
ប៉ៃលិនៈ តម្លៃដំឡូងមីនៅ ខេត្តប៉ៃលិន នៅរដូវប្រមូលផលនេះមានការកើនឡើងបន្តិច ខណៈទិន្នផលធ្លាក់ចុះដោយសារបញ្ហាអាកាសធាតុ។ នេះបើតាមការឲ្យដឹងពីមន្ត្រីមន្ទីរកសិកម្ម ខេត្តប៉ៃលិន។
លោក ឆេន ឆិន អនុប្រធានមន្ទីរកសិកម្ម ខេត្តប៉ៃលិន មានប្រសាសន៍កាលពីម្សិលមិញថា ដោយសារតែភ្លៀងធ្លាក់ និងទឹកជំនន់ក្នុង ខែកញ្ញា រហូតដល់ តុលា កាលពី ឆ្នាំ២០១៣ បានធ្វើឲ្យទិន្នផលដំឡូងមីនៅរដូវនេះធ្លាក់ចុះ។
លោកបន្តថា៖ « ការប្រមូលផលដំឡូងមីរដូវនេះថយពី ៣០ តោន ក្នុងមួយហិកតាមកត្រឹម ២៥ តោនក្នុងមួយហិកតាដោយសារឆ្នាំមុនភ្លៀងធ្លាក់ច្រើនដែលធ្វើឲ្យដំឡូងមីដែលឡើងម្សៅទៅហើយនោះទៅជារលួយ»។
លោកបន្តថា៖ «ថ្លៃដំឡូងហាលស្ងួតកើនពី ៤៩០ រៀលទៅ ៧៥០ រៀលហើយដំឡូងស្រស់កើនពី ១៥០ រៀលទៅ ៣០០ រៀលក្នុងមួយគីឡូក្រាម»។
លោកបន្ថែមថា ថ្លៃដែលកើនឡើងបន្តិចនេះគឺដោយសារការកើនឡើងនៃអ្នកទិញក្នុងស្រុកស្តុកទុកដើម្បីនាំចេញ និងក្រុមហ៊ុនប្រមូលទិញដំឡូងមីធំពីរដែលទើបតែមានវត្តមានក្នុង ខេត្តប៉ៃលិន ដែលកាត់បន្ថយការពឹងផ្អែករបស់កសិករលើទីផ្សាររបស់ ថៃ។
លោកបន្តថា៖ «ទើបតែ ឆ្នាំ២០១៣ ទេដែលយើងឃើញមានក្រុមហ៊ុន ម៉ាឡេស៊ី និងក្រុមហ៊ុន ចិន ឈរចាំទិញដំឡូងមីពីកសិករ និងអ្នកប្រមូលទិញក្នុងស្រុកស្តុកទុកសម្រាប់នាំចេញ»។
កសិករ ខេត្តប៉ៃលិន ភាគច្រើនបានផ្លាស់ប្តូរពីការដាំពោតមកដាំដំឡូងមីវិញ។ នេះបើតាមការឲ្យដឹងពីលោក ឆេន ឆិន។
តួលេខពីមន្ទីរកសិកម្ម ខេត្តប៉ៃលិន បង្ហាញថា ផ្ទៃដីដាំដុះសរុបក្នុងខេត្តមានចំនួន ៣៧ ០០០ ហិកតា ក្នុងនោះ ៨០ ភាគរយជាផ្ទៃដីដាំដុះដំឡូងមី។ ជាមធ្យមក្នុងដីមួយហិកតាកសិករទទួលបានទិន្នផលដំឡូងមីពី ៣០ ទៅ ៤០ តោន។
លោក មាស ម៉ុល កសិករដែលដាំដំឡូងមីលើដី ៥០ ហិកតាឲ្យដឹងថា កាលពី ៥ឆ្នាំ មុន តម្លៃដំឡូងមីស្រស់ធ្លាក់នៅត្រឹម ១២០ រៀលដោយសារតម្រូវការទីផ្សារនៅ ថៃ ធ្លាក់ចុះដែលបង្ខំឲ្យកសិករលក់កសិផលរបស់ខ្លួន បើទោះជាមិនចំណេញក៏ដោយព្រោះត្រូវការទុនបង្វិល។ លោកសង្ឃឹមថា តម្លៃនឹងរក្សាលំនឹងសម្រាប់រដូវប្រមូលផលឆ្នាំក្រោយ។
លោក តាំង ឈុនអន កសិករដាំដំឡូងមីដែរនោះនិយាយថា ភ្លៀងកាលពីឆ្នាំមុនបានធ្វើឲ្យខូចខាតដំណាំដំឡូងមីរបស់លោកអស់មួយចំនួនធំ។ លោកបន្តថា តម្លៃល្អក្នុងរដូវប្រមូលផលនេះបានស្រោចស្រង់ពីការខាតបង់។ លោកបន្ថែមថា៖ «ទាល់តែបានតម្លៃប៉ុណ្ណឹងទើបកសិករអាចចំណេញខ្លះ ព្រោះត្រូវផាត់ថ្លៃប្រេងសាំង និងកម្មករ ហើយចាំ ១០ ខែឯណ្ណោះទំរាំបានផល»។
រដូវប្រមូលផលដំឡូងមីនៅ ខេត្តប៉ៃលិន ចាប់ផ្តើមពី ខែធ្នូ ដល់ ខែមេសា។ ដំឡូងមីស្រស់ និងស្ងួតត្រូវបានលក់ទៅឲ្យអ្នកប្រមូលទិញក្នុងស្រុកដែលក្រោយមកនឹងត្រូវនាំចេញទៅ ថៃ ម៉ាឡេស៊ី និង ចិន។
លោក មូល សម គណនេយ្យករនៅក្រុមហ៊ុន ចម្រើនជ័យ ឲ្យដឹងថា ក្រុមហ៊ុនលោកទិញដំឡូងមីពី ២ ម៉ឺនទៅ ៦ ម៉ឺនតោនពីកសិករ។
លោកស្វាគមន៍វត្តមានក្រុមហ៊ុនប្រមូលទិញរបស់ ម៉ាឡេស៊ី និង ចិន ទោះជាវាបន្ថែមការប្រកួតប្រជែងក៏ដោយ។ លោកបន្តថា៖ «ពីមុនក្រុមហ៊ុនខ្ញុំធំជាងគេក្នុងតំបន់នេះ តែឥឡូវតូចវិញហើយ។ ទិន្នផលឆ្នាំនេះធ្លាក់ចុះតែតម្លៃល្អ។ នេះជារឿងល្អសម្រាប់កសិករ»៕