កំពតៈ កសិករម្រេចកំពតបានបង្ហាញក្ដីសង្ឃឹមខ្ពស់ ខណៈដែលតម្លៃ និងទិន្នផលម្រេចឆ្នាំនេះកើនឡើងខ្ពស់។ ការប្រមូលផលម្រេចធ្វើឡើងរយៈពេល ៥ ខែ ដោយចាប់ពីខែ មករា ទៅ។
លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពត (KPPA) បានប្រាប់ភ្នំពេញប៉ុស្ដិ៍ កាលពីម្សិលមិញថា តម្លៃម្រេចខ្មៅបានកើនឡើងពី ១១ ដុល្លារអាមេរិកក្នុងមួយគីឡូក្រាមកាលពីឆ្នាំមុន ដល់ ១៥ ដុល្លារ នៅឆ្នាំនេះ ខណៈតម្លៃម្រេចក្រហមបានកើនឡើងពី ១៥ ដុល្លារ ដល់ ២៥ ដុល្លារ និងម្រេចសបានកើនឡើងពី ១៨ ដុល្លារ ដល់ ២៦ ដុល្លារ នៅឆ្នាំនេះ។
លោក ងួន ឡាយ បានថ្លែងថា ទោះបីជា រដូវប្រមូលផលដែលចាប់ផ្ដើមពីខែមករា ដល់ខែឧសភា នឹងចាប់ផ្ដើមយឺតបន្តិចក៏ដោយ ក៏ការប្រមូលផលសរុបត្រូវបានគេរំពឹងថា នឹងមានចំនួន ៤០ តោន ខណៈតំបន់ដាំដុះបានកើនឡើងពី ១៥ ហិកតាដល់ ២០ ហិកតា។
លោកលើកឡើងថា៖ «ការប្រមូលផលនេះនឹងចាប់ផ្ដើមនៅចុងខែមករា ឬ នៅដើមខែកុម្ភៈ នៅឆ្នាំនេះ ខណៈកាលពីឆ្នាំមុនកសិកររក្សាម្រេចរហូតដល់វាទុំពេញលេញឲ្យត្រូវនឹងការបញ្ជាទិញ ដូច្នេះរយៈពេលចេញផ្កាបានចាប់ផ្ដើមយឺតផងដែរ»។
លោកបន្តថា ការផ្គត់ផ្គង់ទាប ជាហេតុផលនៅពីក្រោយការកើនឡើងតម្លៃនេះ។
កាលពីឆ្នាំមុន ការប្រមូលផលមានចំនួន ៣៣ តោន ដែលបានកើនឡើងពី ២២ តោន កាលពីឆ្នាំ ២០១៣។ ប៉ុន្តែមានតែ ១២ តោនប៉ុណ្ណោះ ដែលឆ្លើយតមតាមតម្រូវការអប្បបរមាសម្រាប់ GI។
លោក ឡាយ បានថ្លែងថា នៅឆ្នាំនេះ កសិករមួយចំនួនបានងាកទៅរកការបង្កើតអាងទឹកដោយខ្លួនឯងដើម្បីការពារនៅពេលខ្វះទឹក។
លោកបានប៉ាន់ប្រមាណថា ការប្រមូលផលសរុបនៅឆ្នាំ ២០១៨ នឹងកើនឡើងដល់ ១០០ តោននៅពេលផ្ទៃដីដាំដុះ ១៥០ ហិកតានឹងរួចរាល់សម្រាប់ការដាំដុះ។
លោកបានបន្តថា៖ «មានផ្ទៃដីដាំដុះ ១៥០ ហិកតានៅឆ្នាំនេះ ដែលរួមមាន កសិករលក្ខណៈគ្រួសារ និងក្រុមហ៊ុន ប៉ុន្តែមានតែ ៤០ ហិកតា ប៉ុណ្ណោះបានរៀបចំរួចជាស្រេចសម្រាប់ការប្រមូលផល។ ជាធម្មតា ត្រូវការរយៈពេល ៣ ឆ្នាំសម្រាប់ដើមម្រេចផ្ដល់ផ្លែ»។
លោក ខាន់ ស៊ីណូច កសិករមានដើមម្រេច ៥០០ ជន្លង នៅលើដីឡូត៍ ២៤០០ ម៉ែត្រការ៉េ កាលពីឆ្នាំ២០១៣ បានបង្កើនដើមម្រេចរបស់គាត់រហូតដល់ ១ ០០០ ជន្លង នៅឆ្នាំនេះ ហើយរំពឹងថា នឹងប្រមូលផលបានពេញលេញនៅឆ្នាំ ២០១៧។
លោកថ្លែងថា ការកើនឡើងតម្លៃជាដំណឹងដ៏ល្អសម្រាប់កសិករ។
លោកបានបន្តទៀតថា៖ «វាត្រូវការកិច្ចខិតខំប្រឹងប្រែងរបស់យើងច្រើន និងពេលវេលានៅក្នុងការថែរក្សាដើមម្រេចរហូតដល់វាផ្ដល់ផ្លែ។ នេះគឺជាអ្វីដែលកសិករសមនឹងទទួលបាន»។
កញ្ញា លួន វិច្ឆិកា គណនេយ្យករនៅ Starling Farm ដែលជាក្រុមហ៊ុនដាំ និងនាំចេញម្រេច បានឲ្យថា ការកើនឡើងតម្លៃនេះ ដោយសារការផ្គត់ផ្គង់ម្រេចខេត្តកំពតមានកម្រិតទាប។
កញ្ញារំពឹងថា តម្លៃនឹងរក្សាស្ថិរភាព ឬកាន់តែខ្ពស់នៅពេលអនាគត ទោះបីមានការប៉ាន់ប្រមាណថា ការផលិតនឹងកើនឡើងក៏ដោយ។
កញ្ញាបានបន្ថែមទៀតថា៖ «ការផលិតនៅពេល បច្ចុប្បន្ននេះ អាចផ្គត់ផ្គង់សម្រាប់តម្រូវការសរុប ៣០ ភាគរយ។ មានតម្រូវការខ្ពស់ណាស់សម្រាប់ម្រេចខេត្តកំពតនៅលើទីផ្សារអន្តរជាតិ»។
ក្រុមហ៊ុន Starling Farm គ្រប់គ្រងចម្ការម្រេចទំហំ ៥ ហិកតា នៅក្នុងខេត្តកំពត និងបាននាំចេញម្រេចកំពតប្រចាំឆ្នាំចំនួន ១៥ តោនទៅប្រទេស អាល្លឺម៉ង់ កាណាដា អូស្ដ្រាលី និងបារាំង៕