ភ្នំពេញៈ ខណៈ​ការប្រមូលផល​ស្រូវ​ក្រអូប​បាន​ចូលមក​ដល់​អ្នក​នៅក្នុង​វិស័យនេះ​បាន​ឲ្យ​ដឹងថា តម្លៃ​ស្រូវ​ក្រអូប​ជារួម​តាម​បណ្តា​ខេត្ត​មួយចំនួន​បានបង្ហាញ​ពី​ស្ថិរភាព​បើ​ធៀប​នឹង​ឆ្នាំមុន ខណៈ​អ្នក​ក្នុង​វិស័យ​ស្រូវ​អង្ករ​អះអាងថា នេះ​គ្រាន់តែ​ជា​ការចាប់ផ្តើម​ប្រមូលផល​ដំបូង​ប៉ុណ្ណោះ​។

ស្រូវ​ផ្ការំដួល ដែល​ជា​ប្រភេទ​នៃ​អង្ករ​ជាប់​លេខ​ ១ ល្អ​របស់​កម្ពុជា​ទើប​តែ​ចាប់ផ្តើម​ប្រមូលផល​បាន​ប្រហែល​ ១ ​សប្តាហ៍​ នៅ​តាម​ខេត្ត​មួយ​ចំនួន​ដូចជា ពោធិ៍សាត់ ព្រៃវែង ស្វាយរៀង និង​បាត់ដំបង​ជាដើម​។ ការប្រមូលផល​ស្រូវ​ប្រភេទ​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​ខែ​ធ្នូ ឬ​ដើម​ខែ​មករា​ខាង​មុខ​។

អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) លោក ចាន់ សុខឃាំង កាលពី​ម្សិលមិញ​បាន​និយាយថា តម្លៃ​ស្រូវ​ផ្ការំដួល​ពេល​ប្រមូលផល​ដំបូង​នេះ​មាន​តម្លៃ​ចន្លោះ​ពី ១ ១០០ ទៅ ១២០០ រៀល​ក្នុង​មួយ​គីឡូក្រាម​ប្រហាក់ប្រហែល​នឹង​ឆ្នាំមុន​។ ទោះបី​ជា​យ៉ាងនេះ​ក្តី លោក​មិន​ទាន់​អាច​សន្និដ្ឋាន​ថា​នឹង​ប្រែប្រួល​បែបណា​ទេ​នាពេល​ខាងមុខ​។

លោក​បន្តថា ​ដើម្បី​លើកកម្ពស់​ឲ្យ​ការនាំចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​កំពុង​ជំរុញ​ក្រុមហ៊ុន និង​រោងម៉ាស៊ីន​ជា​សមាជិក​របស់​ខ្លួន​ទាំងអស់​ឲ្យ​ប្រមូល​ទិញស្រូវ​រំដួល​នេះ​យកមក​ស្តុក​ឲ្យ​បាន​ច្រើន​។ លោក​អះអាង​ថា​៖ «​ស្រូវ​ប្រភេទ​នេះ​មាន​តម្រូវការ​ច្រើន​នៅ​លើ​ទីផ្សារ​អន្តរជាតិ​»​។

បើតាម​លោក ចាន់ សុខឃាំង បច្ចុប្បន្ន​អង្ករ​ផ្ការំដួល​លក់​នៅលើ​ទីផ្សារ​អន្តរជាតិ​អាច​មាន​តម្លៃ​ចន្លោះ​ពី ៨៨០-៩០០ ​ដុល្លារ​ក្នុង​ ១ ​តោន​។

ជាមួយ​គ្នា​នេះ​ក្នុង​នាម CRF លោក សុខឃាំង ក៏បាន​ស្នើ​ឲ្យ​ធនាគារពាណិជ្ជ​ទាំងអស់​ជួយផ្តល់​កញ្ចប់​ថវិកា​ទៅ​ដល់​ក្រុមហ៊ុន និង​រោង​ម៉ាស៊ីន​កិនស្រូវ ដើម្បី​ប្រមូល​ទិញស្រូវ​យក​មក​ស្តុក​ទុក​នឹង​កាត់បន្ថយ​ស្រូវ​ហូរចេញ​ទៅ​ប្រទេស​ជិតខាង​។

លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹងថា ទិន្នផល និង​តម្លៃ​ស្រូវ​នៅពេល​នេះ​អាច​ល្អ​ជាង​ឆ្នាំមុន​។ លោក​ថា​៖ «​បើ​តាម​ខ្ញុំ​ដឹង គឺ​តម្លៃ​ស្រូវ​ឆ្នាំនេះ​មាន​ភាពល្អ​ប្រសើរ ព្រោះ​មិនឃើញ​មាន​សមាជិក​សហព័ន្ធ​ណា​ត្អូញត្អែរ ឬ​និយាយ​ពី​ការធ្លាក់ចុះ​តម្លៃ​ស្រូវ​ទេ​មក​ដល់​ពេល​នេះ​»​។

ទោះបី​យ៉ាងណា​លោក ហេង ផេង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Thmor Korl Rice Import Export Co., Ltd ជា​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​មាន​មូលដ្ឋាន​ក្នុង​ខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹងថា តម្លៃ​ស្រូវ​នៅ​ដើមរដូវ​នៅ​ខេត្ត​បាត់ដំបង​ហាក់​បាន​ធ្លាក់ចុះ​បន្តិច​បើ​ធៀប​នឹង​ឆ្នាំទៅ​។

លោក​បន្តថា តម្លៃ​ស្រូវ​ដែល​រោង​ម៉ាស៊ីន​លោក​ទិញ​ពី​កសិករ មួយ​តោន​តម្លៃ ១១៧០ ០០០ ​រៀល ខណៈ​កាលពី​ឆ្នាំមុន​មាន​តម្លៃ ១ ២៨០ ០០០ ​រៀល​។

របាយការណ៍​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​ ៤ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ ទូទាំង​ខេត្ត​បាត់ដំបង​មាន​ផ្ទៃដី​ប្រមូលផល​ស្រូវ​សរុប ៣៥៨ ៦៣៣ ហិកតា​ដោយ​ក្នុង​ ១ ​ហិកតា​ផ្តល់​ទិន្នផល​ជា​មធ្យម ៤,១៦ ​តោន​។

លោក ហេង សិទ្ធិ មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង​បាន​និយាយថា សម្រាប់​ឆ្នាំ​ ២០១៩ នេះ​ផ្ទៃដី​បង្កបង្កើនផល​បាន​កើន​លើស​ផែនការ​រហូត​ដល់ ១១៤,៤៩ ​ភាគរយ​នៃ​ផែនការ​។ ចំណែក​ទិន្នផល​ស្រូវ​ត្រូវ​ព្យាករ​ថា​នឹង​មាន​បរិមាណ ១,២៤ ​លាន​តោន​កើន​លើស​ឆ្នាំមុន ជាង ៨,៥ ​ម៉ឺន​តោន​៕ LA