ភ្នំពេញៈ ខណៈ​ដែល​​​ឃ្លាំង​​ស្ដុក​ និង​ឡ​សម្ងួត​ស្រូវ​ជា​ច្រើន​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ តម្លៃ​ស្រូវ​​ក្នុង​រដូវ​​ប្រមូល​ផល​ឆ្នាំ ​២០១៨-​២០១៩ ​បាន​កើន​ឡើង​ចន្លោះ​តម្លៃ​ពី ​៩០០ ​រៀល​ ទៅ ១ ​៣០០ ​រៀល​ ក្នុង​មួយ​គីឡូ​​ក្រាម​ ជា​តម្លៃ​ដ៏​ល្អ​មួយ​សម្រាប់​​​កសិករ​បើ​ធៀប​នឹង​រដូវ​ប្រមូល​ផល​មុន​ៗ។​ នេះ​បើ​យោង​តាម​​អ្នក​​​ក្នុង​ឧស្សាហកម្ម​នេះ​។​

លោក វង្ស ប៊ុន​ហេង អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​​កម្ពុជា (CRF) បាន​កត់​សម្គាល់​ថា ​តម្លៃ​ស្រូវ​បាន​​ត្រឡប់​ទៅ​រក​ភាព​កាន់​តែ​ប្រសើរ​ឡើង ​បើ​ធៀប​នឹង​រដូវ​ ២០១៧-២០១៨​ ​ដោយ​បាន​កើន​ជាង​ ២០ ​ភាគរយ​។​

តម្លៃ​គឺ​ផ្អែក​លើ​ប្រភេទ​ស្រូវ ​និង​គុណ​ភាព​របស់​វា ដោយ​តម្លៃ​ស្រូវ​គុណភាព​ខ្ពស់​មាន​ចំនួន ​១ ៣០០ រៀល​​ក្នុង​ ១ ​គីឡូ​ក្រាម ស្រូវ​ធម្មតា​តម្លៃ ​៩០០ ​រៀល​។ ​នេះ​បើ​យោង​តាម​លោក ​វង្ស ​ប៊ុន​ហេង​។​ ​លោក​ថ្លែង​ថា​៖ «​តម្លៃ​នេះ​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​កាន់​តែ​ប្រសើរ​ឡើង​នៅ​ពេល​នេះ​ យើង​រំពឹង​ថា ​តម្លៃ​នេះ​នឹង​បន្ត​រហូត​ដល់​រដូវ​ក្រោយ​ទៀត​»។ លោក​បន្ថែម​ថា ​កំណើន​តម្លៃ​នេះ​គឺ​ដោយ​សារ​តែ​ឃ្លាំង​ស្ដុក​ស្រូវ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​​ការ​ដែល​ អាច​ស្រូប​យក​ស្រូវ​កាន់​តែ​ច្រើន​ពី​កសិករ​។​ រដូវ​ប្រមូល​ផល​ស្រូវ​សំខាន់​ៗ​​របស់​កម្ពុជា ​ចាប់​ពី​ចុង​​ឆ្នាំ រហូត​ដល់​ដើម​ឆ្នាំ​​នីមួយ​ៗ​។

កាល​ពី​ឆ្នាំ​កន្លង​មក​ក្នុង​ឆ្នាំ ​២០១៦ ​កសិករ​ដាំដុះ​ស្រូវ​នៅ​​​ខេត្ត​បាត់ដំបង​ ដែល​ជា​ខេត្ត​ផលិត​ស្រូវ​ដ៏​សំខាន់​មួយ​របស់​​កម្ពុជា​ បាន​ចេញ​មក​តវ៉ា​នៅ​តាម​ផ្លូវ ដើម្បី​ប្រឆាំង​នឹង​ការ​ធ្លាក់​ចុះ​តម្លៃ ​តាម​រយៈ​ការ​បិទ​ផ្លូវ​ ដើម្បី​ឲ្យ​មាន​អន្តរាគមន៍​ពី​រដ្ឋាភិបាល​។​

លោក ​ស៊ុម ​សង ​ប្រធាន​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ចំរើន​ផល​រាំង​ កេសី ជា​សហករណ៍​កសិកម្ម​នៅ​ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង​ ដែល​មាន​សមាជិក ​២៨៨ ​គ្រួសារ​មាន​ផ្ទៃដី​ដាំដុះ​ ២ ២២៥ ​ហិកតា ​បាន​ឲ្យ​ដឹង​ថា​ តម្លៃ​នៅ​ពេល​នេះ​​ប្រសើរ​ជាង​ពេល​មុន​ដែល​ពេល​នោះ​កសិករ​អាច​លក់​ស្រូវ​​ក្នុង​​តម្លៃ​​​ចន្លោះ​ពី ៥០០ ​រៀលទៅ ៦​០​០ ​​រៀល​​ប៉ុណ្ណោះ​ក្នុង​ ១ ​គីឡូ​ក្រាម​។​ សម្រាប់​រដូវ​ប្រមូល​ផល​នេះ ​កសិករ​នៅ​ខេត្ត​បាត់ដំបង​អាច​លក់​ស្រូវ​របស់​ពួក​គេ​ក្នុង​តម្លៃ ​៨០០ ​រៀល​ទៅ ១​ ១០០ ​​រៀល ក្នុង ១ ​គីឡូ​ក្រាម​។​

