The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តម្លៃ​អង្ករម្លិះ​កម្ពុជា​កំពុង​ធ្លាក់​ចុះ​ខណៈ​ថៃ​គ្រោង​បញ្ចេញ​ពី​ស្តុក

តម្លៃ​អង្ករម្លិះ​កម្ពុជា​កំពុង​ធ្លាក់​ចុះ​ខណៈ​ថៃ​គ្រោង​បញ្ចេញ​ពី​ស្តុក

តម្លៃ​អង្ករម្លិះ​កម្ពុជា​កំពុង​ធ្លាក់​ចុះ​ខណៈ​ថៃ​គ្រោង​បញ្ចេញ​ពី​ស្តុក

20140303_12
អង្ករម្លិះវេចខ្ចប់សម្រាប់នាំចេញរបស់ក្រុមហ៊ុនក្នុងស្រុកមួយ ប៉ុស្តិ៍

ភ្នំពេញៈ គេហទំព័រ Oryza ដែល​បោះ​ផ្សាយ​អំពី​ឧស្សាហកម្ម​អង្ករ​បង្ហាញ​ថា តម្លៃ​អង្ករ​ក្រអូប​កម្ពុជា​សម្រាប់​នាំ​ចេញ​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង នៅក្នុង​រយៈពេល​ពីរ​ខែ​ដើម​ឆ្នាំ​នេះ​។ អ្នក​នៅក្នុង​ឧស្សាហកម្ម​អង្ករ​បារម្ភ​ថា តម្លៃ​អាច​នឹង​បន្ត​ធ្លាក់​ចុះ​រហូត​ប្រទេស​ថៃ​បញ្ចេញ​អង្ករ​អស់​ពី ស្តុក​។

កាលពី​ឆ្នាំ​២០១១ លោកស្រី​នាយករដ្ឋមន្ដ្រី​ថៃ យីងឡាក់​ស៊ីណាវ៉ាត្រា ចាប់ផ្ដើម គម្រោង​កិច្ចសន្យា​ទិញ​ស្រូវ​ពី​កសិករ​ក្នុង​តម្លៃ​ខ្ពស់​ជាង​ទីផ្សារ ជា​គម្រោង​ដែល​គេ​មើល​ឃើញ​ថា បាន​បង្ក​ភាព​ចម្រូងចម្រាស​ដល់​ទីផ្សារ​អង្ករ​សកល​នៅក្នុង​ពេល បច្ចុប្បន្ន​នេះ​។

ថៃ កំពុង​ស្តុក​អង្ករ​ជាង​១០ លាន​តោន និង​ត្រៀម​បញ្ចេញ​លក់​ក្នុង​ទីផ្សារ​បន្ទាប់ពី​អង្ករ​ក្នុង​ឃ្លាំង​។ អត្ថបទ​ដែល​ចុះ​ផ្សាយ​ដោយ​ទំព័រ Oryza សរសេរ​ថា រដ្ឋាភិបាល​ថៃ​នឹង​បញ្ចេញ​យ៉ាង​ហោច​ណាស់​១​លាន​តោន​ក្នុង​មួយ​ខែ ចាប់ពី​ខែ​មករា ដល់ ខែ​មីនា​ឆ្នាំ​២០១៤​។

តម្លៃ​អង្ករ​ហូម​ម្លិះ​ថៃ ពេល​នេះ​ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ ៩៥៥​ដុល្លារ​ក្នុង​មួយ​តោន ធ្លាក់​ចុះ​១៧​ភាគរយ​ធៀប​នឹង​តម្លៃ​នៅ​ខែ​ធ្នូ ឆ្នាំ​មុន​។

តួលេខ ចុងក្រោយ​ពី Oryza បង្ហាញ​ថា អង្ករ​ផ្កា​ម្លិះ​របស់​កម្ពុជា​ថ្លៃ​៨៨៥​ដុល្លារ​ក្នុង​មួយ​តោន​គិត ត្រឹម​ចុង​ខែ​កុម្ភៈ ធ្លាក់​ចុះ​៧​ភាគរយ​ធៀប​នឹង​តម្លៃ​៩៥០​ដុល្លារ​ក្នុង​មួយ​តោន​កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន​។

អ្នក​អង្កេត​និយាយ​ថា ការ​ធ្លាក់​ថ្លៃ​របស់​អង្ករ​ផ្កាម្លិះ​កម្ពុជា​បណ្ដាល​មកពី​ការ ផ្គត់ផ្គង់​អង្ករ​ហូម​ម្លិះ​របស់​ថៃ​ទៅ​ក្នុង​ទីផ្សារ​ក្នុង​តម្លៃ​ទាប និង​បរិមាណ​ច្រើន​លើសលប់ ក្នុង​បំណង ដោះស្រាយ​វិបត្តិ​បំណុល​ដែល​រដ្ឋាភិបាល​ថៃ​ត្រូវ​សង​ទៅ​ប្រជាកសិករ​វិញ​នោះ​។

