ក្រុងរ៉ូមៈ តម្លៃ​អាហារ​ពិភពលោក​បាន​កើនឡើង ២,៧ ភាគរយ​នៅ​ខែវិច្ឆិកា ធៀប​នឹង​ខែតុលា​ដែល​ត្រូវបាន​ជំរុញ​ដោយ​ការកើនឡើង​ខ្លាំង​នៃ​តម្លៃ​សាច់ និង​ប្រេងឆា​។ នេះ​បើ​យោងតាម​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​អង្គការ​សហប្រជាជាតិ (FAO)​។

ការកើនឡើង​តម្លៃ​អាហារ​នេះ​មួយផ្នែក​ដោយសារ​ការឡើង​ចុះ​នៃ​សន្ទស្សន៍​អាហារ​របស់​អង្គការ FAO ដែល​បាន​មើលឃើញ​តម្លៃ​កើនឡើង​រយៈពេល ៥ ​ខែ​ក្នុង​ឆ្នាំ​នេះ ក្រោយមក​បាន​ធ្លាក់ចុះ​ ៣ ​ខែ​ ជាប់​គ្នា​មុនពេល​កើនឡើង​វិញ​ក្នុង​រយៈពេល​ ៣ ​ខែ​បន្ទាប់មក​។ សន្ទស្សន៍​តម្លៃ​រួម​បច្ចុប្បន្ននេះ​កើនឡើង ៩,៥ ភាគរយ​ ធៀប​នឹង​កម្រិត​នៅ​ឆ្នាំ​ ២០១៨​។

តម្លៃ​គ្រាប់​ធញ្ញជាតិ​ដែល​ជា​សមាសធាតុ​សំខាន់បំផុត​ក្នុង​សន្ទស្សន៍​នេះ បាន​ធ្លាក់ចុះ ១,២ ភាគរយ​ នៅ​ខែវិច្ឆិកា ខណៈ​ដែល​តម្លៃ​ស្រូវ​សាលី​បាន​ធ្លាក់ចុះ​ដោយសារ​ការប្រកួតប្រជែង​ខ្លាំង​ពី​ប្រទេស​នាំចេញ​នានា ហើយ​តម្លៃ​ស្រូវ​បាន​ថយចុះ​ដោយសារ​តម្រូវការ​ទាប​។ ទន្ទឹមនឹង​នេះដែរ តម្លៃ​ពោត​មាន​ការប្រែប្រួល​តិចតួច​ធៀប​នឹង​ខែតុលា​។

តម្លៃ​ទឹកដោះគោ​ភាគច្រើន​មិន​ប្រែប្រួល​ឡើយ​នៅ​ខែវិច្ឆិកា ហើយ​តម្លៃ​ស្ករស​បាន​កើនឡើង ១,៨ ភាគរយ​ ដោយសារ​សេចក្តី​រាយការណ៍​នានា​ថា ការប្រើប្រាស់​ស្ករស​នៅក្នុង​ពិភពលោក​ក្នុង​ឆ្នាំ​នេះ និង​ឆ្នាំក្រោយ​អាច​កើន​លើស​តម្រូវការ​។

ប៉ុន្តែ​ការប្រែប្រួល​តម្លៃ​ខ្លាំង​បំផុត​នោះ​គឺ​សន្ទស្សន៍​រង​សម្រាប់​ប្រេងឆា​ដែល​បាន​កើនឡើង ១០,៤ ភាគរយ​ ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល ១៨ ​ខែ​។ អង្គការ FAO បាន​ឲ្យ​ដឹងថា តម្លៃ​ប្រេងដូង សណ្តែកសៀង គ្រាប់រ៉េបស៊ីដ និង​គ្រាប់​ផ្កាឈូករ័ត្ន សុទ្ធតែ​បាន​ឡើង​ថ្លៃ​ដោយសារ​តម្រូវ​ការកើនឡើង​។

តម្លៃ​សាច់​បាន​កើនឡើង ៤,៨ ភាគរយ ខណៈ​ពេល​ដែល​តម្រូវការ​សាច់គោ និង​សាច់​ពពែ​បាន​កើនឡើង​ដោយសារ​ការស្ទុះ​ងើប​តម្រូវការ​ដែល​ភាគច្រើន​តម្រូវការ​មកពី​ប្រទេស​ ចិន​។

សន្ទស្សន៍​តម្លៃ​អាហារ​របស់​អង្គការ FAO ប្រចាំ​ខែ​មាន​មូលដ្ឋាន​លើ​តម្លៃ​ប្រភេទ​ទំនិញ​អាហារ​ចំនួន ២៣ ​មុខ​ នៅ​ទូទាំង​ពិភពលោក​ដែល​គ្របដណ្តប់​លើ​តម្លៃ​ផលិតផល​ផ្សេងៗ ៧៣ ​មុខ​ធៀប​នឹង​ឆ្នាំ​មូលដ្ឋាន​៕ People''s Daily/KC