The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - តម្លៃ​កៅស៊ូ​នៅ​កម្ពុជា​ធ្លាក់​ចុះ​​ខ្លាំង

តម្លៃ​កៅស៊ូ​នៅ​កម្ពុជា​ធ្លាក់​ចុះ​​ខ្លាំង

តម្លៃ​កៅស៊ូ​នៅ​កម្ពុជា​ធ្លាក់​ចុះ​​ខ្លាំង

130731_12
កម្មករកំពុងចាក់ជ័រកៅស៊ូទៅក្នុងធុងនៅចម្ការកៅស៊ូជុប

ភ្នំពេញៈ គិត​មក​ដល់​ថ្ងៃ​នេះ​តម្លៃ​កៅស៊ូ​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​បើ​ប្រៀប​ធៀប​កាល​ពី​បី​ខែ​មុន ស្រប​ពេល​តម្លៃ​នៅ​ទីផ្សារ​អន្តរជាតិ​នៅ​តែ​បន្ត​ធ្លាក់​ចុះ។

លោក ហេង ស្រេង នាយក​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ បឹងកេត នៅ​ខេត្ត កំពង់ចាម​បាន​ឲ្យ​ដឹង​ថា តម្លៃ​កៅស៊ូ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ពោល​គឺ​ធ្លាក់​ចុះ​ពី ៣១០០ ដុល្លារ ក្នុង​មួយ​តោន (សម្រាប់​គុណភាព​លេខ​មួយ) កាល​ពី​ដើម​ខែ​មីនា​ឆ្នាំ​នេះ មក​នៅ​ត្រឹម ២ ១០០ ដុល្លារ​ក្នុង​មួយ​តោន​គិត​ត្រឹម​ថ្ងៃ​ទី៣០ កក្កដា។ លោក​អះអាង​ថា​៖«តម្លៃ​មាន​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​។ វា​មិន​ទាន់​ជា​បញ្ហា​ធំ​នៅ​ឡើយ តែ​ប្រសិន​បើ​វា​នៅ​បន្ត​ធ្លាក់​ចុះ​ជាង​នេះ​ទៀត​ឬ អាច​ធ្លាក់​ក្រោម​ពីរ​ពាន់​ដុល្លារ​ក្នុង​មួយ​តោន វា​នឹង​ប៉ះ​ពាល់​ខ្លាំង»។

លោក ម៉ែន សុភ័ក្រ អគ្គ​នាយក​រង​ចម្ការ​កៅស៊ូ ជប់ ជា​ក្រុមហ៊ុន​នាំ​ចេញ​កៅស៊ូ​ធំ​មួយ​នៅ​កម្ពុជា លើក​ឡើង​ថា តម្លៃ​កៅស៊ូ​នាំ​ចេញ​កាល​ពី​ថ្ងៃ​ម្សិលមិញ​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ តែ​ការ​នាំ​ចេញ​ក្នុង​អំឡុង​រយៈ​ពេល ៦ ខែ​ដំបូង​ឆ្នាំ​នេះ​នៅ​បន្ត​កើន​ឡើង បើ​ធៀប​ទៅ​កាល​ពី ៦​ខែ​ដំបូង​ឆ្នាំ​មុន។ លោក​មិន​បាន​បញ្ជាក់​ពី​តួលេខ​ជាក់​ស្តែង​ក្នុង​ការ​នាំ​ចេញ​ក្នុង​អំឡុង ពេល ៦ ខែ​នេះ​នោះ​ទេ។

លោក​បន្ត​ថា៖ «ការ​ធ្លាក់​ចុះ​នេះ​កំពុង​ប៉ះពាល់​ដល់​ផលិតភាព​ប្រកួត​ប្រជែង ក្នុង​ការ​នាំ​ចេញ ហើយ​នឹង​ធ្វើ​ឲ្យ​ប្រាក់​ចំណេញ​ថយ​ចុះ ព្រោះ​ថ្លៃ​ដើម​ផលិត​នៅ​ខ្ពស់​»។

ទីភ្នាក់ងារ Reuters បាន​រាយការណ៍​កាល​ពី​ម្សិលមិញ​ថា តម្លៃ​កៅស៊ូ​នៅ​ទីផ្សារ​បណ្តា​ប្រទេស​អាស៊ាន បាន​ធ្លាក់​ចុះ​ដោយ​សារ​ការ​ផ្គត់​ផ្គង់​ច្រើន​ជាង​តម្រូវ​ការ​ហើយ​ស្រប​ពេល​ជាមួយ​គ្នា ថៃ​ដែល​ជា​ប្រទេស​ផ្គត់​ផ្គង់​កៅស៊ូ​សំខាន់​មួយ​ក្នុង​តំបន់ ត្រៀម​បញ្ចេញ​កៅស៊ូ​ក្នុង​ស្តុក​នៅ​ចុង​ឆ្នាំ​នេះ​ដែរ។

លោក Stephen V. Evans អគ្គ​នាយក​ទូទៅ​វិទ្យាស្ថាន​សិក្សា និង​ស្រាវជ្រាវ​ពី​ផលិតកម្ម​កៅស៊ូ (IRSG) ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស សិង្ហបុរី បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ តាម​រយៈ​សារ​អេឡិច​ត្រូនិក​ថា ដោយ​សារ​កម្ពុជា​មិន​ទាន់​មាន​រោងចក្រ​កែច្នៃ​ផលិតផល​ចេញ​ពី​កៅស៊ូ ផលិតកម្ម​កៅស៊ូ​នៅ​កម្ពុជា​ទាំង​ស្រុង​ពឹង​អាស្រ័យ​តែ​លើ​ការ​នាំ​ចេញ​ប៉ុណ្ណោះ។ ដូច្នេះ​តម្លៃ​កៅស៊ូ និង ការ​ផ្គត់​ផ្គង់​ពឹង​អាស្រ័យ​ទាំង​ស្រុង​លើ​ស្ថានភាព តម្រូវ​ការ​លើ​ទីផ្សារ​អន្តរជាតិ។

លោក​បន្ត​ថា៖ «ក្នុង​ករណី​នេះ ការ​ផ្គត់​ផ្គង់​លើស​នៅ​លើ​ទីផ្សារ​ពិភពលោក​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​តម្លៃ​កៅស៊ូ​បើ​យើង​ប្រៀប​ធៀប​តម្លៃ​នា​ពេល​នេះ​ទៅ​កាល​ពី​ដើម​ឆ្នាំ​២០១៣។

តាម​ទិន្នន័យ​ពី (IRSG) ក្នុង​អំឡុង​រយៈ​ពេល ៦ ខែ​ដំបូង​ឆ្នាំ​នេះ​កម្ពុជា​នាំ​ចេញ​កៅស៊ូ​សរុប ៣៧ ៣០០ តោន កើន ៦២ ភាគរយ​បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​ពី​ឆ្នាំ​មុន មាន ២៣ ០០០ តោន៕

អត្ថបទគួរចាប់អារម្មណ៍