លោក កាន់ គន្ធី អគ្គនាយក​ក្រុមហ៊ុន Battambang Rice Investment បាន​ថ្លែង​ថា​៖ « នេះ​គឺជា​ការ​បារម្ភ​សម្រាប់​ទាំង​គ្នា​នៅក្នុង​ឧស្សាហកម្ម​អង្ករ នៅពេល​នេះ​»។ លោក​លើក​ឡើង​ថា ការ​លក់​បាន​ធ្លាក់ចុះ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។

លោក​បាន​បន្ត​ថា ទំហំ​នៃ​ការ​នាំ​ចេញ​នៅក្នុង​រយៈពេល​ពីរ​ខែ ដំបូង​គឺជា​ការ​បញ្ជា​ទិញ​នៅ​សល់​ពី​កាលពី​ឆ្នាំ​មុន។ លោក​បញ្ជាក់​ថា រហូត​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ការ​បញ្ជា​ទិញ​អង្ករ​សម្រាប់​ឆ្នាំ​ថ្មី​នេះ​នៅ ឡើយ​ទេ​។

លោក​បន្ថែម​ថា​៖ «​យើង​មិន​មាន​ជម្រើស​ផ្សេង​ទៀត​ក្រៅពី​បន្ទាប​តម្លៃ​អង្ករ​របស់ យើង​នោះ​ទេ ទោះ​បី​ជា​យើង​ត្រូវតែ​បង្កើន​ការ​ខាតបង់​ក៏ដោយ នៅពេល​តម្លៃ​ចុះ​កាន់តែ​ទាប​ជាង​តម្លៃ​នៅ​ពេល​នេះ មិន​អ៊ីចឹង​មិន​មាន​គេ​ទិញ​អង្ករ​ពី​យើង​ទេ​»។

លោក លឹម ប៊ុនហេង ជា​ម្ចាស់​ក្រុមហ៊ុន​ឡូរ៉ង់ ថ្លែង​ថា ការ​ធ្លាក់​ចុះ​អង្ករ​ក្រអូប​នៅក្នុង​ទីផ្សារ​នេះ​ទំនង​ជា​ធ្វើ​ឲ្យ ប៉ះពាល់ មិន​គ្រាន់តែ​រោង​ម៉ាស៊ីន​កិនស្រូវ និង​ក្រុមហ៊ុន​នាំ​ចេញ​ប៉ុណ្ណោះ​ទេ​។

លោក​បញ្ជាក់​ថា​៖ «​តម្លៃ​អង្ករ​កាន់តែ​ថោក​ក៏​មាន​ន័យ​ថា តម្លៃ​ស្រូវ​ដែល​រោង​ម៉ាស៊ីន​នឹង​ទិញ​ពី​កសិករ​ក៏​កាន់តែ​ថោក​ផង​ដែរ។ យើង​មិន​អាច​ទិញ​ស្រូវ​មាន​តម្លៃ​ថ្លៃ និង​លក់​វា​នៅក្នុង​តម្លៃ​កាន់តែ​ថោក​បាន​នោះ​ទេ​»​។

លោក បន្ត​ថា ការ​នាំ​ចេញ​របស់​ក្រុមហ៊ុន​លោក​ធ្លាក់​ចុះ​ប្រមាណ​៣០​ភាគរយ​ក្នុង រយៈពេល​២​ខែ​ដំបូង​នៅ​ឆ្នាំ​នេះ​។ លោក​បន្ថែម​ថា​៖ «​ថៃ​កំពុង​លក់​អង្ករ​របស់​ខ្លួន​ក្នុង​តម្លៃ​ទាប ដូច្នេះ​អ្នក​ទិញ​ក៏​កំពុង​ប្តូរ​ទៅ​ទិញ​អង្ករ​ថៃ​ដែរ»។

កាលពី​ខែ មករា ឆ្នាំ ២០១៣ ការ​នាំ​ចេញ​មាន​២៥ ៧០០ តោន ប៉ុន្តែ​នៅ​ខែ​មករា​ឆ្នាំ​នេះ ការ​នាំ​ចេញ​បាន​ថយ​ចុះ​នៅ​ត្រឹម ២១ ៥០០ តោន​។

លោកស្រី ចន្ធី អ្នកវិភាគ​សេដ្ឋកិច្ច​ឲ្យ​ដឹង​ថា អ្នក​នាំ​ចេញ គួរ​តែ​បន្ថយ​ល្បឿន​ក្នុង​ការ​នាំ​អង្ករ​ក្រអូប​ចេញ​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ឲ្យ ស្ថានភាព​តម្លៃ​នៅក្នុង​ទីផ្សារ​មាន​ប្រសើរ​ឡើង​បន្តិច​។ លោក​ថា​៖ «​ថ្លៃ​ធ្លាក់​ព្រោះ​អង្ករ​ថៃ​កំពុង​ចាល់​ក្នុង​ទីផ្សារ​»។

លោក ព្យាករ​ថា ស្ថានភាព​ទីផ្សារ​ស្រូវ​អង្ករ​សកល​នឹង​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​ពេល ៣​ទៅ​៤ ខែ​ខាង​មុខ​៕PB

អត្ថបទគួរចាប់អារម្មណ៍