The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - តម្លៃ​ម្ហូបអាហារ​នៅ​ថ្ងៃ​ទី​២៨​បាន​ហក់​ឡើង​ខ្ពស់

តម្លៃ​ម្ហូបអាហារ​នៅ​ថ្ងៃ​ទី​២៨​បាន​ហក់​ឡើង​ខ្ពស់

តម្លៃ​ម្ហូបអាហារ​នៅ​ថ្ងៃ​ទី​២៨​បាន​ហក់​ឡើង​ខ្ពស់

130730_12
អាជីវករបានចាប់ផ្តើមអាជីវកម្មរបស់ខ្លួនខ្លះៗវិញហើយកាលពីថ្ងៃម្សិលមិញ ហុង មិនា

ភ្នំពេញៈ ប្រជាជន​នៅ​ភ្នំពេញ​បាន​ផ្អើល​ទិញ​អង្ករ មី​កញ្ចាប់ គ្រឿង​ឧបភោគបរិភោគ​ផ្សេង​ៗ​ដែល​អាច​ទុក​បាន​យូរ​នា​ល្ងាច​ថ្ងៃ​អាទិត្យ​ជា​ថ្ងៃ​បោះឆ្នោត​ថ្នាក់​ជាតិ​របស់​កម្ពុជា​បន្ទាប់ពី​សេចក្តី​រាយការណ៍​ជា​បន្តបន្ទាប់​ក្រៅ​ផ្លូវការ​ថា គណបក្ស​សង្គ្រោះជាតិ​កំពុង​នាំ​មុខ​គណបក្ស​ប្រជាជន​កម្ពុជា​។

ប៉ុន្តែ​ស្ថានភាព​នេះ​បាន​វិល​ត្រឡប់​មក​រក​ស្ថានភាព​ធម្មតា​វិញ​ហើយ​បន្ទាប់ពី​ការ​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​របស់​គ ជ ប ដែល​បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​នៅ​តែ​ឈ្នះ​ការ​បោះឆ្នោត​ស្រប​ពេល​លទ្ធផល​បណ្តោះអាសន្ន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​៦៨​អាសនៈ និង​គណប្ស​សង្គ្រោះជាតិ​ទទួល​បាន​៥៥​អាសនៈ​។

ចាប់​ពី​ព្រឹក​ម្សិលមិញ​តម្រូវការ​និង​តម្លៃ​ទំនិញ​សំខាន់​ៗ​សម្រាប់​ហូបចុក​និង​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​មាន​ស្ថិរភាព​ជា​ធម្មតា​វិញ​។

អ្នកស្រី​ហង់ សាវ៉ន ម្ចាស់​ហាង​លក់​អង្ករ​ម្នាក់​នៅ​ភ្នំពេញ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មាន​ប្រជាជន​ច្រើន​គួរសម​បាន​មក​រក​ទិញ​អង្ករ​ក្នុង​សភាព​ប្រញាប់ប្រញាល់​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​។ គិត​ត្រឹម​តែ​ប្រហែល​ពីរ​ម៉ោង​គាត់​បាន​លក់​អង្ករ​ចេញ​បាន​ប្រហែល​២០​បាវ (ប្រហែល​១​តោន​)​។ តែ​សកម្មភាព​នេះ​ក៏​បាន​ថមថយ​ទៅ​វិញ ហើយ​គិត​ចាប់​ពី​ព្រឹក​ម្សិលមិញ​មក​ដំណើរការ​ទិញ​លក់ មាន​សភាព​ធម្មតា​វិញ​។

អ្នកស្រី​បញ្ជាក់​ថា​៖​«​ចាប់​ពី​ព្រឹក​មក​អ្វី​ៗ​ដំណើរការ​ធម្មតា ហើយ​ឥឡូវ​ទាំង​តម្រូវការ​ទាំង​តម្លៃ​មាន​ដូច​កាល​ពី​មុន​វិញ​លែង​មាន​ឡើង​ចុះ​ខ្លាំង​អី​ទៀត​ហើយ​»។

