ទីក្រុងប៉េកាំងៈ ក្រុមហ៊ុន​ផលិត​ម៉ាស់​ដែល​បាន​រីកដុះដាល​ដូច​ផ្សិត​រាប់ម៉ឺន​កន្លែង ពេល​ចាប់ផ្តើម​នៃ​ការរីករាលដាល​វីរុស​កូរ៉ូណា ប៉ុន្តែ​ក្រុមហ៊ុន​ជាច្រើន​កំពុង​តស៊ូ​ ដើម្បី​រស់​ពេល​ពួកគេ​ប្រឈម​វិធានការ​គ្រប់គ្រង​គុណភាព​កាន់តែ​តឹងរ៉ឹង​ឡើង និង​តម្រូវការ​ក្នុងស្រុក​កំពុង​ធ្លាក់ចុះ​។

ប្រទេស​ចិន​ បាន​ដាក់​ចេញ​នូវ​ការខិតខំ​ប្រឹងប្រែង​ដ៏ខ្លាំង ដើម្បី​ផលិត​សម្ភារ​ការពារ​បំពេញ​នូវ​ការខ្វះខាត​អំឡុងពេល​នៃ​ការផ្ទុះ​ឡើង​ដែល​បាន​កើតឡើង​ដំបូង​នៅក្នុង​ប្រទេស​នេះ​កាលពី​ចុង​ឆ្នាំ​មុន មុន​រាលដាល​ទៅ​ពាសពេញ​ពិភពលោក​។

ក្រុមហ៊ុន​ជាង​ ៧៣ ០០០ ​បាន​ចុះឈ្មោះ​ជា​ក្រុមហ៊ុន​ផលិត​ម៉ាស់​ក្នុង​ឆមាស​ដំបូង​នៃ​ឆ្នាំនេះ រួមទាំង​ក្រុមហ៊ុន​ជាង​ ៣៦ ០០០ ​ថ្មី​ដែល​បាន​ចុះបញ្ជី​ក្នុង​ខែមេសា​ជា​ពេល​ដែល​តម្លៃ និងតម្រូវការ​កើនឡើង​ខ្ពស់​។

ប៉ុន្តែ​លំហូរ​ចូល​យ៉ាងគំហុក​នៃ​ក្រុមហ៊ុន​ថ្មីៗ​នាំ​ឲ្យ​ «​មាន​ការថយចុះ​នូវ​គុណភាព និង​ការកើនឡើង​នៃ​ការបោកប្រាស់​»​។ នេះ​បើ​យោង​តាម​ក្រុម​អ្នកស្រាវជ្រាវ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​នៅ​នៃ​ក្រុមហ៊ុន Daxue Consulting​។

ពេលនេះ​ការផ្ទុះ​ឡើង​ដល់​កម្រិត​ធំ ប៉ុន្តែ​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​នៅក្នុង​ចិនដីគោក​តម្រូវការ​ម៉ាស់​ក្នុង​ស្រុក​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​រុញច្រាន​ឲ្យ​តម្លៃ​ដាំ​ក្បាល​ចុះ​ផងដែរ​។

លោក Yang Hao នាយក​ផ្នែក​លក់​នៃ​ក្រុមហ៊ុន CCST ជា​ក្រុមហ៊ុន​ស្ថិតនៅ​ភាគខាងត្បូង​នៃ​ទីក្រុង​ Shenzhen ដែល​ផលិត​ឧបករណ៍​បន្សុទ្ធ​ខ្យល់ ប៉ុន្តែ​បាន​បន្ថែម​ការផលិត​ម៉ាស់​ទៅក្នុង​តារាង​ផលិតកម្ម​បាន​និយាយ​ថា​៖ «​ការបញ្ជាទិញ​របស់​យើង​បាន​ធ្លាក់ចុះ​ខ្លាំង​ដល់​ទៅ​ ៥ ​ឬ​ ៦ ​ដង​ចាប់ពី​ខែ​មេសា​»​។

