ភ្នំពេញៈ តម្លៃ​ឥដ្ឋ​បាន​កើនឡើង​យ៉ាង​ខ្លាំង​ធៀប​នឹង​រយៈពេល​មួយ​ឆ្នាំ​កន្លងមក និង​បាន​បន្ត​កើនឡើង​ក្នុង​អំឡុង​ ២ ​ខែ​ដំបូង​ឆ្នាំ​នេះ ដែល​ភាគច្រើន​ដោយសារ​កំណើត​តម្រូវការ​ពី​ទីក្រុង​ព្រះសីហនុ​ដែល​អភិវឌ្ឍ​យ៉ាង​រហ័ស​។

ឥដ្ឋ ១០ ០០០ ​ដុំ​មាន​តម្លៃ​ប្រហែល​ ១៨០ ​ដុល្លារ​កាលពី​ដើម​ឆ្នាំ​ ២០១៧ ប៉ុន្តែ​តម្លៃ​នោះ​បាន​កើនឡើង​ជាង​ ២ ​ដង ហើយ​នៅពេល​នេះ​មាន​តម្លៃ​ជិត​ដល់​ ៤០០ ​ដុល្លារ​។ នេះ​បើ​យោង​តាម​ប្រធាន​សមាគម​ឡឥដ្ឋ​ ២ ​ដែល​តំណាង​ឲ្យ​ឡឥដ្ឋ​ជាង​​ ១០០ នៅ​ខេត្ត​កណ្ដាល​។ លោក​ថ្លែង​ថា​៖ «​តម្រូវការ​ឥដ្ឋ​ដុំ​នៅ​ឆ្នាំ​នេះ​កំពុង​កើនឡើង​ខ្លាំង​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៧ ហើយ​ជាពិសេស​មាន​អ្នក​ទិញ​ជាច្រើន​មកពី​ខេត្ត​ព្រះសីហនុ​»​។

លោក​បន្ត​ថា​៖ «​កាលពី​ពេល​កន្លង​មក យើង​តែងតែ​មាន​ឥដ្ឋ​នៅ​សល់​នៅក្នុង​សិប្បកម្ម​សម្រាប់​លក់ ប៉ុន្តែ​ពេល​នេះ​មិន​មាន​នៅ​សល់​ទេ អ្នក​លក់​ជាច្រើន​មក​ទិញ​យក​ទាំងអស់​»​។

តម្លៃ​ឥដ្ឋ​មួយ​បាឡែត​ដែល​មាន​ចំនួន ១០ ០០០ ​ដុំ​បាន​កើនឡើង​ជាង ១០០ ​ដុល្លារ​គ្រាន់តែ​រយៈពេល​ ២ ​ខែ​មុន​។ នេះ​បើ​តាម​លោក ឈាង ស៊ុយហ៊ាង​។

លោក​ថ្លែង​ថា​នៅ​ពេល​នេះ​តម្លៃ​ខ្ពស់​ខ្លាំង ដោយសារ​តែ​កំណើន​រយៈពេល​ខ្លី​នៅ​ដើម​ឆ្នាំ​ ២០០៨ បាន​បណ្ដាល​ឲ្យ​តម្លៃ​លើស​ពី​ ៧០០ ​ដុល្លារ​។

លោក ពូន គ្រី ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ​ពូនគ្រី​នៅ​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​បាន​ថ្លែង​ថា​កំណើន​តម្រូវការ​ចំពោះ​ក្រុម​វិនិយោគិន​ជនជាតិ​ចិន​នៅ​ក្រុង​ព្រះសីហនុ​ដែល​កំពុង​ទិញ​ឥដ្ឋ​ដើម្បី​សាងសង់​អគារ​ខ្ពស់ៗ សណ្ឋាគារ និង​កាស៊ីណូ​។

ប៉ុន្តែ​ខណៈ​តម្លៃ​កាន់តែ​ខ្ពស់ និង​តម្រូវការ​កាន់តែ​ធំ​ដែល​ជា​ធម្មតា​មាន​ន័យ​ថា ប្រាក់​ចំណេញ​កាន់តែ​ច្រើន វា​មិនមែន​ជា​ព័ត៌មាន​ល្អ​ទាំងអស់​នោះ​ទេ​សម្រាប់​ក្រុមហ៊ុន​ផលិត​ឥដ្ឋ​កម្ពុជា​។