លោក​ថ្លែង​ថា​៖ «​​ពេល​ដែល​យើង​បាន​ទទួល​ការ​ធ្វើ​កសិកម្ម​តាម​កិច្ច​សន្យា​ជា​មួយ​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ តម្លៃ​របស់​យើង​នឹង​ត្រូវ​បាន​ធានា ​និង​មិន​មាន​ការ​បារម្ភ​អំពី​ការ​ប្រែ​ប្រួល​តម្លៃ​នោះ​ទេ​»។​ លោក​បន្ត​ថា​​៖ «​​ពេល​យើង​​មិន​មាន​ការ​ធ្វើ​កសិកម្ម​តាម​កិច្ច​សន្យា​ តម្លៃ​ស្រូវ​ត្រូវ​ប្រែប្រួល​ ដែល​ពឹង​ផ្អែក​លើ​មាត់​របស់​ឈ្មួញ»។​

លោក ​ផាត​ សារឿន​ ប្រធាន​សហករណ៍​កសិកម្ម​អូរសារ៉ាយ ​នៅ​ខេត្ត​តាកែវ ​បាន​ឲ្យ​ដឹង​ថា ​តម្លៃ​នៅ​ខេត្ត​នេះ​បាន​កើន​ឡើង​ដល់​ ១ ៣០០ ​រៀល​ សម្រាប់​ស្រូវ​គុណភាព​ខ្ពស់ ​និង​ ៩០០ ​រៀល​ក្នុង​ ១ ​គីឡូ​ក្រាម​សម្រាប់​ស្រូវ​ធម្មតា​ ដែល​ត្រូវ​បាន​ប៉ាន់​ប្រមាណ​​ថា​កើន​ឡើង ​២០ ​ភាគរយ​ ធៀប​នឹង​រដូវ​កាល​ប្រមូល​ផល​ឆ្នាំ​មុន។​​

លោក​ថ្លែង​ថា​៖ «​យើង​រីករាយ​នឹង​តម្លៃ​បច្ចុប្បន្ន យើង​លក់​ឲ្យ​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ក្នុង​មូលដ្ឋាន​ និង​ឈ្មួញ​​មក​ពី​ប្រទេស​ វៀត​ណាម ​ដែល​ផ្ដល់​តម្លៃ​កាន់​តែ​ប្រសើរ​ដល់​ពួក​យើង​»​​​។​

ប៉ុន្តែ​លោក ​ផាត ​សារឿន ​ត្រូវ​ការ​ទម្រង់​​នៃ​​ការ​ធ្វើ​កសិកម្ម​តាម​កិច្ច​សន្យា​ ដើម្បី​ធានា​តម្លៃ​សម្រាប់​រយៈ​ពេល​វែង​។​

លោក​ ច័ន្ទ ​សុផល​ នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ​ បាន​ឲ្យ​ដឹង​ថា ​ទីផ្សារ​ស្រូវ​កម្ពុជា​ប្រែប្រួល​តាម​​ទីផ្សារ​អន្តរជាតិ​ ដែល​គេ​មិន​អាច​ធានា​តម្លៃ​ខ្ពស់​រយៈ​ពេល​យូរ​ណា​មួយ​បាន​ទេ​។​ ​លោក​ថ្លែង​ថា​៖ «​ឧស្សាហកម្ម​ស្រូវ​អង្ករ​របស់​យើង ​មិន​អាច​កំណត់​តម្លៃ​សម្រាប់​កសិករ​​បាន​ទេ​»។

លោក​បន្ថែម​ថា តម្លៃ​ស្រូវ​មិន​អាច​ធានា​តម្លៃ​បាន​គ្រប់​ពេល​វេលា​នោះ​ទេ ​លុះត្រា​តែ​រដា្ឋភិបាល​ជា​អ្នក​ធានា​។​ លោក​បញ្ជាក់​ថា​៖ «​​មិន​មាន​មធ្យោបាយ​ក្នុង​ការ​ធានា​តម្លៃ​ល្អ​បាន​គ្រប់​ពេល​នោះ​ទេ​ លុះត្រា​តែ​រដ្ឋាភិបាល​ទើប​ធានា​តម្លៃ​បាន ប៉ុន្តែ​ការ​ធ្វើ​ដូច្នេះ​វា​នឹង​មាន​ការ​ពិបាក​»៕​LA