
កម្មករកំពុងលីអង្ករពីលើរថយន្តយកទៅទុកក្នុងឃ្លាំង។ ហេង ជីវ័ន
ភ្នំពេញៈ តម្លៃអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិក្នុងត្រីមាសទី១ ឆ្នាំ ២០២១ នេះបានកើនឡើងតិចតួចបើធៀបនឹងចុងឆ្នាំ ២០២០។ នេះបើតាមអ្នកនៅក្នុងវិស័យស្រូវអង្ករកម្ពុជា។
យោងតាមតារាងតម្លៃអង្ករដែលកត់ត្រាដោយសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) គិតត្រឹមថ្ងៃទី ២៣ ខែមីនា អង្ករម្លិះអង្គរ Jasmine(Malys Angkor) មានតម្លៃជាមធ្យម ៨២៥ ដុល្លារ ក្នុង ១ តោន កើនពី ៨១៦,២៥ ដុល្លារកាលពីខែធ្នូ ឆ្នាំមុន។
CRF ឱ្យដឹងទៀតថា អង្ករស (Soft cooking) មានតម្លៃ ៥៨៥ ដុល្លារ ក្នុង ១ តោន កើនពី ៥៦៨ ដុល្លារ ខណៈអង្ករ Parboiled Rice មានតម្លៃ ៥៨៥ ដុល្លារ កើនពី ៥៧៥ ដុល្លារ។
ដោយឡែក អង្ករសែនក្រអូប Standard Fragrant Rice (SKO) មានតម្លៃ ៧៦៥ ដុល្លារក្នុង ១ តោន កើនពី ៧៥៦ ដុល្លារ ក្នុង ១ តោន។
លោក ចាន់ ពេជ្រ ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Signature of Asia កត់សម្គាល់ថា ក្នុងរយៈពេល ៣ ខែដើមឆ្នាំនេះតម្លៃអង្ករកម្ពុជានៅទីផ្សារអន្តរជាតិពុំបានប្រែប្រួលច្រើនគួរឱ្យកត់សម្គាល់នោះទេបើធៀបនឹងចុងឆ្នាំ ២០២០។
លោកនិយាយថា៖ «តម្លៃអង្ករលើទីផ្សារអន្តរជាតិប្រែប្រួលតិចតួច ដោយសារតែការបញ្ជាទិញពុំសូវមានច្រើនទេ»។
លោកឱ្យដឹងទៀតថា ទោះបីជាយ៉ាងណាបរិមាណនៃការនាំចេញរបស់ក្រុមហ៊ុន Signature of Asia ទៅទីផ្សារអឺរ៉ុបមានភាពល្អប្រសើរបន្តិចនៅក្នុងខែមីនានេះ គឺមានចំនួន ២ ០០០ តោន ដោយកើនឡើងពាក់កណ្តាលបើធៀបនឹងខែកុម្ភៈកន្លងទៅ។
លោកថ្លែងថា៖ «ជាយោបល់ផ្ទាល់ខ្លួន ខ្ញុំគិតថា ការនាំចេញអង្កររបស់កម្ពុជាក្នុងឆ្នាំនេះនឹងមិនខុសពីឆ្នាំមុនប៉ុន្មានទេ»។
ជាមួយគ្នានេះលោកយល់ថា រនាំងដែលធ្វើឱ្យរាំងស្ទះដល់ការនាំចេញអង្ករពីកម្ពុជាពេលនេះគឺតម្លៃដឹកជញ្ជូនទៅអឺរ៉ុប ដែលកំពុងបន្តហក់ឡើងយ៉ាងខ្ពស់ គឺចន្លោះពី ៤ ០០០ ទៅ ៥ ០០០ ដុល្លារ ក្នុង ១ កុងតឺន័រ (ប្រភេទ ២០ ហ្វីត)។ តម្លៃនេះកើនពីចន្លោះ ៨០០-១ ០០០ ដុល្លារកាលពីឆ្នាំមុន។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ មេគង្គ អូរីហ្សា ត្រេឌីង បានសង្កេតឃើញថា តម្លៃអង្ករនាំចេញមានការកើនឡើងបន្តិចនៅចុងត្រីមាសទី១ ឆ្នាំនេះ។ លោកនិយាយថា៖ «តម្លៃអង្ករឡើងដោយសារតម្លៃដឹកជញ្ជូនខ្ពស់ ហើយកុងតឺន័រក៏ខ្វះផងដែរ ពិសេសទៅអឺរ៉ុប និងអាមេរិក។ ជាមួយគ្នានេះតម្លៃស្រូវក៏ឡើងថ្លៃខ្លះក្នុងឆ្នាំនេះ»។
យោងតាមទិន្នន័យពី CRF ក្នុងរយៈពេល ២ ខែដំបូងដើមឆ្នាំ ២០២១ កម្ពុជាបាននាំចេញអង្ករក្នុងទឹកប្រាក់ ៦៤,៥៣ លានដុល្លារ ក្នុងបរិមាណ ៧៦ ២២២ តោន ធ្លាក់ចុះ ៤៤,១៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០។
CRF បញ្ជាក់ថា៖ «ការថយចុះនេះគឺបណ្តាលមកពីហេតុផលចម្បងដោយសារកង្វះកុងតឺន័រ និងតម្លៃដឹកជញ្ជូនតាមផ្លូវសមុទ្រនៅបន្តឡើងខ្ពស់រហូតដល់ជិត ៥០០ ភាគរយនៃតម្លៃដឹកជញ្ជូនឆ្នាំ ២០១៩»។
CRF ឱ្យដឹងទៀតថា ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ២ ខែនេះគឺប្រទេសចិនគ្រប់គ្រងចំណែកទីផ្សារ ៤៩,៣៧ ភាគរយ (៣៧ ៦៣០ តោន) សហភាពអឺរ៉ុប (១៨ ប្រទេស) មាន ២៤, ៩១ ភាគរយ (១៨ ៩៩៦ តោន) បណ្តាប្រទេសអាស៊ាន ៨ ភាគរយ (៦ ២២៩ តោន) និងទិសដៅផ្សេងៗទៀត ១៨ ភាគរយ (១៣ ៣៦៧ តោន)។
កាលពីឆ្នាំ ២០២០ កម្ពុជាបាននាំចេញអង្ករសរុប ៦៩០ ៨២៩ តោនកើនឡើង ១១,៤០ ភាគរយធៀបនឹងឆ្នាំ ២០១៩។ នេះបើតាម CRF៕