ភ្នំពេញ: តម្លៃ​ម្រេច​ទូទៅ​របស់​ប្រទេស​កម្ពុជា​ បាន​ហក់ឡើង​យ៉ាង​លឿន បន្ទាប់ពី​មាន​តម្រូវការ​ពី​ទីផ្សារ​វៀតណាម ក្រោយ​បញ្ចប់​រដូវ​ប្រមូលផល​ដែល​បង្ហាញ​ឲ្យ​ឃើញថា ទិន្នផល​ម្រេច​ឆ្នាំនេះ​បាន​ធ្លាក់ចុះ ហើយ​វៀតណាម​ត្រូវ​ការទិញ​ដើម្បី​បំពេញ​ឃ្លាំង​សន្និធិ​។

តម្លៃ​ម្រេច​ក្រៅ​តំបន់​ដែល​បាន​ទទួល​ស្គាល់​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ (GI: ម្រេចកំពត​) បាន​ធ្លាក់​ថ្លៃ​ជា​​បន្តបន្ទាប់​ចាប់​តាំងពី​ឆ្នាំ​ ២០១៨ រហូត​បណ្តាល​ឲ្យ​កសិករ​ជាច្រើន​ខកចិត្ត និង​បោះបង់​ការថែទាំ ការប្រមូលផល ដែល​ជា​កត្តា​ចម្បង​ធ្វើឲ្យ​ទិន្នផល​ម្រេច​ឆ្នាំនេះ​បាន​ធ្លាក់​យ៉ាងខ្លាំង​។

លោក ម៉ាក់ នី ប្រធាន​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា​ដែល​បាន​បង្កើតឡើង​កាល​ឆ្នាំ​ ២០១៨ ដោយមាន​សហគមន៍​ និង​សមាគម​ ១៧ ​និង​ក្រុមហ៊ុន​ឯកជន ​៩ ​ជា​សមាជិក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​តម្លៃ​ម្រេច​បាន​ងើប​ឡើងវិញ​គួរកត់សម្គាល់​នៅ​រយៈពេល​ចុងក្រោយ​នេះ បន្ទាប់ពី​តម្រូវការ​ម្រេច​របស់​វៀតណាម​កើនឡើង​ខ្ពស់​។

លោក​បន្តថា តម្លៃ​ម្រេច​បាន​កើនឡើង​ពី ៩ ០០០ រៀល​ដល់ ១១ ០០០ ​រៀល ក្នុង​ ១ ​កញ្ចប់ ទម្ងន់​ ៥៥០ ​ក្រាម បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ តម្លៃ​ម្រេច​របស់​កម្ពុជា​បាន​ងើប​ឡើង​វិញ​ចាប់តាំងពី​ដើម​ខែ​ឧសភា ក្រោយពី​ការប្រមូលផល​ម្រេច​របស់​វៀតណាម​បាន​បិទ​បញ្ចប់​កាលពី​ខែមេសា​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា វា​ប្រហែល​ជា​ការប្រមូលផល​ម្រេច​របស់​វៀតណាម​ឆ្នាំនេះ​ទំនង​ជា​ទទួលបាន​ផល​ទាប ហើយ​វៀតណាម​បារម្ភ​បញ្ហា​កង្វះ​ម្រេច​ក្នុង​ស្តុក​ព្រោះ​វៀតណាម​ជា​អ្នក​ចែកចាយ​ទីផ្សារ​ធំ អ៊ីចឹង​ធ្វើឲ្យ​វៀតណាម​សម្រុក​ទិញ​ពី​យើង​ចូលក្នុង​ស្តុក ទើប​ធ្វើឲ្យ​តម្លៃ​ម្រេច​យើង​ងើបឡើង​វិញ​យ៉ាង​លឿន​នៅពេលនេះ​»​។

លោក​បន្ត​ថា​៖ «​ការងើប​ឡើងវិញ​នូវ​តម្លៃ​ម្រេច​នេះ​នាពេល​នេះ​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​ជំរុញ​ឲ្យ​កសិករ​កម្ពុជា​ងាក​មក​ពង្រឹង​បច្ចេកទេស និង​ការថែទាំ​ដំណាំ​ម្រេច​នេះ​ឡើងវិញ​»​។

បើ​យោងតាម​សារព័ត៌មាន Vietnam News តម្លៃ​ម្រេច​នៅ​វៀតណាម​បាន​កើនឡើង​ខ្ពស់​កាលពី​សប្តាហ៍​មុន​ធៀប​នឹង​ឆ្នាំមុន​ដោយសារ​តម្រូវការ​ពី​ទីផ្សារ​ចិន និង​អាជីវកម្ម​ក្នុង​ប្រទេស​វៀតណាម​មាន​ការកើនឡើង​។

លោក Nguyen Nam Hai ប្រធាន​សមាគម​ម្រេច​វៀតណាម (VPA) បាន​ឲ្យ​ដឹងថា កសិករ​នៅ​តំបន់​ខ្ពង់រាប​ភាគ​កណ្តាល និង​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម ​បាន​លក់​ម្រេច​ក្នុង​តម្លៃ ៤៨ ០០០ ទៅ ៥០ ០០០ ដុង (២,០៨-២,១៧ ​ដុល្លារ​) ក្នុង​ ១ ​គីឡូក្រាម​។

