ភ្នំពេញៈ តម្លៃមូលធនូបនីយកម្ម (Market Capitalization) នៅក្នុងផ្សារមូលបត្រកម្ពុជា (CSX) កាលពីដំណាច់ត្រីមាសទី ១ ឆ្នាំ ២០១៩ បានកើនឡើងដល់ ៥៣៤,៣ លានដុល្លារ ដោយកើនប្រមាណ ២១ ភាគរយ បើធៀបទៅ នឹងត្រីមាសទី៤ ឆ្នាំ ២០១៨។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ CSX កាលពីថ្ងៃសុក្រ។
តម្លៃមូលធនទីផ្សាររបស់ផ្សារហ៊ុនកម្ពុជាកាលពីត្រីមាសទី៤ ឆ្នាំ ២០១៨ មានចំនួន ៤៤២,៩២ លានដុល្លារ។
សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា ក្នុងអំឡុងពេលដូច គ្នានេះដែរ សន្ទស្សន៍ CSX បានកើនឡើងពី ៤៨០,៩៨ ពិន្ទុ នៅត្រីមាសទី៤ ឆ្នាំ ២០១៨ ទៅ ៥៨០,២១ ពិន្ទុ។
ជាមួយគ្នានេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនចុះបញ្ជីទាំង ៥ បានបង្ហាញពីសញ្ញាវិជ្ជមានក្នុងត្រីមាសទី១ ឆ្នាំ ២០១៩ បើធៀបនឹងចុងឆ្នាំ ២០១៨ ដោយភាគហ៊ុន PWSA កើនឡើង ៣១,៤៣ ភាគរយ PAS កើន ២៣,៨ ភាគរយ PPAP កើន ២៣,៧ ភាគរយ និង GTI កើន ៤ ភាគរយ ខណៈថ្លៃរបស់ PPSP រក្សាលំនឹងថេរ។
ចំណែកបរិមាណជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមក្នុងត្រីមាសទី១ ឆ្នាំ ២០១៩ បានកើនដល់ ៦៧ ៣១១ ហ៊ុនក្នុង ១ ថ្ងៃ កើនឡើង ៤ ដង ធៀបនឹងឆ្នាំ ២០១៨ ដែលមានត្រឹមតែ ១៦ ២២៩ ហ៊ុន។ ម្យ៉ាងវិញទៀត ទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យម បានកើនជិត ២ ដង ពីប្រមាណ ២៦ ៧១៩ ដុល្លារក្នុង ១ ថ្ងៃក្នុងឆ្នាំ ២០១៨ ទៅប្រមាណ ៥២ ៨១៦ ដុល្លារនៅក្នុងត្រីមាសទី១ ឆ្នាំ ២០១៩។
លោកស្រី គឹម សុផានីតា ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃម្សិលមិញ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា សកម្មភាពរបស់ផ្សារហ៊ុនកម្ពុជា បានបង្ហាញសញ្ញាវិជ្ជមានជាបន្តបន្ទាប់ក្នុងត្រីមាសទី១ កន្លងមក ដោយចំនួននៃការជួញដូរមានសម្ទុះកើនឡើងច្រើន ចំណែកតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនកើនឡើងស្ទើរទាំងអស់។
លោកស្រីបន្តថា៖ «បច្ចុប្បន្នមានវិនិយោគក្នុងស្រុកកាន់តែច្រើនបានចាប់អារម្មណ៍ចំពោះការជួញដូរតាមរយៈការទិញភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា ដោយមានទាំងលក្ខណៈស្ថាប័ន និងលក្ខណៈបុគ្គល»។
ខណៈចំនួននៃការជួញដូរ និងតម្លៃភាគហ៊ុន កាលពីត្រីមាសទី១ មានកំណើនខ្ពស់នោះ លោកស្រី សុផានីតា បាននិយាយថា និន្នាការនេះនឹងបន្តសញ្ញាវិជ្ជមានជាបន្តទៀត។
លោកស្រីប្រាប់ទៀតថា អ្វីដែលគួរកត់សម្គាល់បន្ថែមទៀតនោះគឺកំណើនវិនិយោគិនជនជាតិថៃនៅក្នុងការជួញដូរ កាលពីត្រីមាសទី១។
សេចក្តីប្រកាសព័ត៌មានឲ្យដឹងទៀតថា ក្នុងត្រីមាសទី១ ឆ្នាំ ២០១៩ ទំហំជួញដូរភាគហ៊ុនរវាងវិនិយោគិនជាស្ថាប័ន (Institutional Investor) និងវិនិយោគិនជាបុគ្គលមានភាពប្រហាក់ប្រហែលគ្នា គឺ ៤៧ ភាគរយ ទល់នឹង ៥៣ ភាគរយ ខណៈកាលពីឆ្នាំ ២០១៨ ការជួញដូរជាលក្ខណៈស្ថាប័ន មានរហូតដល់ជាង ៧៧ ភាគរយនៃទំហំជួញដូរសរុប។
ទំហំជួញដូរភាគហ៊ុនរបស់ជនជាតិខ្មែរ ក្នុងត្រីមាសទី១ ឆ្នាំ ២០១៩ បានកើនពី ១១ ភាគរយ ទៅ ២៩ ភាគរយនៃការជួញដូរសរុបកាលពីដំណាច់ត្រីមាសទី៤ ឆ្នាំ ២០១៨។ ថៃបានក្លាយជាវិនិយោគិនបរទេសឈានមុខគេនៅក្នុងត្រីមាសទី១ ឆ្នាំ ២០១៩ គិតតាមទឹកប្រាក់ជួញដូរភាគហ៊ុនសរុប ដែលមានប្រមាណ ៣,២៥ លានដុល្លារ តាមពីក្រោយដោយវិនិយោគិនជនជាតិជប៉ុន និងចិន។
បុគ្គលិកផ្នែកផ្តល់ព័ត៌មានសាជីវកម្មនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំង ៥ ចុះបញ្ជីនៅ CSX បាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា PPSP ទទួលបានវិនិយោគិនថៃជាច្រើនដែលមកទិញភាគហ៊ុនរបស់ក្រុមហ៊ុន ដោយសារតែក្រុមហ៊ុនមានគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសមួយនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនជាមួយប្រទេស ថៃ។
លោកស្រីបន្តថា៖ «កន្លងមកក្រុមហ៊ុនខ្ញុំបានលក់ភាគហ៊ុនជាច្រើនទៅឲ្យវិនិយោគិនថៃ ពិសេសសេវាកម្មដឹកជញ្ជូនទំនិញ»។
បើតាមប្រភពខាងលើ នៅដើមឆ្នាំក្រោយ PPSP អាចនឹងចុះបញ្ជីនៅក្នុងផ្សារមូលបត្រថៃផងដែរ៕ LA