
ភ្នំពេញៈ ការផ្គត់ផ្គង់និងការទិញដូរមាសគីឡូនៅបន្តមានកំណើន និងស្ថិរភាពល្អ ប៉ុន្តែតម្លៃមាសមានការថយចុះយ៉ាងខ្លាំងរហូតដល់ ២៧ ភាគរយ បើប្រៀបធៀបពីតម្លៃកាលពីម្សិលមិញ ទៅតម្លៃគោលកាលពីខែមករា។
តាមរបាយការណ៍ពីតម្លៃទំនិញសំខាន់របស់ក្រសួងពាណិជ្ជកម្មកម្ពុជាតម្លៃមាសក្នុងមួយ តម្លឹងកាលពីម្សិលមិញ ១ ៥៦០ ដុល្លារ គឺធ្លាក់ចុះប្រមាណ ២៧ ភាគរយ ពី ១ ៩៩៥ ដុល្លារក្នុងមួយតម្លឹង ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០១៣។
អ្នកស្រី សៀង លីម បុគ្គលិកក្រុមហ៊ុន លីហួរ ដែលជាហាងប្តូរប្រាក់ និងទិញលក់មាសធំមួយនៅកម្ពុជាបានឲ្យដឹងថា តាមពិតទៅសកម្មភាពជួញដូរមាសនៅមានស្ថិរភាពនិងបន្តមានកំណើនផងដែរដោយសារតម្រូវការក៏មានការកើនឡើង។ តែភាគច្រើននៃអ្នកទិញមាសគឺដើម្បីយកទៅប្រើប្រាស់សម្រាប់លម្អខ្លួន ដូចជា ធ្វើជាគ្រឿងអលង្ការជាដើម ខណៈអ្នកដែលទិញទុកសម្រាប់យកចំណេញមានតិចតួចបំផុត។
អ្នកស្រីបន្តថា៖ តម្លៃមាសនាពេលនេះមានការធ្លាក់ចុះច្រើនបើធៀបទៅកាលពីដើមឆ្នាំ។ នេះជាតម្លៃទាបជាងគេក្នុងអំឡុងពីរ បី ឆ្នាំចុងក្រោយនេះ។ ការធ្លាក់ចុះនេះ មិនមែនបណ្តាលមកពីតម្រូវការ ឬ ការផ្គត់ផ្គង់នៅយើងឡើយ តែវាប្រែប្រួលអាស្រ័យលើទីផ្សារអន្តរជាតិ»។
លោក ច័ន្ទ សុផល អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ បានឲ្យដឹងថា ជាការពិតដែលតម្រូវការ និង ការជួញដូរមាសនៅកម្ពុជាមិនមានឥទ្ធិពលដល់តម្លៃមាសនោះទេ។ តែវាមានការប្រែប្រួល ឡើងឬចុះ អាស្រ័យតាមទីផ្សារអន្តរជាតិប៉ុណ្ណោះ។ ដូច្នេះនៅពេលដែលស្ថានភាពសេដ្ឋកិច្ចពិភពលោក រួមបញ្ចូលទាំងសេដ្ឋកិច្ចសហរដ្ឋអាមេរិកផងនោះកំពុងងើបឡើងវិញ ធ្វើឲ្យសាធារណជនមានទំនុកចិត្តកាន់តែខ្លាំងទៅលើរូបីយប័ណ្ណដុល្លាររបស់ អាមេរិក ខ្លាំងជាងមុន។ កត្តានេះវាបានរួមចំណែកកាត់បន្ថយតម្រូវការមាសនៅលើទីផ្សារ។ លោកបានបន្តថា៖ «តម្លៃមាសបានកើនឡើងយ៉ាងខ្លាំងតាំងពីក្រោយវិបត្តិសេដ្ឋកិច្ចពិភពលោក [ចុងឆ្នាំ ២០០៩ មក] ព្រោះសាធារណជនយល់ថា ការរក្សាមាសទុកគឺជាការល្អដោយសារប្រាក់ដុល្លារអាចមានហានិភ័យខ្ពស់។ តែបច្ចុប្បន្នសេដ្ឋកិច្ចផ្តើមមានស្ថិរភាព ដូច្នេះតម្រូវការមាសក៏ថយចុះវិញ ហើយកាលណាតម្រូវការថយចុះវាក៏ធ្វើឲ្យតម្លៃធ្លាក់ជាងមុនផងដែរ»។
តាមទីភ្នាក់ងារ Bloomberg បានឲ្យដឹងកាលពីម្សិលមិញថា ការជួញដូរមាសចាប់ផ្តើមមានការកើនឡើងតិចតួចឡើងវិញបន្ទាប់ពីធ្លាក់ចុះអំឡុង២សប្តាហ៍ជាប់ៗគ្នាខណៈលោក Ben S. Bernanke ប្រធានធនាគារកណ្តាលអាមេរិកបានប្រកាសថានឹងទិញទ្រព្យសកម្មធនាគារ(មានន័យថា នឹងចាក់បញ្ចូលសាច់ប្រាក់ដុល្លារចូលទៅក្នុងទីផ្សារ) តម្លៃមាសនៅសិង្ហបុរី ជាកន្លែងតំណាងទិញលក់មាសនៅតំបន់អាស៊ាន កាលពីព្រឹកម្សិលមិញ កើនឡើង ១,៣ ភាគរយ។
លោក Jame Steel អ្នកវិភាគប្រចាំ HSBC Securities (USA) Inc ប្រាប់ Bloomberg ថា៖ «អារម្មណ៍វិនិយោគិនដែលប្រែប្រួលគ្រប់ពេលនៅលើទីផ្សារជាកត្តាចម្បងធ្វើឲ្យការជួញដូរនិងតម្លៃមិនអាចរក្សាស្ថិរភាពបាន។ នៅពេលតម្រូវការថយចុះការទប់តម្លៃមិនឲ្យធ្លាក់ចុះបន្ត គឺអាស្រ័យយ៉ាងសំខាន់ដល់ភាពរឹងមាំនៃស្ថានភាពទីផ្សារ៕