តម្លៃ​ម្រេច​កម្ពុជា​បាន​ចាប់ផ្តើម​ធ្លាក់​ថ្លៃ​ចាប់​តាំងពី ២០១៨ ដែល​កាលនោះ ដោយសារ​ការផលិត​ម្រេច​នៅ​លើ​ពិភពលោក​លើស​តម្រូវការ​ប្រើប្រាស់​ដែល​មាន​បរិមាណ​រហូត​ដល់​ ៥០ ម៉ឺន​តោន​ ក្នុង​ ១ ​ឆ្នាំ ខណៈ​តម្រូវការ​ម្រេច​របស់​ពិភពលោក​មាន​ត្រឹម​រង្វង់​ ៤៥ ​ម៉ឺន​តោន​ប៉ុណ្ណោះ​។ ​នេះ​បើ​យោងតាម​លោក នី។

លោក​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ម្រេច​របស់​កម្ពុជា​បាន​ពឹង​ផ្អែកលើ​ទីផ្សារ​របស់​ប្រទេស​វៀតណាម​ប្រមាណ ៨០ ​ភាគរយ និង​ទីផ្សារ​ប្រទេស​ថៃ​ ១៥ ​ភាគរយ​។

លោក​បាន​ប៉ាន់ប្រមាណ​ថា ការប្រមូលផល​ម្រេច​នៅ​កម្ពុជា​ឆ្នាំ​ ២០២០ ​នឹង​ធ្លាក់​ចុះមក​ក្នុង​រង្វង់​ ១៦ ០០០ ​តោន​ នៅលើ​ផ្ទៃដី​ដាំដុះ​សរុប​ប្រមាណ ៧ ៤០០ ​ហិកតា ខណៈ​ឆ្នាំមុន​កម្ពុជា​ទទួលផល​ម្រេច​ចំនួន ២១ ០០០ ​តោន​។

លោក​និយាយថា​៖ «​ទិន្នផល​ម្រេច​របស់​យើង​ទទួលបាន​ទាប​ជាង​ឆ្នាំមុន ព្រោះ​កសិករ​មួយ​ចំនួន​បាន​បោះបង់​ការថែទាំ​ចម្ការ​ម្រេច​ដែល​មកពី​តម្លៃ​ម្រេច​ចុះថោក​ពេក​នា​ឆ្នាំ​កន្លង​មក ហើយ​កត្តា​អាកាសធាតុ​មិន​អំណោយផល​ល្អ​ដល់​ដំណាំ​ប្រភេទ​នេះ ក៏​ជា​ហេតុផល​នាំ​ឲ្យ​ទិន្នផល​ធ្លាក់ចុះ​ផងដែរ​»​។

លោក នេត អង្គារ អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន K.C.C.V Plantation Co., Ltd ដែល​ជា​ក្រុមហ៊ុន​ដាំដុះ​ និង​នាំចេញ​ម្រេច​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា តម្លៃ​ម្រេច​ក្នុងស្រុក​ពិតជា​បាន​ហក់​ឡើង​យ៉ាងខ្លាំង​នៅក្នុង​រដូវ​ប្រមូលផល​ឆ្នាំនេះ​។

លោក​បន្តថា​៖ «​បច្ចុប្បន្ន​តម្លៃ​ម្រេច​របស់​ក្រុមហ៊ុន​លក់រាយ​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​ថ្លៃ​ ១,៨០ ដុល្លារ​ក្នុង​ ១ ​កញ្ចប់​ដែលមាន​ទម្ងន់​ ១០០ ​ក្រាម និង ៨ ​ដុល្លារ ក្នុង​ ១ ​កញ្ចប់​ដែលមាន​ទម្ងន់ ៥០០ ​ក្រាម​»​។

កសិករ និង​អ្នកមាន​ទ្រព្យសម្បត្តិ​ជាច្រើន​បាន​បោះទុន​វិនិយោគ​ដាំ​ម្រេច​យ៉ាងច្រើន​ស្ទើរតែ​គ្រប់​ខេត្ត​ទាំងអស់ បន្ទាប់ពី​ស្ថិរភាព​តម្លៃ​ម្រេច​ជាច្រើន​ឆ្នាំ​។

របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បង្ហាញ​ថា ការនាំចេញ​ម្រេច​សរុប​ទាំង​ម្រេច​សម្គាល់​ភូមិសាស្ត្រ​ និង​នៅ​ក្រៅ​តំបន់​សម្គាល់​ភូមិសាស្ត្រ​ចំនួន​ជិត​ ៣០០ ​តោន​ក្នុង​ត្រីមាស​ទី​ ១ ​ឆ្នាំ​នេះ​ដោយ​នាំចេញ​ទៅកាន់​ប្រទេស​ជប៉ុន អាលឺ្លម៉ង់ បែលហ្ស៊ិក ហូឡង់ បារាំង អាមេរិក ស្វ៊ីស វៀតណាម រុស្ស៊ី អង់គ្លេស និង​ឥណ្ឌា​។

របាយការណ៍​នេះ​ឲ្យ​ដឹងថា​កាលពី​ឆ្នាំ​ ២០១៩ ការនាំចេញ​សម្រេច​បាន​ជាង ៣ ៦៩៣ ​តោន​កើន​ ៥៣,១៧ ​ភាគរយ ធៀបនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៨ ដែល​មាន​ ២ ៤១១ ​តោន​៕LA