អាជីវករ​លក់​ត្រី​ឆ្អើរ​ម្នាក់​ក្នុង​ផ្សារ​អូរឫស្សី​ឈ្មោះ​សំ ឆាយ បាន​ឲ្យ​ដឹង​ថា គាត់​ក៏​បាន​ទទួល​ពត៌មាន​ពី​ការ​ផ្អើល​ទិញ អង្ករ មី​ឬ​ទំនិញ​ផ្សេង​ៗ​កាល​ពី​ថ្ងៃ​អាទិត្យ​ដែរ​តែ​អ្វី​ៗ​បាន​ត្រឡប់​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ​តាំងពី​ព្រឹក​ម្សិលមិញ​។ អ្នកស្រី​បាន​លើក​ឡើង​ថា​ការ​ផ្អើល​ទិញ​ទំនិញ​ក្នុង​ចំណោម​ប្រជាជន​តាម​តំបន់​ខ្លះ​នោះ​ប្រហែល​អាច​មកពី​ពួកគាត់​មាន​ការ​ព្រួយបារម្ភ​ពី​ការ​ប្រែប្រួល​ស្ថានភាព​នយោបាយ​ពេល​លទ្ធផល​បោះឆ្នោត​ត្រូវ​បាន​ប្រកាស​។

កាល​ពី​ល្ងាច​ថ្ងៃ​អាទិ​ត្យ កម្លាំង​ប្រដាប់អាវុធ ត្រូវ​បាន​ដាក់​ពង្រាយ​តាម​ផ្លូវ​នានា​ក្បែរ​ភូមិគ្រឹះ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​។

មាន​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ​មួយ​ចំនួន​រត់​ទៅ​ទិញ​ម្ហូប​អាហារ​ដក​ប្រាក់​ពី​ម៉ាស៊ីន អេធីអឹម​ខណៈ​ដែល​អ្នក​ខ្លះ​ទៀត​បាន​យក​រថយន្ត​និង​ម៉ូតូ​សម្រុក​ទៅ​ចាក់​សាំង​ទុក​។

លោក ខេង ទីតូ អ្នក​នាំពាក្យ​កងរាជអាវុធហត្ថ​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​វា​ជា​រឿង​ធម្មតា​សម្រាប់​កង​ប្រដាប់អាវុធ​ក្នុង​ការ​ការពារ​សន្តិសុខ​ក្រោយ​ការ​បោះឆ្នោត​។ លោក​បន្ត​ថា​៖​«​យើង​បាន​ដាក់​ពង្រាយ​កង​ប្រដាប់​អាវុធ​ដើម្បី​ការពារ​សន្តិសុខ​ក្រោយ​បោះឆ្នោត​។ យើង​នឹង​ដក​កងកម្លាំង​ប្រដាប់អាវុធ​កាលណា​យើង​ទទួល​បាន​បញ្ជា​»។

កាល​ពី​ម្សិលមិញ តម្លៃ​ទំនិញ​ម្ហូប​អាហារ​សំខាន់​ៗ​ដូចជា អង្ករ មីកញ្ចប់ ត្រីងៀត ជាដើម​មាន​តម្លៃ​ធម្មតា​វិញ​ហើយ​ខណៈ​តម្រូវការ​ក៏​មាន​សភាព​ប្រក្រតី​ដែរ​។

អ្នកស្រី​អៀរ ណៃ ម្ចាស់​តូប​លក់​ទំនិញ​ម្នាក់​ទៀត​នៅ​ក្នុង​ផ្សារ​អូរឫស្សី​បាន​និយាយ​ថា បន្ទាប់ពី​មាន​ព័ត៌មាន​ថា​មាន​ការ​ផ្អើល​ទិញ​អង្ករ មី ហើយ​ធ្វើ​ឲ្យ​ថ្លៃ​ទំនិញ​កើនឡើង​គិត​ចាប់​ពី​ព្រឹក​ម្សិលមិញ​មក ស្ថានភាព​ទីផ្សារ​មិន​មាន​អ្វី​ជា​ការ​ព្រួយបារម្ភ​នោះ​ទេ​។ អ្នកស្រី​បន្ត​ថា​៖ «​វា​ដំណើរ​ធម្មតា​លែង​មាន​ផ្អើល​ទៀត​ហើយ​»។

លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្ហាញ​ថា​គណបក្ស​ប្រជាជន​ទទួល​បាន​អាសនៈ​ចំនួន​៦៨​អាសនៈ ខណៈ​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​គូ​ប្រជែង បាន​អាសនៈ​ចំនួន​៥៥ អាសនៈ ប៉ុន្តែ​គណបក្ស​សង្គ្រោះជាតិ​កាលពី​ថ្ងៃ​ចន្ទ​បាន​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​នេះ៕​

អត្ថបទគួរចាប់អារម្មណ៍