លោក​បន្ថែម​៖ «​យើង​មិនត្រូវការ​ផលិត​ម៉ាស់​ទាំងថ្ងៃ​ទាំងយប់​ជា​រៀងរាល់ថ្ងៃ​ទៀត​នោះទេ​»​។

ក្រុមហ៊ុន​មួយចំនួន​ដែល​បាន​បោះជំហាន​ចូល​ក្នុង​ឧស្សាហកម្ម​នេះ​កំពុង​ដង្ហោយ​រក​ការគាំទ្រ​។

ព្រឹត្តិបត្រ​ការងារ​របស់​ប្រទេស​ចិន​ដែល​តាមដាន​ការបាត់បង់​សណ្តាប់ធ្នាប់​របស់​កម្មករ​ក្នុង​ចិនដីគោក​បាន​ឲ្យ​ដឹងថា មាន​ការតវ៉ា​មួយចំនួន​ក្នុង​ខែ​ថ្មីៗ​នេះ​ដោយសារ​រោងចក្រ​ផលិត​ម៉ាស់​មួយចំនួន​បាន​បិទ​ភ្លាមៗ និង មិន​បើក​ប្រាក់ខែ​ឲ្យ​បុគ្គលិក​។

ក្រុមហ៊ុន​មួយចំនួន​បាន​ឲ្យ​ដឹងថា ការបញ្ជាទិញ​បាន​ធ្លាក់ចុះ​ខ្លាំង និង​ខ្លះទៀត​អះអាងថា ពួកគេ​រៀបចំ​អាជីវកម្ម​សាជាថ្មី​។

នាយក​ផ្នែក​លក់​ដែល​ប្រាប់​ឈ្មោះ​ត្រកូល Xu នៅ​ក្រុមហ៊ុន​ផលិត​ផលិតផល​ពេទ្យ​នៅ​ភាគ​ខាងជើង​ខេត្ត Hebei បាន​និយាយ​ថា​៖ «​ក្រុមហ៊ុន​យើង​មាន​ចង្វាក់​ផលិតកម្ម​ច្រើន យើង​បង្កើន​ល្បឿន​ផលិតកម្ម​ម៉ាស់ ពេល​ការរីករាលដាល​ប៉ះពាល់​ចិន​ខ្លាំង ប៉ុន្តែ​យើង​នឹង​ប្តូរ​ទៅកាន់​ផលិតកម្ម​ផ្សេង​វិញ​ក្នុងពេល​អនាគត​»​។

លោក Xu បាន​និយាយ​ថា​៖ «​ក្រុមហ៊ុន​នាពេលនេះ​លក់​ម៉ាស់​ ១ ​ថ្លៃ​ ០,៤ យន់ (​ប្រហែល​ ៦​ សេន​ដុល្លារ​) ប្រហែល​ ១ ​ភាគ ៤ ​នៃ​តម្លៃ​ដែល​គេ​លក់​នៅពេល​ការ​ផ្ទុះឡើង​ខ្ពស់​នៅ​ប្រទេស​ចិន​កាលពី​ដើម​ឆ្នាំ​»​។

បន្ទាប់ពី​ការរិះគន់​ជា​អន្តរជាតិ​អំពី​ផលិតផល​គុណភាព​ទាប អាជ្ញាធរ​ចិន​ពេលនេះ​ទាមទារ​នូវ​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​សម្រាប់​ក្រុមហ៊ុន​នាំ​ចេញ​ម៉ាស់​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ផលិត​ម៉ាស់​ខ្នាតតូច​ជាច្រើន​ផងដែរ​។

ចន្លោះ​ពី​ខែ​មីនា​ដល់​ឧសភា ចិន​បាន​នាំចេញ​ម៉ាស់​មុខ​ច្រើនជាង​ ៥០ ​ពាន់​លាន ​ដែល​កើនឡើង​ ១០ ​ដង​ប្រៀបធៀប​ទៅនឹង​ផលិតកម្ម​សរុប​ក្នុង​ឆ្នាំ​ ២០១៩ ​មុន​កើត​កូវីដ​​ ១៩៕ RR