តម្លៃ​វត្ថុធាតុដើម​ដែល​ប្រើប្រាស់​ក្នុង​ការផលិត​ឥដ្ឋ​បាន​កើនឡើង​ផង​ដែរ ហើយ​ការស្វែងរក​កម្លាំង​ពលកម្ម​ជាប់លាប់​មួយ​ជួនកាល​មាន​ការ​ពិបាក​ផង​ដែរ​។ នេះ​បើ​យោង​តាម​លោក ពូន គ្រី​។

លោក​ថ្លែង​ថា​៖ «​ការផលិត​ឥដ្ឋ​គឺជា​ប្រភេទ​អាជីវកម្ម​មួយ​ដែល​ត្រូវការ​កម្មករ​ច្រើន ហើយ​យើង​តែងតែ​មាន​ការពិបាក​ក្នុង​ការ​ដោះស្រាយ​ប្រាក់​ចំណូល​ដ៏ច្រើន​របស់​កម្មករ នៅ​ពេល​មាន​ការបញ្ជា​ទិញ​កាន់តែ​ច្រើន​ពី​អតិថិជន​»​។

លោក​បន្ត​ថា​៖ «​បញ្ហា​ប្រឈម​របស់​យើង​នៅពេល​នេះ​គឺ​យើង​មិន​មាន​កម្មករ​គ្រប់គ្រាន់​ដើម្បី​ជួយ​ដល់​ពួកយើង​ក្នុង​ការផលិត​ឥដ្ឋ​គ្រប់គ្រាន់​ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​នោះ​ទេ​»​។

កាលពី​ខែ​ធ្នូ ឆ្នាំ​ ២០១៦ អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក លីកាដូ បាន​ចេញ​ផ្សាយ​របាយការណ៍​ចោទប្រកាន់​ការរីករាល​ដាល​ការ​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នៃ​ទាសភាព​បំណុល និង​កម្លាំង​ពលកម្ម​កុមារ​នៅក្នុង​សិប្បកម្ម​ឡឥដ្ឋ ដោយ​ផ្អែក​តាម​ការធ្វើ​បទសម្ភាស​ជាមួយ​កម្មករ​ជាង​ ៥០ ​នាក់​នៅ​តាម​ការដ្ឋាន​ផលិត​ឥដ្ឋ​ជុំវិញ​ទីក្រុង​ភ្នំពេញ និង​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​។

របាយការណ៍​នេះ​មាន​ចំណងជើង​ថា «​កសាង​លើ​ទាសភាព​» បាន​ឲ្យ​ដឹង​ថា​៖ «​ទាសភាព​បំណុល​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ដោយ​ម្ចាស់​សិប្បកម្ម ជា​មធ្យោបាយ​ធានា​ខ្លួន​ពួកគេ​រយៈពេល​វែង ដែល​ជា​កម្លាំង​ពលកម្ម​មាន​តម្លៃ​ទាប និង​ការ​ធ្វើ​តាម​ពួកគេ​»​។

ប៉ុន្តែ​ការបញ្ជាក់​ក្នុង​របាយការណ៍​នេះ​ត្រូវ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ដោយ​លោក អ៊ិត សំហេង រដ្ឋមន្ដ្រី​ក្រសួង​ការងារ​ដែល​បាន​ចោទប្រកាន់​អង្គការ​នេះ​ពី​បទ​ការ​ប្រឌិត​រឿង និង​បាន​គំរាម​ជាមួយ​នឹង​វិធានការ​ច្បាប់​។

ផលប៉ះពាល់​ដោយសារ​តម្លៃ​ឥដ្ឋ​កាន់តែ​ខ្ពស់​កំពុង​ធ្លាក់​ទៅ​ដល់​ផ្នែក​ផ្សេង​ទៀត​របស់​វិស័យ​សំណង់​ផង​ដែរ ទោះបី​កំណើន​តម្រូវការ​ជារួម​សម្រាប់​សេវា​សំណង់​ប៉ះប៉ូវ​ការចំណាយ​បន្ថែម​ក៏ដោយ​។

