លារក្នុង ១ អោនស៍ ក្នុងរយៈពេល ១ សប្ដាហ៍ខាងមុខ បន្ទាប់ពីមានការរំពឹងទុកវិជ្ជមានខ្ពស់នៃអត្រាអ្នកមានការងារថ្មីប្រចាំខែនៅសហរដ្ឋអាមេរិក ដែលធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចមានដំណើរការល្អប្រសើរឡើងវិញ និងធ្វើឱ្យតម្លៃរូបិយប័ណ្ណអាមេរិកមានការកើនឡើង។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC កាលពីថ្ងៃចន្ទ ទី ១៥ ខែកុម្ភៈនេះ ទោះបីជាបច្ចុប្បន្នមានប្រជាជនសហរដ្ឋអាមេរិកប្រមាណ ១០ លាននាក់កំពុងអត់ការងារធ្វើក្ដី លោក Joe Biden នៅតែសម្ដែងសុទិដ្ឋិនិយមខ្ពស់ថា អត្រាអ្នកមានការងារធ្វើនឹងមានការកើនឡើង ស្របពេលដែលលោកកំពុងសង្ឃឹមថា គម្រោងកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ច ១,៩ ពាន់ពាន់លានដុល្លាររបស់លោកនឹងអាចជួយដល់ប្រជាជនរងគ្រោះ និងអាចបង្កើតការងារថ្មីបន្ថែមទៀតក្នុងពេលឆាប់ៗនេះ។
ម្យ៉ាងវិញទៀត លេខាធិការរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen ក៏មានសុទិដ្ឋិនិយមខ្ពស់ដែរថា អត្រាអ្នកមានការងារធ្វើរបស់ប្រជាជនអាមេរិកនឹងមានការកើនឡើងយ៉ាងពេញលេញត្រឹមឆ្នាំ ២០២២ ខាងមុខនេះ ប្រសិនបើគម្រោងកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចត្រូវបានអនុម័តដោយជោគជ័យ នេះបើយោងតាមអត្ថបទដដែលនៃសារព័ត៌មាន CNBC។
ចំណែកឯអ្នកវិនិយោគវិញក៏ចាប់ផ្ដើមមានទំនុកចិត្ដទៅលើការដឹកនាំរបស់លោក Joe Biden ថានឹងអាចដំណើរការទៅតាមការគ្រោងទុក ទោះបីជាមានការលើកឡើងនូវភាពមិនច្បាស់លាស់ទាក់ទងទៅនឹងការរីករាលដាលនៃមេរោគកូរ៉ូណាបំប្លែងខ្លួនថ្មីក៏ដោយ ព្រោះថា យុទ្ធនាការផលិតវ៉ាក់សាំង គឺមានការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាល រីឯប្រសិទ្ធភាពនៃការផលិតក៏មានផលវិជ្ជមានច្រើន។
សម្រាប់ការជួញដូរក្នុងសប្ដាហ៍នេះវិញលោក តារាវុធ បានណែនាំឱ្យអ្នកជួញដូរលក់មាសក្នុងតម្លៃ ១ ៨៣០ ដុល្លារក្នុង ១ អោនស៍ ដោយកំណត់មុខងារកាត់យកប្រាក់ចំណេញ នៅតម្លៃ ១ ៨០០ ដុល្លារក្នុង ១ អោនស៍ និងមុខងារបញ្ឈប់ហានិភ័យនៅតម្លៃ ១ ៨៥០ ដុល្លារក្នុង ១ អោនស៍។
ម្យ៉ាងវិញទៀត អ្នកជួញដូរអាចរង់ចាំទិញមាសនៅពេលវាធ្លាក់ដល់តម្លៃ ១ ៧៧៧ ដុល្លារក្នុង ១ អោនស៍ ព្រោះថា តម្លៃមាសអាចនឹងត្រឡប់ឡើងមកដល់តម្លៃ ១ ៨០០ ដុល្លារក្នុង ១ អោនស៍វិញ។ នេះបើយោងតាមការវិភាគទៅលើផ្នែកបច្ចេកទេស៕