លោក នេត សុធា ម្ចាស់​អាជីវកម្ម​ផ្គត់ផ្គង់​សម្ភារ​សំណង់ ធា ស្រ៊ុន នៅ​ទីក្រុង​ភ្នំពេញ ភាគច្រើន​លក់​ឲ្យ​អ្នក​ប្រើប្រាស់​រាយ និង​មាន​ឥដ្ឋ​ប្រហែល​ ៥០ ០០០ ដុំ​ប៉ុណ្ណោះ​ក្នុង​រយៈពេល​មួយ​ខែ​។

លោក នេត សុធា បាន​ថ្លែង​ថា​លោក​កំពុង​លក់​ឥដ្ឋ​ក្នុង​​តម្លៃ​ ៥១០ ​ដុល្លារ​ក្នុង​ឥដ្ឋ ១០ ០០០ ​ដុំ ដែល​កើនឡើង​ជាង​ ២០ ​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៧ ហើយ​រាល់​សប្ដាហ៍​តម្លៃ​បាន​បន្ត​កើនឡើង​ប្រហែល​​ ៣០ ​ដុល្លារ​។

លោក​បន្ថែមថា វា​កំពុង​ប៉ះពាល់​ដល់​អតិថិជនរ​បស់​លោក​ដែល​ភាគច្រើន​ក្នុង​ចំណោម​ពួកគេ​ទាំង​នោះ​ធ្វើ​​ការងារ​ឲ្យ​ការដ្ឋាន​សំណង់​ទ្រង់ទ្រាយ​តូចៗ​។ លោក​ថ្លែង​ថា​៖ «​បើ​វា​គ្រាន់តែ​តម្លៃ​ឥដ្ឋ​មួយ វា​មិនគួរ​ជា​បញ្ហា​ធំ​នោះ​ទេ ប៉ុន្ដែ​​ខ្ញុំ​បាន​អង្កេត​ឃើញ​ថា តម្លៃ​សម្ភារ​សំណង់​ផ្សេង​ទៀត​គឺ​កាន់តែ​ខ្ពស់​ផង​ដែរ​»​។

លោក​បញ្ជាក់​ថា ប្រសិន​បើ​អ្នក​ម៉ៅការ​បន្ត​យល់​ព្រម​លើ​គម្រោង​ក្នុង​តម្លៃ​កាលពី​ឆ្នាំ​ ២០១៧ ពេល​នេះ​ពួកគេ​អាច​ត្រូវ​ប្រឈម​នឹង​ការចំណាយ​កាន់​តែ​ខ្ពស់ និង​កម្រិត​ប្រាក់​ចំណេញ​កាន់តែ​តិច ឬ​ថែម​ទាំង​ខាត​ទៀត​ផង ដោយសារ​តែ​ការ​កើនឡើង​តម្លៃ​។

ប៉ុន្តែ​ផលប៉ះពាល់​ដោយ​ការ​កើន​តម្លៃ​សម្ភារ​ត្រូវ​បាន​​ប៉ះប៉ូវ​ដោយ​កំណើន​តម្រូវការ​សម្រាប់​ក្រុមហ៊ុន​សាងសង់​។ នេះ​បើ​តាម​លោក ជីវ ស៊ីវផេង លេខាធិការ​សមាគម​អ្នក​សាងសង់​កម្ពុជា​។ លោក​ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា សេដ្ឋកិច្ច​កំពុង​កើនឡើង​ប្រកប​ដោយ​ស្ថិរភាព ហើយ​ប្រជាជន​មាន​ប្រាក់​ចំណូល​កាន់តែ​ច្រើន​ដែល​អាច​ទិញ​ផ្ទះ ដែល​ជំរុញ​កំណើន​ក្នុង​ការសាងសង់​»​។

លោក​បាន​បន្ត​ថា​៖ «​ទោះបី​ជា​តម្លៃ​ផ្ទះ​បន្ត​កើនឡើង​បន្តិចបន្តួច​ក៏ដោយ ក៏​ប្រជាជន​នៅ​តែ​ហ៊ាន​ទិញ​ផ្ទះ​ទាំង​នោះ​ផង​ដែរ ដោយសារ​តែ​ពួកគេ​មាន​ប្រាក់​ចំណូល​កាន់តែ​ខ្ពស់ និង​មាន​ជម្រើស​ដូចជា​ការ​បង់​រំលោះ​ជាដើម​»៕ LA